ស្វាមី​ចាត់ទុក​ខ្ញុំ និង កូន​មិន​ស្មើ​មិត្តភក្តិ​

នាង​ខ្ញុំ និង ស្វាមី បាន​រៀបការ​បន្ទាប់ពី​ស្វែងយល់​ចិត្ត​គ្នា​បាន ៨ ឆ្នាំ និង ឆ្លងកាត់​ឧបសគ្គ​រាប់មិនអស់ ។ បច្ចុប្បន្ន​យើង​បានរស់នៅ​ជាមួយគ្នា​បាន ១០ ឆ្នាំ និង មានកូន​ពីរ​នាក់ ។ លោក​ប្តី​នាង​ខ្ញុំ​តែង​ធ្វើឱ្យ​នាង​ខ្ញុំ​យំ​ជាញ​ញឹកញាប់ ដោយសារតែ​ទំនាក់ទំនង​របស់គាត់ និង មិត្តភក្តិ​នៅ​ខាងក្រៅ ។ នៅពេល​នាង​ខ្ញុំ​បារម្ភ​យំ ប្តី​មិនដែល​និយាយ​លើកទឹកចិត្ត ឬ សុំទោស​សូម្បី​តែមួយ​ម៉ាត់ ជំនួស​មកវិញ​គាត់​តែង​និយាយ​ពាក្យ​មិនល្អ​មកកាន់​នាង​ខ្ញុំ ។ ការ​ណាត់​ជួបគ្នា​ផឹកស៊ី​រវាង​លោក​ប្តី និង មិត្តភក្តិ​របស់គាត់​តែងមាន​ជា​ហូរហែ ទោះជា​កំពុង​ហូបបាយ​ក៏​លោក​ប្តី​ប្រញាប់​ចេញទៅ​នៅពេល​មាន​ទូរស័ព្ទ​ហៅ ។

ស្វាមី​ចាត់ទុក​ខ្ញុំ និង កូន​មិន​ស្មើ​មិត្តភក្តិ​

នាង​ខ្ញុំ​នៅផ្ទះ​ជាមួយ​កូនៗ​ហូបបាយ​ជាមួយ​ទឹកភ្នែក​ស្ទើរ​រាល់ពេល ។ គាត់​មិនដែល​ទុកឱ្យ​មិត្តភក្តិ​របស់គាត់​ខកចិត្ត​ម្តងណា​ឡើយ ចំណែក​កិច្ចការ​ផ្ទះ​តាំងពី​ព្រលឹម​ដល់​ចូល​គេង ប្តី​នាង​ខ្ញុំ​មិនដែល​បានដឹងថា​វា​ជា​អ្វីខ្លះ​នោះដែរ ។ នាង​ខ្ញុំ​ធ្វើការ​នៅ​ខាងក្រៅ​ផង ឆ្លៀត​មក​យក​កូន​ទៅ​រៀន និង ទទួល​ពួក គេ​មកវិញ ហើយ​គិតគូរ​ធ្វើការ​ផ្ទះ ដាំបាយ ដាំទឹក បោកគក់​ខោអាវ និង រ៉ាប់រង ធ្វើការ​ផ្ទះ​ទាំងអស់ រហូតដល់​កូនៗ​ចូល​គេង​គ្រប់គ្នា ទើប​នាង​ខ្ញុំ​បាន​សម្រាកកាយ ប៉ុណ្ណឹង​ហើយ​លោក​ប្តី​មិនបាន​ដឹងថា ហេតុអ្វី​បានជា​នាង​ខ្ញុំ​ស្គម​ជាង​មុន​នោះទេ ។ មួយឆ្នាំៗ​ការជួបជុំ​គ្រួសារ ការដើរ​កម្សាន្ត​ជាមួយគ្នា​គឺមាន​តិចតួច​ណាស់ ហើយ​បើ​មាន​ក៏ត្រូវ​ស្នើ​ដល់​គាត់​ជាមុន​រាប់​សបា្តហ៍​ទើបបាន ។

