ផ្លាស់​ប្តូរ​ឈ្លើយសឹក​គ្នា​នៅ​យេ​ម៉ែ​ន​នា​ថ្ងៃ​ទី​2​នៃ​បទ​ឈប់​បាញ់

ក្រុម​ច្បាំង​គ្នា​នៅ​យេ​ម៉ែ​ន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ នូវ​ការ​ផ្លាស់​ប្តូរ​ឈ្លើយសឹក​គ្នា​ច្រើន​រយ​នាក់​នៅ​ភាគ​ខាងត្បូង​ប្រទេស ខណៈ​ការ​ចរចា​សន្តិភាព​នៅ​ប្រទេស​ស្វ៊ី​ស​កំពុង​បន្ត ដើម្បី​ប៉ុនប៉ង​បញ្ចប់​ជម្លោះ​ជាង​៨​ខែ​មក​ហើយ ក្នុង​ប្រទេស​នេះ ។

ការ​ចរចា​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១៥ ធ្នូ ទន្ទឹម​គ្នា​នឹង​បទ​ឈប់​បាញ់​គ្នា​រយៈពេល​៧​ថ្ងៃ​ដែល​នា​ថ្ងៃ​ទី​១៦ ធ្នូ នៅ​មានការ​ប៉ះទង្គិច​គ្នា​រប៉េះរប៉ោះ ។

លោក CHEIKH MOKHTAR AL RABBACH សមាជិក​ម្នាក់​នៃ​គណៈកម្មការ​ទទួល​បន្ទុក​ខាង​ឈ្លើយសឹក​របស់​រដ្ឋាភិបាល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ថ្លែង​ថា យើង​ចាប់ផ្តើម​ធ្វើការ​ផ្លាស់​ប្តូរ​ឈ្លើយសឹក​គ្នា​ជា​ក្រុម​តូច​ៗ ។ ដើម្បី​ហេតុផល​សន្តិសុខ យើង​ត្រូវ​បំបែក​ឈ្លើយសឹក​ជា​២០​ក្រុម ។

ការ​ផ្លាស់​ប្តូរ​ឈ្លើយសឹក​គ្នា​នេះ​ទាក់ទិន​ដល់​ឈ្លើយសឹក​ជា​ពួក​ឧទ្ទាម​៣៧៥​នាក់ និង​យុទ្ធ​ជន​ស្និទ្ធ​រដ្ឋាភិបាល​២៨៥​នាក់ ដែល​ចាប់ផ្តើម​ធ្វើ​នៅ​ខេត្ត LAHEJ ៕