អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឆ្លើយ​ដាក់​គ្នា​រឿង​គំនរ​សំរាម​នៅ​ភូមិ​ផ្សារ​ព្រំ​ធុំក្លិន​ស្អុយ​អសោច

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​រអ៊ូរទាំ និង​រិះគន់​យ៉ាង​ខ្លាំង​ថា មិន​គួរ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ​បណ្តែតបណ្តោយ​ចំពោះ​បញ្ហា​សំរាម​ដែល​គេ​យក​ទៅ​ចាក់ចោល​យ៉ាង​អនាធិបតេយ្យ នៅ​ចំណុច​​ខាង​ត្បូង​ផ្លូវជាតិ​លេខ​១០​ចាស់ ចំងាយ​ពី​ផ្លូវជាតិ​លេខ​៥៧​ប្រហែល​១៥០​ម៉ែត្រ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជា​រៀង​រាល់​យប់​ថ្ងៃ​ឡើង​ធុំក្លិន​ស្អុយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវដង្ហើម និង​អាច​បង្ក​ទៅ​ជា​ជម្ងឺ​ដល់​ប្រជាពលរដ្ឋ​បែប​នេះ​ទាល់តែ​សោះ ។

ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ គេ​ឃើញ​មាន​គំនរ​សំរាម​ដែល​មាន​ធុំក្លិន​ស្អុយ​បង្ក​ឡើង​ដោយ​សំបក​ដូង សំបក​ផ្លែ​ឈើ សំបក​ពងមាន់ ពង​ទា ក្បាលនិង​ស្រកាត្រី និង​កាក​សំណល់​ផ្ទះបាយ​ជា​ច្រើន ស្ថិត​នៅ​រាយ​ប៉ាយ​ពាសពេញ​ចិញ្ចើម​ផ្លូវ មាន​ទាំង​សត្វ​ឆ្កែ​ជា​ច្រើន​ក្បាល​ឈរ​ចាំ​ហែក​ស៊ី​ថែម​ទៀត​ផង​ដែរ ។

ស្ត្រី​មួយ​ចំនួន​ដែល​មានផ្ទះ​នៅ​ក្បែរ​គំនរ​សំរាម សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ថា ពួក​គាត់​រាល់ថ្ងៃ​ពិតជា​មានការ​លំបាក​រស់នៅ​ខ្លាំង​ណាស់ ខណៈ​គំនរ​សំរាម​ស្អុយរលួយ​ជះក្លិន​អសោច ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សារ​ព្រំ​មួយ​ចំនួន​ឌុ​ប​តាម​ម៉ូតូ និង​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​បោះចោល​នៅ​ពេល​យប់​ស្ងាត់​ ហើយ​ពួក​គាត់​ក៏​មិន​ហ៊ាន​ប្តឹង​ទៅ​ខាង​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ដែរ ក្រែង​គេ​ស្អប់​ធ្វើបាប​នៅ​ពេលដេក​លក់​យប់​ព្រលប់ ។ ពួក​គាត់​បន្ត​ទៀត​ថា បើ​ស្ងប់ខ្យល់​មិនសូវ​មាន​ក្លិនស្អុយ​ប៉ុន្មាន​ទេ តែ​ខណៈ​ពេល​យប់ និង​មាន​ខ្យល់​បក់​មក​ពី​ទិស​ខាងលិច បណ្តាល​ឱ្យ​ពួក​គាត់​ម្នាក់​ៗ​អង្គុយ ឬ​ដេក​ហិតក្លិន​ទាំងនេះ​ស្ទើរតែ​ដាច់ខ្យល់​ស្លាប់​ម្តង​ៗ​ទៅ​ហើយ ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​គំនរ​សំរាម​មួយ​កន្លែង​នោះ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​មន្ទីរ​បរិស្ថាន​ខេត្ត មេត្តា​យកចិត្តទុកដាក់​ចុះ​ទៅ​ត្រួតពិនិត្យ​បញ្ហា​សំរាម​ដែល​ប្រជាពលរដ្ឋ​យក​ទៅ​បោះចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​នេះ​ផង ព្រោះ​ពួក​គាត់​លំបាក​រស់នៅ​ខ្លាំង​ណាស់ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក មាស សាវ៉ា​ត មេ​ភូមិ​ផ្សារ​ព្រំ បានឱ្យ​ដឹង​ថា គំនរ​សំរាម​ទាំងនេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​ផ្សារ​ព្រំ​ដែល​មិន​បាន​បង់​ខែ​ឱ្យ​រថយន្ត​ដឹក​សម្រាម យក​ទៅ​បោះចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាងលើ ជា​ពិសេស​​អ្នក​រស់នៅ​ត្រង់​ចំណុច​សំបុកចាប​មួយ​ចំនួន​នាំ​គ្នា​យក​ទៅ​បោះចោល​នៅ​ពេល​យប់ ។ លោក​បន្ត​ទៀត​ថា ខាង​ភូមិ​បាន​រាយការណ៍​ជូន​ទៅ​មេ​ប៉ុស្តិ៍​ឃុំ​ស្ទឹង​កាច់​ឱ្យ​ចាត់វិធានការ​ជា​ច្រើន​លើក​ច្រើន​សារ​ដែរ តែ​គ្មាន​នរណា​ម្នាក់​អើពើ​ចំពោះ​បញ្ហា​នេះ​ឡើយ ។ សូ​ម្បី​តែ​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ក៏​លោក​បាន​ដាក់​សំណើ​ស្ទើរ​រាប់​ភ្លេច​ដែរ តែ​រហូត​ដល់​ទ្រាំ​មិន​បាន​ក៏​ឱ្យ​គ្រឿង​ចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ឈូស​ទម្លាក់​ទៅ​ខាងក្រោម​ផ្លូវ ដើម្បី​ឱ្យ​ស្រឡះ​ល្អ លុះ​ក្រោយមក​ស្រាប់តែ​ពួក​គេ​បន្ត​យក​ទៅ​ចោល​កន្លែង​ស្រឡះ​នោះ​ដដែល ។

ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា ខាង​លោក​អត់​ទាន់​បាន​ទទួល​ដំណឹង​ណាមួយ​ពី​ខាង​ភូមិ​ផ្សារ​ព្រំ​ឡើយ ហើយ​ពេល​នេះ​ខាង​លោក​កំពុង​ជាប់រវល់​ប្រជុំ​នៅ​ខេត្តសៀមរាប ចាំ​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល ៕