ក្រុមហ៊ុន អាយ​អិន​ជី ហូ​ឌី​ង យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​លើដី​របស់​ប្រជាពលរដ្ឋ​

ភ្នំពេញ: នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ នេះ ក្រុមហ៊ុន អាយ​អិន​ជី ហូ​ឌី​ង បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​លើដី​របស់​ប្រជាពលរដ្ឋ នៅ​សង្កាត់​ព្រែក​ថ្លឹង ខណ្ឌដង្កោ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ផ្ទុះ​ការតវ៉ា និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដក​គ្រឿងចក្រ​ចេញពី​លើដី​របស់​ពួកគាត់​។

​ប្រជាពលរដ្ឋ​ម្ចាស់​ដី បាន​ឲ្យ​ដឹងថា ដោយសារតែ​អាង​អំណាច​មន្ត្រីប៉ូលិស​ពាក់​ផ្កាយ​ម្នាក់ នៅ​ក្រសួងមហាផ្ទៃ និង​ឧកញ៉ា​ម្នាក់ ទើបបានជា​ក្រុមហ៊ុន អាយ​អិន​ជី ហូ​ឌី​ង មិន​ខ្លាចញញើត​នឹង​ច្បាប់ យក​គ្រឿងចក្រ​ទៅ​ដាល់​លើដី​ប្រជាពលរដ្ឋ​ទាំង​បំពាន និង​មិន​ព្រម​ដោះស្រាយ​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​។​

​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុមហ៊ុន អាយ​អិន​ជី ហូ​ឌី​ង ទទួលបាន​សិទ្ធិ​ក្នុង​ការធ្វើ​ផ្លូវ​សម្តេច​តេ​ជោ ដែលមាន​ទទឹង ៦០​ម៉ែត្រ និង​បណ្តោយ​ជាង ៩​គីឡូម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​ផ្លូវ​២៧១ ទៅ​ផ្លូវជាតិ​លេខ​២​។ ក៏ប៉ុន្តែ​ក្រុមហ៊ុន មិនបាន​ដោះស្រាយ​ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​នោះទេ​។​

​ប្រជាពលរដ្ឋ​បានធ្វើការ​អំពាវនាវ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយ​ធ្វើ​អន្តរាគមន៍​ដល់​ពួកគាត់​ផង​៕​