នាយឧត្ដមសេនីយ៍ ទៀ បាញ់ គ្មានការបង្កហេតុ ដោយការកាត់សោទ្វារ នៅប្រាសាទព្រះវិហារទេ

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួង ការពារជាតិ បានថ្លែងអះអាងថា គ្មានការ បង្កហេតុណាមួយ ដោយសារការកាត់សោ ច្រកទ្វារព្រំដែនប្រាសាទព្រះវិហារ ដែលធ្វើ ឡើងដោយក្រុមទាហានថៃមួយក្រុម នៅ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៥នោះ ទេ ។

នាយឧត្ដមសេនីយ៍ទៀ បាញ់ បានមានប្រសាសន៍ប្រាប់អ្នកកាសែត ក្រោយពីទទួលបរិក្ខាពេទ្យពីប្រទេសចិន នៅឯមន្ទីរពេទ្យព្រះកេតុមាលាថា ការកាត់សោនោះ គឺធ្វើឡើងជាលក្ខណៈបុគ្គល មិនមែនអង្គភាពណាមួយចាត់តាំងឱ្យទៅធ្វើនោះទេ ។

លោកនាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា “(និ)យាយពីមនុស្សអាចម៍ស្អុយហ្នឹងមិនមែនធម្មតាទេ ជួនកាលវា ធ្វើទៅតាមបំណងរបស់ខ្លួន។ មិនមែនជាការចាត់តាំងពី(អង្គភាពណាមួយ)នោះ ពីនេះក៏ដោយ ជួនកាលវាធ្វើតាមបំណងរបស់ខ្លួន មិនថា តែកន្លែងនោះទេ កន្លែងផ្សេងៗ ដូចយើង ដូចគេអីអីចឹងដែរ។ ជួនកាលវារាងក្រអឺតក្រទមបន្តិច វាចង់ណាណីវា”។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា "បច្ចុប្បន្នយើងកំពុងធ្វើការងារហ្នឹង អីចឹងអត់មានអ្វីនោះទេ កុំយកបញ្ហានឹងទៅធ្វើជាបញ្ហាស្មុគស្មាញ ព្រោះមានហេតុការ ទើបយើងមានលទ្ធភាពធ្វើការងារហ្នឹងឲ្យបានទៅមុខទៀត"។

សូមបញ្ជាក់ថា ទាហានថៃ បានជិះឡានហ្ស៊ីប មកឈររេរ៉នៅមុខខ្លោងទ្វារព្រំដែន រួចក៏កាត់សោច្រវ៉ាក់ កាលពីវេលាម៉ោង១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ រួចគេចខ្លួនបាត់ ហើយបញ្ហានេះ ឧត្ដមសេនីយ៍ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ បានដាក់ បទបញ្ជាឱ្យ ទាហាននៅតាមព្រំដែន ជាពិសេសនៅប្រាសាទព្រះវិហារ បាញ់ប្រហារ ទាហានថៃ ឬកងឈុតខ្មៅ ព្រមទាំងប៉ូលីសថៃ ទាំងឡាយណា ដែលហ៊ានចូលមកកាត់ច្រវ៉ាក់ខ្លោងទ្វារព្រំដែនប្រាសាទព្រះវិហារ ជាថ្មីម្ដងទៀតនៅថ្ងៃណាមួយ៕

នាយឧត្ដមសេនីយ៍ ទៀ បាញ់ គ្មានការបង្កហេតុ ដោយការកាត់សោទ្វារ នៅប្រាសាទព្រះវិហារទេ