ពលរដ្ឋ​ឃុំ​ច្បារអំពៅ​ខេត្ត​កំពង់ចាម​ស្នើសុំ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​យក​អណ្ដូង​ទឹក​ដាក់​រួម

ប្រជាពលរដ្ឋ​នៅ​ឃុំ​ច្បារអំពៅ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ស្នើ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​អណ្ដូង​ទឹក ដែល​ពលរដ្ឋ​ធ្លាប់​ប្រើ​កន្លង​មក​ឲ្យ​បាន​ប្រើប្រាស់​ដូច​ដើម​វិញ។ ការ​ស្នើ​នេះ ក្រោយ​ពេល​អណ្ដូង​ទឹក​នោះ ត្រូវ​ពលរដ្ឋ​មួយ​គ្រួសារ​បិទ​របង​មិន​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត​អាច​ចូល​ប្រើប្រាស់​បាន ក្រោម​ហេតុផល​ថា អណ្ដូង​ទឹក គឺ​ស្ថិត​នៅ​ក្នុង​ប្លង់​ដី​របស់​ខ្លួន។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ច្បារអំពៅ ឃុំ​ច្បារអំពៅ ជាង ៣០០​គ្រួសារ កំពុង​ប្រឈម​បញ្ហា​អត់​ទឹក​ប្រើប្រាស់ បន្ទាប់​ពី​អណ្ដូង​ដែល​ពួក​គាត់​ធ្លាប់​ប្រើ​រួម​នៅ​ក្នុង​ភូមិ​កន្លង​មក ត្រូវ​ពលរដ្ឋ​មួយ​គ្រួសារ​ហាម​ឃាត់​មិន​ឲ្យ​ប្រើប្រាស់​បន្ត​ទៀត​ឡើយ។

ពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ច្បារអំពៅ លោក ហៃ សុខហាច ឲ្យ​ដឹង​ថា អណ្ដូង​ទឹក​ដែល​ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​នោះ គឺ​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ ដែល​ជីក​សម្រាប់​ប្រើប្រាស់​រួម​នៅ​ក្នុង​ភូមិ ពីព្រោះ​អណ្ដូង​នោះ គឺ​មាន​ទឹក​ចេញ​ច្រើន​ជាង​អណ្ដូង​ផ្សេង​ទៀត។ លោក​បន្ត​ថា ជាង ១០​ថ្ងៃ​មក​ហើយ​ដែល​ម្ចាស់​ដី​ឈ្មោះ គ្រាក់ ម៉ី បាន​ចាក់​សោ​របង​មិន​ឲ្យ​ពលរដ្ឋ​យក​ទឹក​ពី​អណ្ដូង​ទៅ​ប្រើប្រាស់​បាន និង​ថែម​ទាំង​គំរាម​កំហែង​អ្នក​ចូល​ទៅ​ប្រើប្រាស់​ទឹក​អណ្ដូង​ទៀត​ផង៖ «ទួល​ខ្ញុំ​មួយ​ហ្នឹង​ប្រហែល​ជា ២០០​គ្រួសារ​ជាង​ហ្នឹង អត់​មាន​អណ្ដូង​ប្រើប្រាស់​ទេ មាន​អណ្ដូង​អង្គការ​ជីក​ឲ្យ តែ​ជីក​អត់​ចេញ​ទឹក»

អណ្ដូង​ទឹក​ជា​ប្រភេទ​អណ្ដូង​ខ្នោះ ដែល​បម្រើ​ប្រយោជន៍​ឲ្យ​មនុស្ស​ទូទៅ​នៅ​ក្នុង​ភូមិ។ បញ្ហា​ទឹក​អណ្ដូង​នេះ ធ្លាប់​កើត​ឡើង​ម្តង​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១៣ ក្រោយ​ពេល លោក គ្រាក់ ម៉ី បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដោយ​ដាក់​បញ្ចូល​ដី​នៅ​បរិវេណ​អណ្ដូង​ផង។ កាល​នោះ អាជ្ញាធរ​ក៏​បាន​ជួយ​អន្តរាគមន៍ ទើប​អ្នក​ភូមិ​អាច​ប្រើប្រាស់​អណ្ដូង​នោះ​ឡើង​វិញ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក គ្រាក់ ម៉ី ដើម្បី​សុំ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ធ្នូ។

