សមាជិក​សភា​អាមេរិក​កំពូលៗ​គំរាម​កាត់​ជំនួយ​សម្រាប់​ប្រទេស​ប៉ាគីស្ថាន

សមាជិក​សភា​អាមេរិក​កំពូលៗ​គំរាម​កាត់​ជំនួយ​សម្រាប់​ប្រទេស​ប៉ាគីស្ថាន

ប្រធាន​គណៈកម្មាធិការ​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​គឺ​លោក Ed Royce ថ្លែង​នៅ​ក្នុង​វិមាន Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

អ្នក​តំណាងរាស្ត្រ​កំពូលៗ​ក្នុង​សភា​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​ធំៗ​ទាំង​ពីរ​កំពុង​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​នូវ​ឃ្លាំង​ស្តុក​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន ហើយ​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ​និយាយ​ថា ប្រទេស​ប៉ាគីស្ថាន​នៅ​តែ​ជា​ទី​ជម្រក​សម្រាប់​ភេរវជន ​និង​ជា​ប្រភព​នៃ​គំនិត​ឥស្លាម​ជ្រុល​និយម។

គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​បរទេស​ដ៏​មាន​ឥទ្ធិពល​នៃ​សភា​អាមេរិក​បាន​បើក​សវនាការ​មួយ​កាល​ពី​ថ្ងៃពុធ​ម្សិលមិញ ដើម្បី​ពិនិត្យ​មើល​សហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ និង​កិច្ចប្រឹងប្រែង​ក្នុង​ការ​កែទម្រង់​វិស័យ​អប់រំ​របស់​ប្រទេស​ប៉ាគីស្ថាន ព្រម​ទាំង​ជំនួយ​របស់​អាមេរិក សម្រាប់​ប្រទេស​នោះ។​ ប្រធាន​គណៈកម្មាធិការ​នេះ​គឺ​លោក Ed Royce ខាង​គណបក្ស​សាធារណរដ្ឋ​បាន​មាន​ប្រសាសន៍​ថា​ឃ្លាំង​ស្តុក​អាវុធ​របស់​ប៉ាគីស្ថាន​គឺ​ធំជាង​គេ​ទី​៣​នៅ​ក្នុង​ពិភពលោក។

លោក Ed Royce បន្ថែម​ថា ការ​បន្ថែម​អាវុធ​នុយក្លេអ៊ែរ​ខ្នាត​តូច​និង​គ្រាប់​មីស៊ីល​ ដែល​បាញ់​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​មាន​លក្ខណៈ​គួរ​ឲ្យ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

លោក Ed Royce បាន​មាន​ប្រសាសន៍​ថា ប៉ាគីស្ថាន​គឺ​ជា​ប្រទេស​មួយ​ដែល​ចំណាយ​១ភាគ​៥នៃថវិកា​ជាតិរបស់​ខ្លួន​ទៅ​លើ​វិស័យ​យោធា ប៉ុន្តែ​ប្រទេស​នេះ​ចំណាយ​ក្រោម​២.៥​ភាគរយ​នៃ​ថវិកា​ជាតិ​ទៅលើ​វិស័យ​អប់រំ។

ឯក​អគ្គ​រដ្ឋ​ទូត Richard Olson ដែល​ជា​តំណាង​ពិសេស​របស់​សហរដ្ឋ​អាមរិក​ប្រចាំ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សវនាការ​នោះ​តំណាង​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ថា សហរដ្ឋ​អាមេរិក​បាន​ពិភាក្សា​ដោយ​និយាយ​ត្រង់ៗ​ជាមួយ​ប៉ាគីស្ថាន​អំពី​បញ្ហា​ឃ្លាំង​ស្តុក​អាវុធ​នុយក្លេអ៊ែរ​ និង​ការ​ព្រួយបារម្ភ​ខាង​សន្តិសុខ​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​នោះ។

លោក Olson និ​យាយ​ថា រដ្ឋាភិបាល​អាមេរិក​មិនមែន​កំពុង​ចរចា​អំពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ប៉ាគីស្ថាន ដូច​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ជា​មួយ​ប្រទេស​ឥណ្ឌា​នោះ​ទេ៕