ឯកឧត្តម សម រង្ស៊ី នៅតែអះអាងថា ប្រជាពលរដ្ឋ ទាមទារ ឲ្យមានការផ្លាស់ប្តូរ

ភ្នំពេញ៖ ជាថ្មីម្តងទៀត ប្រធានគណបក្សសង្រ្គោះជាតិ ឯកឧត្តម សម រង្ស៊ី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ បានថ្លែងអះអាងថា ប្រជាពលរដ្ឋនៅតែទាមទារ ឲ្យមានការផ្លាស់ប្តូរមេដឹកនាំ។

ជារឿយៗ ឯកឧត្តម សម រង្ស៊ី ឲ្យតែស្ថានភាពនយោបាយនៅកម្ពុជា ហាក់មានភាពធូស្រាលនោះ លោកតែងតែដើរញុះញង់ និងបង្កឲ្យមានបញ្ហា មិនចេះមិនចេះហើយ។ ជាក់ស្តែង កាលពីថ្ងៃទី១៦ ធ្នូ កន្លងមក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៣៤រូប បានចូលប្រជុំសភា ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ ដោយបានលើកដៃគាំទ្រទាំងអស់គ្នា។

នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ឯកឧត្តម សម រង្ស៊ី បានបញ្ជាក់ថា “ប្រជាពលរដ្ឋ នៅតែទាមទារជានិច្ច ឲ្យមានការផ្លាស់ប្តូរ”។ ការចូលប្រជុំសភានេះ បានធ្វើឡើងបន្ទាប់ពីឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី៩  ខែធ្នូ បានប្រកាសឲ្យសមាជិករបស់ខ្លួន វិលចូលប្រជុំសភាវិញ ដើម្បីទទួលបានព័ត៌មាន ទាក់ទងនឹងសេចក្តីព្រាងផ្សេងៗ និងសកម្មភាពរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធករណីនេះ លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានថ្លែងថា ក្រោយការវិលត្រឡប់ ចូលប្រជុំសភារបស់ សមាជិកសភាគណបក្ស សង្រ្គោះជាតិ វិញ ស្ថានការណ៍នយោបាយនៅកម្ពុជា នឹងមានសភាពធូស្រាលឡើងវិញ៕

ឯកឧត្តម សម រង្ស៊ី នៅតែអះអាងថា ប្រជាពលរដ្ឋ ទាមទារ ឲ្យមានការផ្លាស់ប្តូរ