ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ថ្នាំ​ញៀន​ជិត​២០០​គ្រាប់​នៅ​ស្ទឹង​ត្រែង

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ នៅ​ចំណុច​ផ្លូវបំបែក​ដុ​ង​ក្រឡ ភូមិ​ឫទ្ធិ​សែន​ជ័យ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខណៈ​ធ្វើការ​ជួញដូរ​ថ្នាំ​ញៀន​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​​បានមាន​ម្នាក់​ឈ្មោះ ស៊ុត ម៉ៃ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ខាំ​ភោគ ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង និង​ម្នាក់​ទៀត​ឈ្មោះ ខាំ ថង​សៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​ឃាត់ខ្លួន​តាម​វិធីសាស្ត្រ​ញុះញង់​ទើប​ឈាន​ដល់​ការ​បង្ក្រាប​បាន ។

លោក អៀង វ៉ា​ន់​ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​រង​កង​ព័​ទ​ជើង​គោក និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ធ្វើការ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​រាល់​បទល្មើស​ជួញដូរ​គ្រឿងញៀន និង​ករណី​ប្លន់ លោក​បាន​ព្យាយាម និង​ដាក់​បទបញ្ជា​ទៅ​គ្រប់​ស្នាក់​ការ​ក្រុង ស្រុក តាមដាន​ឃ្លាំមើល​រាល់​បទល្មើស​ទាំងនោះ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្ត​បន្ទាប់ ។ ជាក់ស្តែង​នៅ​វេលា​ម៉ោង​ជា​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧​ធ្នូ​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​១៩៨​គ្រាប់ នាំ​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាល​ដំបូង​ខេត្ត ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ត្រូវ​ឈ្មោះ អត់ អាយុ​ប្រហែលជា​៣៦​ឆ្នាំ រស់នៅ​ភូមិ​សា​អាត ស្រុក​មឿង​ខូង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ជួល​ក្នុង​តម្លៃ​២០០​ដុល្លារ​ដើម្បី​យក​ថ្នាំ​ញៀន​ទៅ​ឲ្យ​បុរស​ម្នាក់​ទៀត​ដែល​នៅ​រង់ចាំ​ក្នុង​ហាង​ក្បែរ​ចំណុច​ផ្លូវបំបែក​នោះ តែ​ខ្លួន​មិន​បានដឹង​ថា​ក្នុង​កញ្ចប់​នោះ​ជា​ថ្នាំ​ញៀន​នោះ​ឡើយ ។

ទោះបី​យ៉ាងណា ជនសង្ស័យ​ទាំង​២​ត្រូវ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​ស៊ើបអង្កេត​បន្ថែម​ទៀត ៕