នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ត្រូវ​ក្មេង​ដាល់មុខ​ក្នុងពេល​យុទ្ធនាការ​បោះឆ្នោត​

​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Mariano Rajoy ត្រូវបាន​គេ​ដាល់​ចំ​ផ្ទៃមុខ ខណៈ​លោក​កំពុង​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៅឯ​ស្រុកកំណើត​របស់លោក​កាលពី​ថ្ងៃ​ពុធ​ទី​១៦ ខែធ្នូ​។ យ៉ាងណា​នាយករដ្ឋមន្ត្រី​រូបនេះ មិនមាន​របួស​អ្វី​ធ្ងន់​ធ្វ​រ​នោះទេ ហើយ​អាច​បន្ត​យុទ្ធនាការ​របស់លោក​ប​ន្ត​ទៀត​។​

​លោក Mariano Rajoy ត្រូវបាន​បុរស​ម្នាក់ដាល់​ចំ​មុខ​នៅពេលដែល​លោក​កំពុង​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ទូទៅ​ដែល​នឹង​ប្រារឰ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​របស់លោក​បាន​បញ្ជាក់ថា លោក Rajoy មិនមាន​របួស​អ្វី​នោះទេ តែ​មុខ​របស់លោក​បាន​ឡើង​ក្រហម​។ ហើយ​លោកនាយក​រដ្ឋមន្ត្រី​វ័យ​៦០​ឆ្នាំ​រូបនេះ បាន​សរសេរ​ក្នុង Twitter របស់លោក​ថា​៖«​ខ្ញុំ​មិន​អី​ទេ ហើយ​កំពុងធ្វើដំណើរ​ទៅកាន់ Coruna»​។

​តាម​វីដេអូ​ដែល​បានចេញ​ផ្សាយ​តាម​ទូរទស្សន៍ គេ​ឃើញ​បុរស​វ័យក្មេង​ម្នាក់​លួចដាល់កណ្តាលមុខ​លោក Rajoy រហូត​ជ្រុះ​វ៉ែនតា ខណៈដែល​លោក Rajoy កំពុងតែ​ដើរ​ធ្វើ​យុទ្ធនាការ​ក្នុង​ទីក្រុង Pontevedra ភាគ​ពាយ័ព្យ​ប្រទេស​អេ​ស្ប៉ា​ញ​។ វីដេអូ​ដដែល​បង្ហាញថា លោក Rajoy បាន​ដួល តែ​ត្រូវបាន​មនុស្ស​នៅ​ជុំវិញ​នោះ​ជួយ​រូបលោក​។ 

​យ៉ាងណាក៏ដោយ លោក​នៅតែ​ដើរ​និង​និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់លោក​ដដែល បើទោះជា​គ្មាន​វ៉ែនតា​ក៏ដោយ​។ ហើយ​ក្រោយ​ហេតុការណ៍​នេះ បុរស​វ័យក្មេង​រូបនោះ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​។  បើ​យោងតាម​ច្បាប់​របស់​អេ​ស្ប៉ា​ញ​វ័យ​១៧​ឆ្នាំ​រូបនេះ​នឹងត្រូវ​ជាប់គុក​៤​ឆ្នាំ ទោះជា​គេ​ជា​អនីតិជន​ក៏ដោយ​។ 

​គួរ​បញ្ជាក់ថា ប្រជាជន​អេ​ស្ប៉ា​ញ​នឹង​ទៅ​បោះឆ្នោត​ទូទៅ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​។ ហើយ​គណៈបក្ស​ប្រជាជន​ដែលជា​បក្ស​កាន់អំណាច​របស់លោក Mariano Rajoy រំពឹងថា​ឈ្នះឆ្នោត​ជា​បន្តទៀត បើទោះបីជា​ប្រទេស​នេះ​កំពុងតែ​ប្រឈមមុខ​នឹង​វិ​ប​ត្ត​សេដ្ឋកិច្ច​ដ៏​អាក្រក់​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ក្ដី​។ ប៉ុន្តែ​លោក Rajoy ប្រហែលជា​មិន​ឈ្នះ​ភ្លូកទឹកភ្លូកដី ដូច​កាលពី​ឆ្នាំ​២០១១​នោះទេ​៕