យ៉ាង​ណា ជំទប់​ទី​១ ឃុំ​ច្បារអំពៅ លោក ធុច ថុល មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ ៣៧៧​គ្រួសារ កំពុង​អត់​ទឹក​ប្រើប្រាស់ ក្រោយ​ពេល​អណ្ដូង​រួម​របស់​ពួក​គាត់​នៅ​ក្នុង​ភូមិ ត្រូវ លោក គ្រាក់ ម៉ី ចាក់​សោ​របង​មិន​ឲ្យ​ចូល។ លើស​ពី​នេះ លោក​ក៏​ធ្លាប់​ទៅ​ពិភាក្សា​ជាមួយ​ម្ចាស់​ដី​រូប​នោះ សុំ​ឲ្យ​បើក​របង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់​ឡើង​វិញ ប៉ុន្តែ លោក គ្រាក់ ម៉ី មិន​ព្រម​ជា​ដាច់ខាត៖ «បាទ! អត់​ឲ្យ​ទេ ជា​ដាច់ខាត ព្រោះ​កាប់​ម៉ូទ័រ​ប្រជាពលរដ្ឋ​ម្តង​រួច​មក​ហើយ ហើយ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ចូល ដឹង​តែ​ហ៊ាន​ប្រឈម​មុខ​គ្រោះថ្នាក់»

ចំណែក​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ បាន​ទៅ​ដល់​ដៃ​អាជ្ញាធរ​ឃុំ ហើយ​មេ​ឃុំ​ក៏​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​ទៅ​ឲ្យ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ ដើម្បី​កោះ​ហៅ​ពលរដ្ឋ​រូប​នោះ​មក​ជជែក និង​រក​វិធី​ដោះស្រាយ។

ជាមួយ​គ្នា​នេះ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ច្បារអំពៅ លោក មូល សម្បត្តិ មាន​ប្រសាសន៍​ថា ខាង​សមត្ថកិច្ច​នឹង​ជួប​ពិភាក្សា​គ្នា​ជាមួយ លោក គ្រាក់ ម៉ី ដើម្បី​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ អាច​ប្រើប្រាស់​ទឹក​អណ្ដូង​នោះ​ឡើង​វិញ។ លោក​ថា ប្រសិន​បើ​ម្ចាស់​ដី​រូប​នេះ​នៅ​តែ​បដិសេធ ជម្រើស​មួយ​ទៀត គឺ​មាន​តែ​ជីក​អណ្ដូង​កន្លែង​ផ្សេង​ប៉ុណ្ណោះ។

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មើល​ឃើញ​ថា ជា​រឿង​ធ្ងន់ធ្ងរ​មួយ​នៅ​ពេល​ពលរដ្ឋ​ភាគ​ច្រើន​មិន​មាន​ទឹក​ប្រើប្រាស់។ លោក​ថា អ្នក​ភូមិ​អាច​ទាមទារ​អណ្ដូង​នោះ​មក​គ្រប់គ្រង​វិញ​បាន តាម​រយៈ​អាជ្ញាធរ ហើយ​អាជ្ញាធរ​មូលដ្ឋាន​អាច​ធ្វើ​សំណើ​ទៅ​ក្រសួង​សុរិយោដី ដើម្បី​ឲ្យ​សើរើ​ប្លង់​កម្មសិទ្ធិ​ដីធ្លី លោក គ្រាក់ ម៉ី ឡើង​វិញ ពីព្រោះ​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​កន្លង​មក គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​រួម​របស់​អ្នក​ស្រុក។ បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​ត្រូវ​គិតគូរ​រក​កន្លែង​ផ្សេង ដើម្បី​ជីក​អណ្ដូង​ជូន​ពលរដ្ឋ​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។