ព្រឹត្តិការណ៍តាមព្រំដែន កម្ពុជា-ថៃ ក្បែរប្រាសាទព្រះវិហារ ឡើងកំដៅ ក្រោយមួយថ្ងៃ សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅ បាងកក

ភ្នំពេញ៖ មុនមួយថ្ងៃទស្សនកិច្ច ជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសថៃ មានព្រឹត្តិការណ៍ មួយបានកើតឡើង នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ក្បែរតំបន់ព្រះវិហារ ដោយសារទាហានថៃបានចូល កាត់ច្រវ៉ាក់ខ្លោងទ្វារព្រំដែនប្រាទព្រះវិហារ។

ប៉ុន្តែបញ្ហានេះត្រូវបានលោក នាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួង ការពារជាតិ បានថ្លែងអះអាងថា គ្មានការ បង្កហេតុណាមួយ ដោយសារការកាត់សោ ច្រកទ្វារព្រំដែនប្រាសាទព្រះវិហារ ដែលធ្វើ ឡើងដោយក្រុមទាហាន ថៃមួយក្រុមនោះទេ។

ទាក់ទិននឹងបញ្ហាព្រំដែននេះ ត្រូវបានលោកឧត្ដមសេនីយ៍ ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ បានឲ្យដឹង នាថ្ងៃទី១៧ ធ្នូថា លោកបានដាក់ បទបញ្ជាឲ្យ ទាហាននៅតាមព្រំដែន ជាពិសេសនៅប្រាសាទព្រះវិហារ បាញ់ប្រហារ ទាហានថៃ ឬកងឈុតខ្មៅ ព្រមទាំងប៉ូលីសថៃ ទាំងឡាយណា ដែលហ៊ានចូលមកកាត់ច្រវ៉ាក់ ខ្លោងទ្វារព្រំដែនប្រាសាទព្រះវិហារ ជាថ្មីម្ដងទៀតនៅថ្ងៃណាមួយ ។

លោកឧត្តមសេនីយ៍ ស្រី ឌឹក ដែលជាប្រធានគណៈបញ្ជាការសមរភូមិទី១ ទិសប្រាសាទព្រះវិហារ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការដាក់បទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយ ដែលទាហានថៃ ជិះឡានហ្ស៊ីប មកឈររេរ៉នៅមុខខ្លោងទ្វារព្រំដែន រួចក៏កាត់សោច្រវ៉ាក់ កាលពីវេលាម៉ោង១២ ថ្ងៃទី១៧ ខែធ្នូ រួចគេចខ្លួនបាត់ ។

លោកស្រី ឌឹក បានបញ្ជាក់ថា “នៅពេលនេះ យើងបានចាត់កម្លាំងរបស់យើង ឲ្យទៅសួរខាងភាគីថៃ ហេតុអ្វីបានជាកាត់សោនោះ នឹងឲ្យភាគីថៃ ប្រគល់សោច្រវ៉ាក់នោះឲ្យមកយើងវិញ ។ ខ្ញុំបានដាក់បទបញ្ជាហើយ បើមកទៀតបាញ់តែម្ដង” ។

លោកឧត្តមសេនីយ៍ បានឲ្យដឹងថាទៀត ថា លោកទើបតែបានជួបជាមួយភាគីថៃ ពិភាក្សាអំពីបញ្ហាកាត់សោជាឯកតោភី ដោយមិនបានជូនដំណឹងមកភាគីកម្ពុជា។ តែយ៉ាងណាក្តីភាគីថៃ បានប្រាប់លោកថា ដោយសារតែសោនោះ វាចាស់ពេកទើបភាគីថៃ មកកាត់ ដោយមិនប្រាប់ភាគីកម្ពុជា ជាមុនតែប៉ុណ្ណោះ។

