រដ្ឋមន្ត្រី​ការពារជាតិ​៖ ករណី​ថៃ​កាត់​សោរ​ទ្វារ​ដែក នៅមុខ​ប្រាសាទព្រះវិហារ មិនមែនជា​រឿង​ធំ​ទេ​

ភ្នំពេញ: ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ដោយ​អះអាងថា ហេតុការណ៍ ដែល​ថៃ​ចូលមក​កាត់​សោរ​ទ្វារ​ដែក នៅមុខ​ប្រាសាទព្រះវិហារ​នោះ មិនមែនជា​រឿង​ធំ​នោះទេ​។

​តាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ រដ្ឋមន្ត្រី​ការពារជាតិ ភាគី​ទាំងពីរ​កម្ពុជា និង​ថៃ កំពុងតែធ្វើការ​ងារ​នោះ​ហើយ​។ ហេតុការណ៍​នោះ មិនមាន​ភាពស្មុគស្មាញ​រវាង​ប្រទេស​ទាំងពីរ​នោះទេ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​បញ្ជាក់ថា ស្ថានការណ៍​ព្រំដែន​កម្ពុជា និង​ថៃ រួមទាំង​ការដក​កងទ័ព​រវាង​ប្រទេស​ទាំងពីរ ចេញពី​តំបន់​ព្រំដែន​នោះ គឺ​មិនមាន​បញ្ហា​អ្វី​ទេ​។ យើង​ធ្វើការ​ជាមួយគ្នា និង​ជួបគ្នា​នៅតាម​កន្លែង​និ​មួយៗ ដោយ​មិនមាន​បញ្ហា​អ្វី​ទេ​។ យើង​និយាយ​ត្រូវ​គ្នា និង​ធ្វើការ​ជាមួយគ្នា ដោយ​គ្មាន​បញ្ហា​អ្វី​ទេ​។​

​លោក​រដ្ឋមន្ត្រី ទៀ បាញ់ ក៏បាន​ប្រដូច​ករណី​ជម្លោះព្រំដែន​ប្រាសាទព្រះវិហារ​រវាង​ក​ម្ពុ​ជា និង​ថៃ ចាប់តាំងពី​ឆ្នាំ​២០០៨ ទៅនឹង​ជម្លោះ​ក្រោយ​ការបោះឆ្នោត កាលពី​ឆ្នាំ​១៩៩៣ ហើយ​លោក​ថា ទីបំផុត មានតែ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​កម្ពុជា​នោះទេ ទើប​មាន​ជោគជ័យ​រហូតដល់​សព្វថ្ងៃ​។​

​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​ការពារជាតិ ទៀ បាញ់ ខាងលើនេះ បានធ្វើ​ឡើង ក្រោយពី​មាន​ទាហាន​ឈុតខ្មៅ ប៉ា​រ៉ា និង​នគរបាល​ថៃ មួយក្រុម ចំនួន ១៩ នាក់ បាន​ចូលមក​ថត ហើយ​កាត់​សោរ​ទ្វារ​ដែក នៅមុខ​ប្រាសាទព្រះវិហារ កាលពី​ម៉ោង ១២ និង ៣០ នាទី រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​។​

​ហេតុការណ៍​ទាហាន​ថៃ កាត់​សោរ​ទ្វារ​នៅមុខ​ប្រាសាទព្រះវិហារ​នោះ បាន​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុនពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុនសែន នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​។​

​លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​សកម្មភាព​របស់​ក្រុម​ទាហាន​ថៃ ចូលមក​កាត់​សោរ​ទ្វារ​ដែក មុខ​ប្រាសាទព្រះវិហារ​នោះ ថា​ជាការ​រំលោភ និង​ប្រមាថ​មាកងាយ​លើ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​បានចេញ​សេចក្តីសម្រេច ហាម​មិន​ឲ្យ​មាន​សកម្មភាព​យោធា ឬក៏​ការ​ប្រឈម​ដាក់គ្នា នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ​នោះទេ​។​

​ក្រោយពី​កើតហេតុ​ការណ៍​នោះ លោក ផៃ​ស៊ី​ផាន បាន​អះអាងថា មេបញ្ជាការ​កងទ័ព​ក​ម្ពុ​ជា ប្រចាំ​តំបន់​ប្រាសាទព្រះវិហារ លោក​ឧ​ត្ត​ម​សេនីយ៍ ស្រី ឌឹ​ក បាន​បញ្ជា​ឲ្យ​ចាក់សោរ​ទ្វារ​នោះ​ឡើងវិញ ហើយ​ដាក់បទបញ្ជា​តឹងរឹង​ដល់​ឆ្មាំ​កម្ពុជា ដើម្បី​ការពារ កុំ​ឲ្យ​មាន​ហេតុការណ៍​ដូច្នេះ កើតឡើង​ទៀត​។​

​ទ្វារ​ដែក នៅមុខ​ប្រាសាទព្រះវិហារ ដែល​ទាហាន​ថៃ ចូលមក​កាត់​សោរ នៅ​រសៀល​ថ្ងៃទី​១៧​ខែធ្នូ ត្រូវបាន​បិទ នៅពេលដែល​ទាហាន​ថៃ បាន​ចូល​ឈ្លានពាន​ទឹក​កម្ពុជា នៅ​តំបន់​ប្រាសាទព្រះវិហារ កាលពី​ខែកក្កដា ឆ្នាំ​២០០៨​។​

​លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា កន្លងមក ភាគី​ថៃ​បាន​ស្នើសុំ​ច្រើនដង​ហើយ ក្នុង​ការបើក​ច្រកចេញចូល​ប្រាសាទព្រះវិហារ ដែល​ទាហាន​ថៃ ចូលមក​កាត់​សោរ នាពេលនេះ​។ ក៏ប៉ុន្តែ​កម្ពុជា​យើង មិន​យល់ស្រប ហើយ​ឆ្លើយតប​ទៅ​ថៃ​វិញ ឲ្យ​មាន​ការបើក​ច្រកព្រំដែន​ផ្សេង ដែល​នៅក្បែរនោះ​៕​