សហគមន៍​អន្តរជាតិ​ផ្តោត​អារម្មណ៍​ទៅ​លើ​ប្រទេស​ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​រដ្ឋ​ឥស្លាម

សហគមន៍​អន្តរជាតិ​ផ្តោត​អារម្មណ៍​ទៅ​លើ​ប្រទេស​ដែល​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​រដ្ឋ​ឥស្លាម

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​គឺ​លោកស្រី Samantha Power ដែល​ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នេះ​ថ្លែង​ទៅ​កាន់​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​បុរី​ញូវយ៉ក កាលពី​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។

គេ​រំពឹង​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​អនុម័ត​វិធានការ​ថ្មីៗ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ទប់ស្កាត់​លំហូរ​ទឹក​ប្រាក់​ចូល​ទៅ​ក្រុម​ភេរវជន​ដែល​បាន​ហៅ​ខ្លួន​ឯង​ថា រដ្ឋ​ឥស្លាម​ ឬ​ Islamic State​ នោះ។

នេះ​ជា​លើក​ដំបូង​ហើយ ដែល​បណ្ដា​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​មាន​ប្រទេស​១៥​ជា​សមាជិក​នឹង​ជួប​ជុំ​គ្នា ដើម្បី​អនុម័ត​សេចក្តី​សម្រេច​មួយ។​ សេចក្តី​សម្រេច​នោះ​មាន​គោល​បំណង​ពង្រីក​ និង​ពង្រឹង​ក្របខណ្ឌ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុម​អាល់កៃដា (al-Qaida) ដែល​មាន​ស្រាប់​ក្នុង​ពេល​បច្ចុប្បន្ន​ដើម្បី​ផ្តោត​ទៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម​បន្ថែម​ទៀត។

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​គឺ​លោកស្រី Samantha Power ដែល​ជា​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នេះ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា «ប្រសិន​បើ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​ប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​នេះ​ វា​នឹង​ក្លាយ​ទៅ​ជា​ច្បាប់​អន្តរជាតិ​ថ្មី​មួយ»។

លោកស្រី Samantha Power មាន​ប្រសាសន៍​ថា សេចក្តី​ព្រាង​នៃ​សេចក្តី​សម្រេច​នេះ នឹង​តម្រូវ​ឲ្យ​ប្រទេស​នានា​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​កាត់​ផ្តាច់​ការ​ផ្តល់​មូលនិធិ​ដល់​ក្រុម​ភេរវជន។ ក្រុម​ភេរវជន​នោះ​បាន​ត្រួតត្រា​តំបន់​ធំៗ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ហើយ​ក្រុម​នោះ​ក៏​កំពុង​ព្យាយាម​ពង្រីក​មូលដ្ឋាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​លីប៊ី​ផង​ដែរ៕