នាង​ខ្ញុំ​ធ្លាប់​និយាយថា ក្តី​ស្រមៃ​ដ៏​សាមញ​បំផុត​របស់ខ្ញុំ និង កូន​គឺ​ចង់ឱ្យ លោក​ប្តី​ចំណាយ​ពេលខ្លះ​សម្រាប់​គ្រួសារ ប៉ុន្តែ​ក្តី​ស្រមៃ​របស់​យើង​មិន​ត្រឹមតែ​មិន បានទទួល​ប៉ុណ្ណោះ​ទេ តែ​លោក​ប្តី​បែរជា​និយាយ​យ៉ាង​អាក្រក់​ដាក់​នាង​ខ្ញុំ​ថា «​រក​អាណា​ផ្សេង​បាន​ទៅរក​ទៅ​» ។ នាង​ខ្ញុំ​មិនដឹងថា ត្រូវ​រស់​បែបណា​ដើម្បីឱ្យ​សម តាម​បំណង​លោក​ប្តី​នៅពេលដែល​ការងារ​របស់​នាង​ខ្ញុំ​ច្រើន​ហួស ហើយ​គាត់ ចំណាយពេល​ជាមួយ​មិត្តភក្តិ ។ នឹកឃើញ​ដល់​ពាក្យ​ដែល​គាត់​បាន​និយាយ បេះដូង របស់​នាង​ខ្ញុំ​ហាក់ដូច​ប្រេះ​បែក ទឹកភ្នែក​ក៏​ហូរ​មិន​ឈប់ !

ស្វាមី​ចាត់ទុក​ខ្ញុំ និង កូន​មិន​ស្មើ​មិត្តភក្តិ​

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​

តាម​អ្វីដែល​នាង​បាន​រៀបរាប់ វា​ហាក់ដូចជា​រឿង​ធ្ងន់​ខ្លាំងណាស់ ហើយ​ស្វាមី​របស់​នាង​ហាក់ដូចជា​មនុស្ស​មិនមាន​ការទទួលខុសត្រូវ​ចំពោះ​គ្រួសារ ពិសេស​កូនៗ ។ គាត់​ជាម​នុស្ស​ដែល​កំពុងមាន​ទំនាក់ទំនង​មិន​ប្រក្រតី​ណាមួយ​នៅ​ខាងក្រៅ ព្រោះថា​គាត់​តែង​ប្រញាប់​ចេញទៅ​ជួប​មិត្តភក្តិ​នៅពេល​មាន​ទូរស័ព្ទ​ហៅ បើ​ទោះ​កំពុង​ហូបបាយ​ជាមួយ​គ្រួសារ នេះ​បើតាម​ការរៀប​រាប់រប​ស់​នាង ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ខ្ញុំ​សង្កេតឃើញថា នាង​ហាក់​មិនបាន​មើលទៅ​លើ​ទិដ្ឋភាព​ទាំងមូល​ដើម្បី​វិនិច្ឆ័យ​ស្ថានភាព ។ ការដែល​ស្វាមី​របស់​នាង​មមាញ្ញឹក​នឹង ការងារ​ខាងក្រៅ​ក៏ដូចជា​ចំណាយពេល​ច្រើន​ជាមួយ​មិត្តភក្តិ​របស់គាត់​នេះ​ប្រហែលជា​ដោយសារតែ​គាត់​កំពុងមាន​គម្រោងការ ឬ បញ្ហា​អ្វីមួយ​ដែល​នាង​មិន អាច​ស្មាន​ដល់ ។

ស្វាមី​ចាត់ទុក​ខ្ញុំ និង កូន​មិន​ស្មើ​មិត្តភក្តិ​

ដំបូង​ការដែល​មិនបាន​ចាត់ទុក​បាយ​ផ្ទះ​សំខាន់​ជាង​មិត្តភក្តិ​ខាងក្រៅ​អាច​បណ្តាលមកពី​គាត់​មើលឃើញ​ភាព​សំខាន់​រវាង​ទំនាក់ទំនង​ទាំងនោះ​ជាមួយ ការងារ​ដែល​គាត់​កំពុង​ធ្វើ ។ ស្វាមី​របស់​នាង​ធ្វើបែបនេះ​ប្រហែលជា​ចង់​រក្សា និង យកចិត្ត​ក្រុមការងារ ឬ មួយ​ថ្នាក់លើ​របស់គាត់ ដើម្បី​ជួយ​ដល់​មុខតំណែង​ដែល គាត់​កំពុង​កាន់កាប់ ។ ម្យ៉ាងទៀត​នាង​ក៏​មិនត្រូវ​រំលង​ចោល​មូលហេតុ​មួយ​ផ្សេងទៀត ដែលនាំឱ្យ​ស្វាមី​ក្លាយជា​មនុស្ស​បែបនេះ នោះ​គឺ​គាត់​កំពុង​តែមាន​គម្រោង​ឈប់​ពី​ការងារ​ដើម្បី​រកស៊ី​ផ្ទាល់ខ្លួន ។ ប្រការនេះ​ក៏​អាច​នាំឱ្យ​ស្វាមី​នាង​ត្រូវ​រក្សា ទំនាក់ទំនង​ដែលមាន​ស្រាប់​ឱ្យបាន​ប្រសើរ​ជាង​មុន និង បង្កើត​ទំនាក់ទំនង​ថ្មី​ឱ្យបាន ទូលំទូលាយ​បន្ថែមទៀត បំណង​ជួយ​ដល់​គម្រោង​រកស៊ី​របស់​ខ្លួន ។

