ចៅប្រុសមេភូមិដែលរងរបួសក្នុង ការបាញ់ប្រហារបានស្លាប់

ប៉ូលិស​​​បាន​​​និយាយ​​​ថា ចៅ​​​​​​ប្រុស​​​របស់​​​លោក​​​មេភូមិ​​​​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ ក្រុង​​​ភ្នំពេញ ដែល​​​ទទួល​​​រង​​​​​​របួស​​​ជា​​​ទម្ងន់​​​​​​ក្នុង​​​ការ​​​បាញ់​​​ប្រហា​​​រកាល​​​ពី​​​ម្សិល​​​មិញ បាន​​​ស្លាប់​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​​​​កាល​​​ពី​​​យប់​​​មិញ​​​នេះ​​​។

កាល​​​ពី​​​ម្សិល​​​មិញ ជម្លោះ​​​រវាង​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ម្នាក់​​​ និង​​​មេ​​​ភូមិ​​​​​​ក្នុង​​​សង្កាត់​​​ទួល​​​ស្វាយ​​​ព្រៃ​​​​​​ទី​​​១ ខណ្ឌ​​​​​​ចំការ​​​មន បាន​​​ក្លាយ​​​ជា​​​ហិង្សា នៅ​​​ពេល​​​ដែល​​​​​​មន្ត្រី​​​នោះ​​​បាន​​​ដក​​​កាំភ្លើង​​​ខ្លី​​​បាញ់​​​សម្លាប់​​​​​​មេភូមិ​​​ និង​​​​​​​​​កូន​​​ប្រុស​​​គាត់ ហើយ​​​ធ្វើ​​​ឲ្យ​​​របួស​​​​​​ចៅ​​​​​​ប្រុស​​​របស់​​​គាត់។

យោង​​​តាម​​​វិប​​​សាយ​​​នគរ​​​បាល​​​ជាតិ​​​ឲ្យ​​​ដឹង​​​ថា មេភូមិ​​​​​​ឈ្មោះ ជុក ឡាយ អាយុ ៦២ឆ្នាំ​​​បានស្លាប់ ភ្លាមៗ នៅកន្លែងកើតហេតុ និងកូនប្រុស​​​គាត់​​​ឈ្មោះ​​​ ប៊ុន លឿន អាយុ ២៨ឆ្នាំ បានស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ និង​​​​​​​​​​​​ឡាយ រិទ្ធី អាយុ ១៨ឆ្នាំដែល​​​ត្រូវ​​​ជា​​​ចៅ​​​មេភូមិ បាន​​​រង​​​របួសធ្ងន់ ​​​ចំណែក​​​ឯ​​​ជន​​​សង្ស័យ​​​ឈ្មោះ ​​​កែវ ​​​សុ​​​វណ្ណារិទ្ធ អាយុ​​​២៧ឆ្នាំ កំពុង​​​​​​សង្គ្រោះ​​​​​​នៅមន្ទីរ​​​ពេទ្យកាល់​​​ម៉ែត។

វិប​​​សាយ​​​​​​នគរ​​​បាល​​​ជាតិ​​​និយាយ​​​ថា ទំនាស់​​​​​​​​​បាន​​​កើត​​​ឡើង​​​ដោយ​​​សារ​​​​​​​​​ជនរង​​​គ្រោះ​​​នាំកូន​​​ និងចៅ​​​ទៅរករឿង​​​ជនសង្ស័យ​​​ដល់ផ្ទះ ដោយមាន​​​ដៃកាន់ដាវ​​​ចំនួន២ដើម​​​ ហើយកាប់ទៅ​​​លើជន​​​សង្ស័យ​​​ជាច្រើន​​​កាំបិត ទើបធ្វើ​​​ឱ្យជន​​​សង្ស័យ​​​រូប​​​នេះ ដកកាំភ្លើង​​​ពីចង្កេះ​​​​​​បាញ់ទៅ​​​លើជនរងគ្រោះ​​​បណ្តាល​​​​​​​​​​​​​​​​​​​​​​​​ឱ្យ​​​​​​ស្លាប់​​​ពីរនាក់ និងរបួសធ្ងន់​​​ម្នាក់​​​។

កញ្ញា ប៊ុន ស្រី​​​ពៅ អាយុ​​​១៩​​​ឆ្នាំ ជា​​​កូន​​​ស្រី​​​ពៅ​​​លោក ជុក ឡាយ បាន​​​និយាយ​​​ថា ឡាយ រិទ្ធី​​​​​​បាន​​​ស្លាប់​​​កាល​​​ពី​​​​​​យប់​​​មិញ​​​នេះ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត ដោយសារ​​​​​​តែ​​​របួស​​​ធ្ងន់​​​ពេក។

កញ្ញា ប៊ុន ស្រី​​​ពៅ បាន​​​អំពាវ​​​នាវ​​​ដល់​​​សមត្ថ​​​កិច្ច​​​​​​​​​ជួយ​​​ស្វែង​​​រក​​​យុត្តិ​​​ធម៌​​​ឲ្យ​​​គ្រួសារ​​​របស់​​​នាង​​​ផង។​​​

កំពុង​​​រៀប​​​ចំ​​​ពិធី​​​បុណ្យ​​​សព​​​ជូនឪពុក បង​​​ប្រុស និង​​​ក្មួយ​​​ប្រុស​​​របស់​​​នាង​​​​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ កញ្ញា ប៊ុន ស្រី​​​ពៅ បាន​​​និយាយ​​​ថា “ជន​​​ល្មើស​​​បាន​​​បាញ់​​​សម្លាប់​​​ឪពុក​​​ខ្ញុំ​​​ បង​​​ប្រុស​​​ខ្ញុំ និង​​​ក្មួយ​​​ខ្ញុំ​​​​​​យ៉ាង​​​ព្រៃ​​​ផ្សៃ ហើយ​​​សូម​​​​​​ឲ្យ​​​សមត្ថ​​​កិច្ច​​​ជួយ​​​​​​រក​​​យុត្តិ​​​ធម៌​​​​​​ឲ្យ​​​គ្រួសារ​​​ខ្ញុំ​​​ផង”។​​​​​​​​​​​​​​​

លោក នួន សានិត្យ នាយ​​​រង​​​ការិយា​​​ល័យ​​​នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ​​​ក្រុង​​​ភ្នំពេញ បាន​​​និយាយ​​​ថា សមត្ថកិច្ច​​​បានឃាត់​​​ខ្លួន​​​ជន​​​​​​​​​សង្ស័យ​​​​​​​​​ម្នាក់​​​​​​គឺ​​​ កែវ ​​​វណ្ណារ៉ា អាយុ ៣៤ឆ្នាំ​​​ ហើយ​​​​​​ប៉ូលិស​​​​​​ក៏​​​កំពុង​​​យាម​​​​​​ជន​​​សង្ស័យ ​​​កែវ ​​​សុ​​​វណ្ណារិទ្ធ ដែល​​​កំពុង​​​ទទួល​​​ការ​​​ព្យាបាល​​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​៕​​​​​​

The post ចៅប្រុសមេភូមិដែលរងរបួសក្នុង ការបាញ់ប្រហារបានស្លាប់ appeared first on ខេមបូឌា ដេលី.