​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​សំបុក​ពាក់​ព័ន្ធករណី​ប៉ុនប៉ង​រំលោភ​ និង​​​ប្លន់​​ទ្រព្យសម្បត្តិបុគ្គលិក​កាស៊ីណូម្នាក់

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មុន​នេះ​បន្តិច ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បំបែកសំបុក​ជនសង្ស័យ​មួយ​ក្រុម​ ដោយ​ឃាត់ខ្លួន​មនុស្៦​នាក់​ ក្នុង​នោះ​ស្រី​ម្នាក់ ពាក់​ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​ និង​ប្លន់​យក​ទ្រព្យសម្បត្តិ​ស្ត្រី​បុ​គ្គ​លិក​ចេញពី​ធ្វើការ​កាស៊ីណូ​ម្នាក់​ និង​នាំ​នាង​ទៅ​ទុក​ចោល​ក្នុង​ព្រៃ ​កាលពី​វេលា​ទៀប​ភ្លឺ​​ ​ថ្ងៃ​ទី១៧ ​ធ្នូ ២០១៥​​ នៅ​ភូមិ​ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​។

ជនសង្ស័យ​ទាំងអស់​ខាងលើ​មិន​ទាន់​ត្រូវ​គេ​បង្ហាញ​អត្តសញ្ញាណ​ទេ​ ព្រោះ​សមត្ថកិច្ច​កំពុង​សួរនាំ​នៅឡើយ​។ ស្ត្រី​ឈ្មោះ​ញឹ​ម ​វ៉ា​ន់​ឌី​ អាយុ​54​ឆ្នាំ ​ប្រាប់​កោះសន្តិភាព​ថា​ កូនស្រី​របស់​គាត់​​កាលពី​វេលា​ទៀប​ភ្លឺ​ ចេញពី​ធ្វើការ​កាស៊ីណូ​ត្រូវ​មនុស្ស​មួយ​ក្រុម​ចាប់​អូស​ចូល​ទៅ​ស្ថា​នី​យរថភ្លើង​ចាស់​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ​ដោះយក​អស់ទ្រព្យ​សម្បត្តិ​ ហើយ​ជនសង្ស័យ​ខ្លះ​ធ្វើ​សកម្មភាព​ប៉ុន​ប៉ង​រំលោភ​ជន​រង​គ្រោះ​ទៀត​ផង​ តែ​មិន​បាន​សម្រេច​ដោយ​សារនាង​រើ​បំ​រះ​។

បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​ដឹក​នារី​រង​គ្រោះ​​តាម​ម៉ូតូ​ទៅ​ទុក​ចោល​ក្នុង​ព្រៃ​ លុះ​ព្រឹក​ថ្ងៃ​ទី១៧ ធ្នូ ​ទើប​មាន​អ្នក​រត់ម៉ូតូឌុប​ម្នាក់​ជួប​ជួយ​នាំ​មក​ផ្ទះ​វិញ​ ទើប​បែក​រឿង​ឈាន​ដល់​សមត្ថកិច្ច​ក្របួច​បាន​ទាំង​សំបុក​តែ​ម្តង​។ ស្ត្រី​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើបាប​នាង​មាន៤នាក់​ ស្រី​ម្នាក់​។ ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​និយាយ​ថា​ ករណី​ខាងលើ​ជា​អំពើ​​ប្លន់​​៕