អាជ្ញាធរ​រាជធានី​ភ្នំពេញ​បដិសេធ​ថា​មិន​មានការ​ប្រកាស​តាម​ចាប់ខ្លួន​អ្នក​គូររូប​លើ​ជញ្ជាំង​អគារ​ប៊ូ​ឌិ​ញ​ទេ

រាជធានី​ភ្នំពេញ ៖ លោក​ឡុ​ង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​«​កោះសន្តិភាព​»​មុន​នេះ​បន្តិច​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​មិន​បាន​ប្រកាស​តាម​ចាប់ខ្លួន​បុរស​ជនជាតិ​បរទេស​ដែល​បាន​គូរគំនូរ​រូប​ស្ត្រី​ម្នាក់​កាន់​ចេស និង​ម្ជុលដេរ នៅ​លើ​ជញ្ជាំង​អគារ​ប៊ូ​ឌិ​ញ​នោះ​ទេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ចន្លោះ​រាត្រី​ថ្ងៃ​ទី​១៦ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ អាជ្ញាធរ​សង្កាត់​ទន្លេបាសាក់ បាន​លុប​រូបភាព​ដ៏​ធំ​មួយ​របស់​ស្ត្រី​ម្នាក់ ដែល​ជា​អ្នកសិល្បៈ និង​វប្បធម៌ រស់នៅ​លើ​អគារ​ប៊ូ​ឌិ​ញ ហើយ​ត្រូវ​បាន​វិចិត្រករ​បរទេស​គូស​លើ​ផ្ទាំង​ជ​ញ្ចាំ​ង​អគារ​ប៊ូ​ឌិ​ញ ជ្រុង​ខាងជើង​ចោល ដោយ​ចាត់​ទុក​ថា គ្មាន​ច្បាប់​អនុញ្ញាត ។

លោក​ ខាត់ ណា​រិ​ទ្ធិ ចៅសង្កាត់​ទន្លេបាសាក់ បាន​មាន​ប្រសាសន៍​ប្រាប់​«​កោះសន្តិភាព​»​តាម​ទូរស័ព្ទ​ថា ដំបូង​ឡើយ មាន​តំណាង​អង្គការ សង្គម​ស៊ី​វិល មក​សុំ​លោក​លាបថ្នាំ​អ​គារ​ប៊ូ​ឌិ​ញ និង​សុំ​ច្បាប់គូរ​រូបភាព​ស្ត្រី​ម្នាក់​ដែល​ជា​មន្ត្រី​សិល្បៈ និង​វប្បធម៌ នៅ​លើ​ជញ្ជាំង​អគារ​ប៊ូ​ឌិ​ញ ដោយ​ប្រាប់​ថា សាលាក្រុង​អនុញ្ញាត​ហើយ ។ ការ​សុំ​ផ្ទាល់មាត់​បែប​នេះ​លោក​ចៅសង្កាត់​ក៏​មិន​ទាន់​បាន​ឯកភាព​ថា​ឲ្យ​គូរ ឬ​ក៏​ហាមឃាត់​ដែរ ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ឃើញ​មាន​រូបភាព​ស្ត្រី​ម្នាក់​នៅ​លើ​ជ​ញ្ចាំ​ង​អគារ​ប៊ូ​ឌិ​ញ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដោយសារ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ថត​បង្ហោះ​ត​ៗ​គ្នា ។ ដូច្នេះ​នៅ​ពេល​ដែល​លោក​ចុះ​សួរនាំ​ទើប​ដឹង​ថា​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​លោក​សម្រេច​លុប​ចោល​វិញ​តែ​ម្តង ។ ចំពោះ​ម្ចាស់​រូបភាព​ខាងលើ​នេះ គឺជា​អ្នក​រស់នៅ​ក្នុង​អគារ​ប៊ូ​ឌិ​ញ​តែ​ម្តង ។

លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការមន បាន​ចាត់​ទុក​ថា ការ​គូរ​រូបភាព​ខាងលើ​នេះ​គឺ​គ្មាន​ច្បាប់​អនុញ្ញាត ដូច្នេះ​លោក​សម្រេច​ឲ្យ​លុប​ចោល​វិញ ជៀស​វៀង​ការ​យល់​ច្រ​លំ​ក្នុង​រឿង​អ្វី​ផ្សេង​ៗ ។ ហើយ​រូបភាព​នេះ​បញ្ជាក់​អំពី​ស្ត្រី​ម្នាក់​មាន​កាន់​ចេស និង​ម្ជុលដេរ ដោយ​មិនដឹង​ថា មាន​អត្ថន័យ​លំអិត​ក្នុង​កម្រិត​ណា​ឡើយ ៕