ពិធី​ផ្សព្វផ្សាយ ​ស្តី​ពីការ​រួម​គ្នា​​​បង្ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​

ខេត្តកំពង់ឆ្នាំង ៖ «លោកគ្រូ អ្នកគ្រូ គួរតែ​ក្រើន​រំ​ឭ​កពី​ផល​ប៉ះពាល់ការ​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​រៀង​រាល់មុន​ពេល​ចាប់​បង្រៀន​ដល់​សិស្ស និង​ពេល​គោរព​ទង់ជាតិ​ក្នុង​សាលា» លោក សៀត គឹ​ម​លាង អភិបាលរង​ខេត្ត​ បាន​មាន​ប្រសា​ស​ន៏​បែប​នេះ ក្នុង​ពិ​ធី​ផ្សព្វផ្សាយ ​ស្តី​ពីការ​រួម​គ្នាបង្ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​គ្រឿងញៀន ​ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​វិទ្យាល័យព្រះបាទ​សុរា​ម្រឹត នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ​ ឆ្នាំ២០១៥ ដោយមានការ​ចូលរួម​ពី​មន្ត្រី​រាជការ និង​សិស្សានុ​​សិស្ស​ចំនួន៩៨៧នាក់ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ជុន ថា​រិ​ទ្ឋ ស្នងការ​រង​នគរបាល​ខេត្ត បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​បទល្មើសគ្រឿងញៀន៩០ករណី ក្នុង​នោះ មាន​ការ​​ជួញដូរ និង​ចែកចាយ៦២​ករណី និង​ប្រើប្រាស់​២៨​ករណី ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២០០​នាក់ (​ស្រី​២៣) ។​ ចំណែក​​វត្ថុតាងដែល​រឹបអូស​​បាន រួម​​មាន​ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក (ICE) ៤២៦ កញ្ចប់​ មាន​ទម្ងន់៣៩៧,៨២​ក្រាម​  ថ្នាំ​ម៉ា​គ្រាប់​ពណ៌ផ្កាឈូក១០.១៧៣​គ្រាប់ ជញ្ជីង​​១០​ អាវុធ​កែ​​ច្នៃ៦​ដើម កាំ​បិត​ចុង​ស្រួច១៦ និង​ឧ​បរ​ណ៏​​សម្រាប់​ជក់​មួយចំនួន ។ ​ជាមួយ​គ្នានេះ​ដែរ​ ដកហូត​បាន​រថយន្ត​ចំនួន​៣​គ្រឿង ម៉ូតូ​៨១​គ្រឿង ទូរស័ព្ទ​ដៃ​១៦៣​គ្រឿង វិទ្យុទាក់ទង​៣​គ្រឿង និងប្រាក់​ខ្មែរ៨.១៩២.០០០​រៀល​ផង​ដែរ​ ។

ជា​ចុងបញ្ចប់ លោកស្នងការ​រង ក៏​បាន​សំណូមពរ ស្នើ​សុំ​បង្កើតឱ្យ​​មាន​មជ្ឈមណ្ឌល​ស្តារ​និ​តិសម្បទា ដើម្បី​បន្សាប​និង​កែប្រែ​អ្នក​ញៀន​ថ្នាំនៅ​ក្នុង​ខេត្តបាន​មួយ​កន្លែង និង​ស្នើ​សុំ​ឱ្យ​​ប្រជាពលរដ្ឋ យុវវ័យ សិស្សានុ​សិស្ស និង​មន្ត្រីរាជការ ​ចូលរួម​​ចំណែក​​ក្នុង​ការ​ប្រ​យុ​ទ្ឋ​ប្រឆាំង នៃ​ការ​រីក​រាលដាលនៃ​គ្រឿងញៀន​នេះ​ផង​ដែរ ៕    ​