ក្រសួង​អប់រំ​ជំរុញ​សាលា​បណ្ដុះបណ្ដាល​បង្កើត​កម្មវិធី​សិក្សា​តាម​អនឡាញ


ក្រសួង​អប់រំ​ជំរុញ​សាលា​បណ្ដុះបណ្ដាល​បង្កើត​កម្មវិធី​សិក្សា​តាម​អនឡាញ

ដោយសារ​មើល​ឃើញ​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (E-Learning) អាច​បង្កើន​ប្រសិទ្ធភាព​សិក្សា​របស់​សិស្ស​និស្សិត ក្រសួង​អប់រំ​បាន​ជំរុញ​ដល់​គ្រឹះស្ថាន​សិក្សា​ទាំង​ឡាយ​ឈាន​ទៅ​​ពង្រីក​កម្មវិធី​បណ្ដុះបណ្ដាល​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ក្នុង​វិស័យ​អប់រំ​ឲ្យ​មាន​ការ​លូតលាស់​បន្ថែម​ទៀត។

 

ក្រសួង​អប់រំ​ជំរុញ​សាលា​បណ្ដុះបណ្ដាល​បង្កើត​កម្មវិធី​សិក្សា​តាម​អនឡាញ

 

ឯកឧត្ដម បណ្ឌិត ហង់ ជួន​ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​តាម​អ៊ីនធឺណិត​ជា​ប្រព័ន្ធ​សិក្សា​ថ្មី​ទំនើប ដែល​បាន​ដាក់​អនុវត្ត​យ៉ាង​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ជឿនលឿន​ជាច្រើន​។

 

លោក​បន្ត​ថា ប្រព័ន្ធ​សិក្សា​នេះ​ជា​ជំនួយ​សម្រាប់​និស្សិត​ដែល​មិន​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់​អាច​សិក្សា​ពី​ចម្ងាយ ដែល​ចំណេញ​ពេលវេលា​និង​ផ្តល់​លទ្ធផល​ខ្ពស់​សម្រាប់​ការ​សិក្សា។

 

លោក​ថា កន្លង​ទៅ​មាន​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​បាន​ដាក់​អនុវត្ត​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ E-Learning ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ប្រព័ន្ធ​តាម​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​អនុវត្ត​កាន់​តែ​ទូលំទូលាយ​នៅ​គ្រប់​ស្ថាប័ន​អប់រំ។

 

មជ្ឈមណ្ឌល​ Korea Software HRD ដែល​ជា​មជ្ឈមណ្ឌល​មួយ​ដែល​ទទួល​ស្គាល់​សម្រាប់​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស ក៏​មាន​កម្មវិធី​បង្រៀន​តាម​ប្រព័ន្ធ E-Learning ដល់​សិស្ស​និស្សិត។

 

លោក ចិន ភីរម្យ អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​​មជ្ឈមណ្ឌល​កូរ៉េ​សហ្វវែរ អេច អ ឌី បាន​ឲ្យ​ដឹង​ថា Khmer Academy បាន​ផលិត​វីដេអូ​ចំនួន ៧២៧ វីដេអូ​និង​គ្រោង​ធ្វើ​វីដេអូ​ជា​ច្រើន​ទៀត​ដើម្បី​សិស្ស​និស្សិត​អាច​សិក្សា​ស្រាវជ្រាវ​លើ​អ៊ីនធឺណិត។

 

លោក​បញ្ជាក់​ថា មាន​មុខ​វិជ្ជា​បង្រៀន​ជា​ច្រើន​ដូច​ជា ការ​បង្កើត​កម្មវិធី​លើ​ទូរសព្ទ​ដូចជា ​ iOS , Android , ការ​​បង្កើត​ Website ការ​រចនា​ឌីហ្សាញ រួម​ទាំង​មុខវិជ្ជា​វិទ្យាសាស្រ្ត​សម្រាប់​សិស្សានុសិស្ស​នៅ​កម្រិត​វិទ្យាល័យ។

 

លោក​បន្ត​ថា ការ​នាំ​កម្មវិធី​សិក្សា​តាម​​បែប​ E-Learning ជួយ​ដល់​សិស្ស​និស្សិត​អាច​​សិក្សា​ស្វែង​យល់​​និង​​រៀន​ដោយ​ខ្លួន​ឯង​ ដើម្បី​អាច​បណ្ដុះ​ស្មារតី​សម្រាប់​ការ​សិក្សា​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត។

 

 ក្រសួង​អប់រំ​ជំរុញ​សាលា​បណ្ដុះបណ្ដាល​បង្កើត​កម្មវិធី​សិក្សា​តាម​អនឡាញ

 

នៅ​ព្រឹកមិញ​នេះ មជ្ឈមណ្ឌល​ Korea Software HRDបាន​ចុះ​អនុសារណៈ​យោគយល់​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នៅ​ក្នុង​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

គោល​បំណង​សំខាន់​នៃ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​គឺ​ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ ចូលរួម​ចែក​រំលែក​ធនធាន​នៅ​កម្ពុជា​តាមរយៈ​កម្មវិធី​សិក្សា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (E-Learning) ដែល​អាច​ជួយ​ដល់​ការសិក្សា​ស្រាវជ្រាវ​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល។

 

 

អត្ថបទ៖ រក្សា