ថ្ងៃដដែលនាយឧត្ដមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួង ការពារជាតិ បានថ្លែងអះអាងថា គ្មានការ បង្កហេតុណាមួយ ដោយសារការកាត់សោ ច្រកទ្វារព្រំដែនប្រាសាទព្រះវិហារ ដែលធ្វើ ឡើងដោយក្រុមទាហានថៃមួយក្រុម។

នាយឧត្ដមសេនីយ៍ទៀ បាញ់ បានមានប្រសាសន៍ប្រាប់អ្នកកាសែត ក្រោយពីទទួលបរិក្ខាពេទ្យពីប្រទេសចិន នៅឯមន្ទីរពេទ្យព្រះកេតុមាលាថា ការកាត់សោនោះ គឺធ្វើឡើងជាលក្ខណៈបុគ្គល មិនមែនអង្គភាពណាមួយ ចាត់តាំងឱ្យទៅធ្វើនោះទេ ។

លោកនាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា«យាយពីមនុស្សអាចម៍ស្អុយ ហ្នឹងមិនមែនធម្មតាទេ ជួនកាលវា ធ្វើទៅតាមបំណងរបស់ខ្លួន។ មិនមែនជាការចាត់តាំងពី(អង្គភាពណាមួយ)នោះ ពីនេះក៏ដោយ ជួនកាលវាធ្វើតាមបំណងរបស់ខ្លួន មិនថា តែកន្លែងនោះទេ កន្លែងផ្សេងៗ ដូចយើង ដូចគេអីអីចឹងដែរ។ ជួនកាលវារាងក្រអឺតក្រទមបន្តិច វាចង់ណាណីវា»។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា "បច្ចុប្បន្នយើងកំពុងធ្វើការងារហ្នឹង អីចឹងអត់មានអ្វីនោះទេ កុំយកបញ្ហានឹងទៅធ្វើជាបញ្ហាស្មុគស្មាញ ព្រោះមានហេតុការ ទើបយើងមានលទ្ធភាពធ្វើការងារហ្នឹងឲ្យបានទៅមុខទៀត"។

គួរបញ្ជាក់ថា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំចម្រុះកម្ពុជា-ថៃ លើកទី២ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៥។ ក្នុងកិច្ចប្រជុំនឹងមានការ ចុះហត្ថកិច្ចព្រមព្រៀងជាមួយ គ្នាស្តីពីការប្រើប្រស់កម្លាំងពលកម្ម និងឯកសារមួយចំនួនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែធ្នូ បានឲ្យដឹងថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាយុទ្ធ ច័ន្ធអូចា នាយករដ្ឋមន្ត្រីថៃ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំចម្រុះ កម្ពុជា-ថៃ លើកទី២ ដោយពិនិត្យលើបញ្ហានយោបាយ និងសន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអប់រំ។

ប្រកាសព័ត៌មានដដែល បានបន្តថា នៅថ្ងៃទី១៩ធ្នូ សម្តេចនាយករដ្ឋមន្ត្រីខ្មែរ ក៏ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួន ដូចជា សេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ កម្ពុជា-ថៃ លើកទី២, អនុស្សារណៈនៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍច្រកទ្វារអន្តរជាតិ ស្ទឹងបត់-ណងអៀន, អនុស្សារណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការវិស័យការងារ, កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលករ, កិច្ចព្រមព្រៀងស្តីពីកិច្ច សហប្រតិបត្តិរវាងក្រុមប្រឹក្សាធុរៈកិច្ច កម្ពុជា-ថៃ និងក្រុមប្រឹក្សាធុរៈកិច្ចថៃ-កម្ពុជា។ សម្រាប់ ដំណើរទស្សនៈកិច្ចនេះដែរសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងជួបជាមួយសហគមន៍ធុរៈកិច្ចថៃផងដែរ៕

ព្រឹត្តិការណ៍តាមព្រំដែន កម្ពុជា-ថៃ ក្បែរប្រាសាទព្រះវិហារ ឡើងកំដៅ ក្រោយមួយថ្ងៃ សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅ បាងកក