កងទ័ព​ថៃចូល​មក​កាត់​សោ​ទ្វារ​ដែក​មុខ​ប្រាសាទព្រះវិហារដោយ​គ្មាន​ការ​អនុញ្ញាត

ខេត្ត​ព្រះ​វិហារ​​៖ ​ច្រក​ទ្វារ​ចេញចូល​​​ប្រាសាទព្រះវិហារ​ដែល​ត្រូវ​បាន​ភាគី​ថៃ បិទ​ចាក់សោរ​ដោយ​ឯកតោភាគី កាលពី​ឆ្នាំ​២០០៨​កន្លង​ទៅនោះ នៅ​វេលា​ម៉ោង១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧  ធ្នូ ​​២០១៥​នេះ កងទ័ព​ថៃបាន​ចូល​មក​កាត់​សោ​​ទ្វារ​ប្រាសាទព្រះវិហារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក នាយ​រង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​កងពលធំ អន្តរាគមន៍​លេខ​៣ និង​ជា​ប្រធាន​គណ​បញ្ជាការ​ឯកភាព​សមរភូមិ​ជួរ​មុខ​ទិស​ប្រាសាទព្រះវិហារ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ការ​កាត់​សោរ​ទ្វា មុខ​ប្រាសាទព្រះវិហារ ​គ្មាន​ការ​ទំនាក់ទំនង​មក​ភាគី​កម្ពុជា​នោះ​ទេ ។

លោកបាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពេល​ដែល​ភាគី​ថៃ​កាត់​សោ​ទ្វារ​ចេញ-ចូល​ច្រក​ប្រាសាទព្រះវិហារ​រួច​មក កងកម្លាំង​កម្ពុជា បាន​ទំនាក់ទំនង​ទៅ​ភាគី​ថៃ ដោយ​ភាគី​ថៃ​បាន​ឆ្លើយ​ថា ភាគី​ថៃ​កាត់​សោ​ទ្វារ​ខាងលើ​នេះ គ្រាន់តែ​កាត់​យក​ទៅ​ទុក​ក្នុង​ទឹកដី​ថៃ​ជា​ធម្មតា​ទេ ដោ​យសារ​តែសោ​ទ្វារ​នេះមាន​សភាព​ចាស់  ។

គួរ​រំឭក​ថា សោទ្វារ​ប្រាសាទព្រះវិហារដែល​ភាគី​ថៃបាន​ចាក់ដោយ​ឯកតោភាគី កាលពី​ឆ្នាំ​២០០៨ មក​ដល់​ពេល​នេះ មាន​រយៈពេល​៧​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ដែលប្រាសាទព្រះវិហារត្រូវ​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ ​កក្កដា ​​២០០៨ នៅ​ទីក្រុង​កេ​ប៊ិ​ច ប្រទេស​កា​ណា​ដា ។

​សូម​បញ្ជាក់​ថា តាម​ការ​ឲ្យ​ដឹង​ពី​គណៈ​បញ្ជាការ​សមរភូមិ​ទិស​ទី​១ ប្រាសាទព្រះវិហារថា ​មក​ដល់ម៉ោង​៥ និង​២១​នាទី​ល្ងាច​ ថ្ងៃ​ទី​១៧ ធ្នូ នេះ សភាព​ការណ៍​ព្រំដែននៅ​តំបន់​ប្រាសាទព្រះវិហារវិលមក​​សភាព​ធម្មតា​វិញ​ហើយ មិន​មាន​អ្វី​តានតឹង​ឡើយ ៕
    ​    ​    ​    ​