អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន​ជនសង្ស័យ​មួយ​សំបុក​ពាក់ព័ន្ធ​ករណី​ប្លន់​និង​រំលោភ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ប្រុស​ស្រី​៦​នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ក្របួច​បាន​នៅ​កន្លែង​តែ​មួយ​នៅ​ក្នុង​អតីតៈ​ស្ថានីយ​រថភ្លើង​ចាស់ ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ​ម្នាក់​ថា នាង​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ចាប់​អូស​ចូល​ទៅ​ទីតាំង​កើតហេតុ​ប្លន់​យក​អស់ទ្រព្យ​សម្បត្តិ រួច​ថែម​ទាំង​រំលោភ​នាង​ទៀត ។

ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​មិន​ទាន់​ត្រូវ​បាន​អាវុធហត្ថ​ក្រុង​បង្ហើប​ឲ្យ​ស្គាល់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​ការ​ផ្តល់​ព័ត៌មាន​របស់​អាវុធហត្ថ​ហាក់ដូចជា​រឹតត្បិត​ជាង​នគរបាល​សម្រាប់​ខេត្តបន្ទាយមានជ័យ ។ យ៉ាងណា​ក៏​ដោយ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​ជាយ​ដែន​ក្រុង​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​សង្កាត់​កើតហេតុ​ខាងលើ ។

នារី​រង​គ្រោះ​ប្រាប់​ថា កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ធ្នូ នាង​បាន​ចេញពី​ធ្វើការ​កាស៊ីណូ ដោយ​ប្តី​នាង​ទៅ​ទទួល​ដំណើរ​ដែរ តែ​ដោយសារ​មាន​ជម្លោះ​ទាស់សម្តី​គ្នា​តិចតួច​ប្តី​ក៏​ដើរ​លឿន​ទៅ​ផ្ទះ​មុន​ចោល​នាង ។ ប្រភព​បន្ត​ថា លុះ​នារី​រង​គ្រោះ​ដើរមក​ដល់​ជិត​កន្លែង​កើតហេតុ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់​ក្រៀក​នាង​អូស​ចូល​ទៅ​ក្នុង​ស្ថានីយ​រថភ្លើង​ចាស់​នៅ​ក្នុងភូមិ​កើតហេតុ​ដោយ​ប្លន់​យក​អស់ទ្រព្យ​សម្បត្តិ​អស់ បន្ទាប់​មក​ថែម​ទាំង​ចាប់​នាង​រំលោភ​ទៀត តែ​ត្រូវ​នាង​រើបម្រះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច នារី​រង​គ្រោះ​ប្រាប់​ថា អ្នក​ជាប់​ពាក់ព័ន្ធ​ប្លន់ និង​រំលោភ​នាង​មាន​តែ​៤​នាក់​ទេ ក្នុង​នោះ​មាន​ស្រី​ម្នាក់ ។

ស្ត្រី​ឈ្មោះ ញឹ​ម វ៉ា​ន់​ឌី អាយុ​៥៤​ឆ្នាំ ជា​ម្តាយ​នារី​រង​គ្រោះ​ក៏​ដូច​ជា​អ្នកស្រុក​គ្រប់​ៗ​គ្នា​និយាយ​ថា នារី​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​ហែកសំពត់ និង​អាវ​ដាច់​រយ៉ៃ​ពិបាក​មើល​មែនទែន​ពេល​ត្រឡប់​មក​ដល់​ផ្ទះ ។ នារី​រង​គ្រោះ​ទំនង​ត្រូវ​គេ​ដាក់​ថ្នាំ​មុន​ប្រព្រឹត្ត​អំពើ​ប្លន់ ឬ​រំលោភ ព្រោះ​នាង​ហាក់ដូចជា​និយាយ​មិន​ទាន់​ដឹង​ខុស​ត្រូវ​ប៉ុន្មាន​ទេ ។ ម្តាយ​នារី​រង​គ្រោះ​បន្ត​ថា ពេល​គេ​យក​នាង​ទៅ​ទុក​ចោល​ក្នុង​ព្រៃ​នៅ​ភូមិ​ព្រៃ​ព្រិច​អង្គុយ​នៅ​ទីនោះ​ដើរទៅ​ណា​មិន​រួច​ឡើយ រហូត​ទាល់តែ​នៅ​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ដដែល​ទើប​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ជួប​សួរនាំ និង​មើល​សំលៀក​បំពាក់​ទើប​ដឹង​ថា នាង​ត្រូវ​គេ​ធ្វើបាប​ក៏​ជួយ​ទាក់ទង​ទូរស័ព្ទ​មក​បុរស​ម្នាក់​ជា​អ្នកធ្វើការ​ជាមួយ​គ្នា ទើប​នាំ​នាង​មក​ដល់​ផ្ទះ ក៏​បែក​រឿង​ដឹង​ដល់​សមត្ថកិច្ច​ក្របួច​បាន​ទាំង​សំបុក​ភ្លាម​ៗ ។

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​ពី​សមត្ថកិច្ច​អាវុធហត្ថ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ប្រុស​៣​នាក់​បាន​សារភាព​ពី​ការ​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ខាងលើ ដោយ​ជនសង្ស័យ​ម្នាក់​និយាយ​ថា ខ្លួន​រំលោភ​នារី​រង​គ្រោះ​បាន​ម្តង តែ​មិន​សម្រេច​ទេ ព្រោះ​នាង​រើបម្រះ ។ ចំណែក​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់​បាន​ព្យាយាម​បដិសេធ តែ​ទទួលស្គាល់​ថា នាង​ស្ថិត​ក្នុង​ហេតុការណ៍​ជាមួយ​ជន​ស​ង្ស័​៣​នាក់​ខាងលើ​មែន ។ ទោះជា​យ៉ាងណា ប្រភព​បង្ហើប​ថា នារី​សង្ស័យ​នោះ​ធ្លាប់​មានរឿង​អាស្រូវ​ជា​ច្រើន​ដង​មក​ហើយ​ពាក់ព័ន្ធ​ករណី​លួច ឬ​បុក​ហោប៉ៅ​ភ្ញៀវ​ទេសចរណ៍ ។

ទោះបី​សមត្ថកិច្ច​មិន​ទាន់​ដាក់បន្ទុក​លើ​ជនសង្ស័យ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​អ្វី​ក៏​ដោយ តែ​ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ​បាន​ចោទប្រកាន់​ថា ជា​ករណី​ប្លន់​កូនស្រី​របស់​គាត់​តែ​ម្តង ។

ចំណែក​ខាង​សមត្ថកិច្ច​អាវុធហត្ថ​វិញ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​និយាយ​ថា​ចាំ​ធ្វើការ​សិន ៕