បិទ​ចរាចរណ៍​មុខ​អង្គរវត្ត​និងទន្លេអុំរៀបចំ​ពិធី​សាសនា​លើកកម្ពស់​វិស័យ​ទេសចរណ៍

សៀមរាប៖ អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី១៦ខែធ្នូ ថា​ខ្លួន​នឹង​បិទ​ចរាចរណ៍​មួយ​ល្ងាច នៅខាងមុខ​ប្រាសាទអង្គរវត្ត និងខ្លោងទ្វារទន្លេអុំ  ដើម្បី​រៀបចំ​ពិធី​វប្បធម៌ បែប​សាសនា​មួយ ក្នុងគោលដៅលើកកម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា។

ចរាចរណ៍​នៅ​បណ្តោយ​ផ្លូវ​ខាងមុខ​ប្រាសាទអង្គរវត្ត ចាប់ពី​ត្រង់ចំណុច​កែង​ផ្លូវ​ស្នងការ​នគរបាល​ការពារ​បេតិកភណ្ឌ និង​កន្លែង​ឆែក​សំបុត្រ​មកពី​ព្រលានយន្តហោះ នឹងត្រូវ​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង ១និង៣០នាទី ដល់​ម៉ោង ៦ល្ងាច ថ្ងៃទី១៩ ធ្នូ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

ក្នុង​សេចក្តីជូនដំណឹង​ដដែល​នោះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ប្រាប់​ពី​គោលដៅ​ទី២ ដែល​គ្រោង​នឹង​បិទ នៅ​ថ្ងៃ​បន្ទាប់។ ចំណុច​នោះ គឺ​នៅ​ខ្លោងទ្វារ​ទន្លេ​អុំ។ ចរាចរណ៍​អាចធ្វើ​ដំណើរ​ចេញ​ជំនួស​ខ្លោងទ្វារ​ទន្លេ​អុំ តាម​ច្រក​ខ្លោងទ្វារ​ជ័យ ដី​ឆ្នាំង ឫ​ខ្លោងទ្វារ​តា​កាវ។ អាជ្ញាធរ​នឹង​ចាប់ផ្តើម​បិទ នៅ​ម៉ោង១២ថ្ងៃត្រង់ រហូតដល់​ម៉ោង ៦និង៣០នាទី​ល្ងាច ថ្ងៃទី ២០ ធ្នូ។

អាជ្ញាធរ​ជាតិ​អប្សរា ស្នើ​ឲ្យ​អ្នកពាក់ព័ន្ធ មាន​សមាគម ​ទីភ្នាក់ងារ​ទេសចរណ៍ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ទាំងអស់ ធ្វើការ​យោគយល់ ព្រោះថា ខ្លួន​នឹង​សហការ​ជាមួយ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា ដើម្បី​រៀបចំ​ពិធី​បូជា​ប្រទីប​នៅមុខ​ប្រាសាទអង្គរវត្ត និង​រាបបាត្រ​ព្រះសង្ឃ ៣០០០អង្គ នៅ​លានជល់ដំរី។ ក្រៅពី​កម្មវត្ថុ​ទាំងនេះហើយ កម្មវិធី​នេះ ធ្វើឡើង​ក្នុង​បំណង​ផ្សព្វផ្សាយ​ពីស​ក្កា​នុព​ល​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ ឲ្យ​កាន់តែច្រើន​ថែមទៀត៕