ជាងនេះទៅទៀត​ស្វាមី​របស់​នាង​ក៏​ប្រហែលជា​កំពុងមាន​បញ្ហា​នៅ​ខាងក្រៅ​ទាក់ទិន​នឹង​ផ្លូវចិត្ត គាត់​អាច​កំពុង​ត្រូវបាន​នារី​ណា​ម្នាក់​ទាក់ទាញ​ឱ្យ​ធ្លាក់​ទៅក្នុង​អន្ទាក់ស្នេហ៍​មួយ​ផ្សេងទៀត ដែល​ពិបាក​ដោះស្រាយ ។ គាត់​កំពុងតែ​លាក់បាំង​រឿងនេះ​នឹង​នាង ហើយ​នាង​មិនអាច​ដឹងបាន​ដោយសារតែ​ទំនាក់ទំនង​ស្នេហា​នោះ​ស្ថិតក្នុង​ឆ្នាំ​ណា​ទើប​ចេះ ។​ ​ទោះជា​យ៉ាងណាក៏ដោយ ខាងលើនេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​ទៅលើ​ចំណុច​សំខាន់​ដែល​អាច​កើតមានឡើង វា​មិនមែនជា​ការពិត​នោះទេ ។ ដើម្បី​បាន ដឹង​ប្រាកដ នាង​គួរតែ​ស្វែងយល់​អំពី​ការងារ និង ទំនាក់ទំនង​ខាងក្រៅ​របស់ ស្វាមី​ឱ្យបាន​ច្បាស់​ដើម្បី​ឱ្យដឹងថា តើ​ការងារ​របស់​ស្វាមី​ត្រូវមាន​ទំនាក់ទំនង​ច្រើន យ៉ាងណា​ហើយ​ទំនាក់ទំនង​ទាំងនោះ​ជា​ប្រភេទ​អ្វី ? បន្ទាប់មក​នាង​អាច​វាយ តម្លៃ​ស្ថានភាព និង ស្វែងរក​ដំណោះស្រាយ​ថ្មី ។

ស្វាមី​ចាត់ទុក​ខ្ញុំ និង កូន​មិន​ស្មើ​មិត្តភក្តិ​

ប្រសិន​នាង​បាន​រកឃើញថា ស្វាមី​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្រី ផ្សេង នាង​ក៏​មិនគួរ​ធ្វើឱ្យមាន​បញ្ហា​ធំ ពោលគឺ​មិន​ត្រូវឱ្យ​គាត់​ដឹងថា​នាង​បាន​តាម ដាន​គាត់​ទេ ។ វិធី​ដោះស្រាយ​មួយ​ដែល​សាមញ​បំផុត គឺ​ធ្វើខ្លួន​ឱ្យ​ជាម​នុស្ស​សំខាន់ ដោយ​ថែទាំ​កូន ថែទាំ​ប្តី និង ថែ​សម្រស់​របស់ខ្លួន​ឱ្យ​កាន់តែ​ស្អាត​ជាង​មុន ។ ប្រការនេះ​អាចជា​កត្តា​មួយ​ទាក់ទាញ​ស្វាមី​ឱ្យ​វិលត្រឡប់​មកវិញ​ដោយ​មិនមាន លក្ខខណ្ឌ ។ ប៉ុន្តែ​នៅពេលដែល​ដឹងថា​ស្វាមី​ជា​មនុស្ស​ដែលមាន​ចរិត ឬ ទម្លាប់ សោះកក្រោះ​មិន​យកចិត្តទុកដាក់​នឹង​គ្រួសារ ដោយ​មិនមាន​ថ្ងៃ​កែប្រែបាន​នាង​អាច​នឹងត្រូវ​តាំងចិត្ត​ឱ្យបាន​រឹងមាំ​រស់នៅ​ជាមួយ​ស្ថានភាព​បែបនេះ​ដោយ​មិន​ចាំ បាច់​ខ្វល់​នឹង​ចរិត​របស់​ស្វាមី ហើយ​ចូរ​ងាក​មក​យកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះកូនៗ និង ខ្លួនឯង​ជាសំខាន់ ៕