ប្រធានសភា​ឥណ្ឌូនេស៊ី​លាលែង​ពី​តំណែង ព្រោះ​រឿងអាស្រូវ​ពុករលួយ​

​ប្រធានសភា​ឥណ្ឌូនេស៊ី​លោក Setya Novanto បាន​លាលែង​ពី​តំណែង ក្រោយ​លេចឡើង​រឿងអាស្រូវ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ការទទួលប្រាក់​រហូតដល់​១.៨​ពាន់​លាន​ដុល្លារ​ជា​ថ្នូរ​នឹង​ការបន្ត​កុងត្រា​រកស៊ី​របស់​ក្រុមហ៊ុន​រុករក​រ៉ែ​អន្តរជាតិ​មួយ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​។ យ៉ាងណា លោក​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។  

​លោក Setya Novanto ប្រធានសភា​តំណាង​របស់​ឥណ្ឌូនេស៊ី បានដាក់​លិខិត​លាលែង​ដល់​គណៈកម្មាធិការ​សភា បន្ទាប់ពី​លេចលឺ​រឿងអាស្រូវ​ថា លោក​បានទាមទារ​ប្រាក់​ចំណែក​(Shares) ចំនួន​១.៨​ពាន់​លាន​ពី​ក្រុមហ៊ុន​រុករក​រ៉ែ​អន្តរជាតិ​មួយ ដើម្បី​ដោះដូរ​នឹង​ការបន្ត​កុង ត្រា​រកស៊ី​របស់ខ្លួន​។ ប៉ុន្តែ​លោក Novanto បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់ ដោយ​រួម បញ្ចូល​ទាំង​ការ ចោទថា​លោក​បាន​ប្រើប្រាស់​ឈ្មោះ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ក្នុងការ​ទាមទារ​ប្រាក់​ចំណែក​របស់​ក្រុមហ៊ុន​រ៉ែ Freeport McMoran ផងដែរ​។​

​លោក Setya Novanto បាន​សរសេរ​ក្នុង​លិខិត​ដែល​ដាក់ជូន​គណៈកម្មាធិការ​សភា​ថា​៖«​ដើម្បី​ការពារ​សេចក្ដីថ្លៃថ្នូរ​និង​កិត្តិយស​សភា​តំណាង​របស់​ឥណ្ឌូនេស៊ី និង​ដើម្បី​សណ្ដាប់ធ្នាប់​សាធារណៈ ខ្ញុំ​ប្រកាស​លាលែង​ពី​តំណែង​ប្រធានសភា​តំណាង​សម្រាប់​អាណត្តិ​២០១៤-២០១៥»​។ ប៉ុន្តែ ក្រោយពេល​លាលែង​ពី​តំណែង​ប្រធាន លោក​មាន​គម្រោង​ធ្វើជា​អនុប្រធាន​វិញ​។

​ចំណែកឯ​គណៈកម្មាធិកា​រស​ភា​ដែល​ទទួលបន្ទុក​លើករ​ណី​នេះ បាន​បញ្ជាក់ថា ខ្លួន​នឹង​យក​លិខិត​ជា​ធ្វើជា​មូលដ្ឋាន​សម្រាប់​បិទ​បញ្ចប់​សំណុំ​រឿងនេះ ពីព្រោះ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​អ្វីដែល​សមាជិក​ក​ម្មា​ធិ​ការ​នេះ​ត្រូវអនុវត្ត​ដែរ​។ នេះ​ក៏​ដោយសារតែ សមាជិក​ភាគច្រើន​បានបង្ហាញ​មតិ​ពួកគេ​ថា​លោក Setya Novanto ពិតជា​ខុស​មែន​។     

​លោក Setya Novanto បាន​ទទួលរង​សម្ពាធ​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​ឲ្យ​លាលែង​ពី​តំណែង ក្រោយពេល​លេច​ធ្លាយ​ខ្សែអាត់​សំឡេង​សន្ទនា​រវាង​លោក​និង​ប្រធាន​ក្រុមហ៊ុន Freeport ប្រចាំ​ឥណ្ឌូណេស៊ី​។ ដោយពេល​នោះ លោក Novanto បាន​និយាយថា ជា​ថ្នូរ​នឹង​ការទទួលបាន Shares លោក​អាចជួយ​ដល់​ការបន្ត​កុងត្រា​ចាប់ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០៤១​។​

​យ៉ាណា​ក៏ដោយ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ហាក់​ដកខ្លួន​ចេញ​ឆ្ងាយ​ចេញពី​រឿងអាស្រូវ​នេះ ដោយ​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ បានស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើបអង្កេត​រឿងនេះ​ដោយ​តម្លាភាព​ចំពោះ​ការចោទប្រកាន់​នេះ​។ ហើយ​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​ក៏​កំពុង​លូកដៃ​ចូល​រឿងនេះ​ផងដែរ​។​

​រឿងអាស្រូវ​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ក្នុងចំណោម​មហាជន​ឥណ្ឌូនេស៊ី និង​បាន​ផ្ដោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​សភា​តំណាង​នេះ​ដែល​ត្រូវបាន​ចាត់ទុកជា​ស្ថាប័ន​ពុករលួយ​ជាងគេ​ក្នុងប្រទេស​ដែល​កំពុង​ញាំញី​ដោយ​អំពើពុករលួយ​មួយ​នេះ​។ ហើយ​វា​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​មកលើ​មហា​យក្ស​សេដ្ឋកិច្ច​អាស៊ាន​មួយ​នេះ​។