ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ដោយសារ​ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​កូន​មុំ

ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ធ្នូ ២០១៥ នៅ​លើ​ផ្លូវជាតិ​លេខ​៧៨(​ចំណុច​ផ្លូវ​កោង​) ស្ថិត​ក្នុងភូមិ​សឹក ឃុំ​តា​អង ស្រុក​កូន​មុំ ។ ក្រោយ​ពេល​កើតហេតុ​បាន​ប្រហែល​២០​នាទី​ទើប​មាន​ប៉ូលិស​មូលដ្ឋាន និង​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​បាន​ទៅ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ថា ទិ ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ រស់នៅ​ក្នុងភូមិ​ស្រែ​អង្គ្រង ឃុំ​តា​អង ស្រុក​កូន​មុំ បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1D-6954 ម្នាក់ឯង ចំណែក​ឈ្មោះ ម៉េ​ង ហួរ ហៅ​តា​នំ​បុ័​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ដើរ​លក់​នំ​បុ័ង រង​របួសធ្ងន់ រស់នៅ​ក្រុង​បាន​លុង ជិះ​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ម្នាក់ឯង អត់​ស្លាក​លេខ និង​ផ្ទុក​ឡាំង​ដែក​ពីក្រោយ​មួយ​ដោយ​មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​៣​ដុំ ។

សមត្ថកិច្ច​ដែល​ទៅ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ឈ្មោះ ថា ទិ ដែល​ស្លាប់​នោះ​បាន​ជិះ​ពី​ទិស​ខាងកើត​ទៅ​លិច ហើយ​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង គាត់​បាន​វ៉ា​រថយន្ត​១​គ្រឿង ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ចំ​ឡាំង​ដែក​ម៉ូតូ​១​ផ្សេង​ទៀត​បណ្តាល​អោយ​ផ្លោង​ធ្លាក់​ទៅ​ក្រៅ​ផ្លូវ​ចំងាយ​៥០​ម៉ែត្រ បាក់​ក​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​តែ​ម្តង ចំណែក​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ល​ដែល​ដឹក​ដាក់​ឡាំង​ដែក​ពីក្រោយ​នោះ​ធ្លាក់​ទៅ​ក្រៅ​ផ្លូវ​ចំងាយ​៣​ម៉ែត្រ​បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ និង​ខ្ទាត​ឈើ​ចេញពី​ឡាំង​ដែក​ចំនួន​៣​ដុំ​ផង​ដែរ ។ សមត្ថកិច្ច​ប៉ូលិស​បន្ត​ទៀត​ថា គ្រោះថ្នាក់​ចរាច​ណ៍​នេះ​បណ្តាល​មក​ពី​ម៉ូតូ​បើក​បញ្ច្រាស់ទិស​គ្នា​បើក​ក្នុង​ល្បឿន​លឿន​គ្មាន​ការ​ប្រុង​ប្រយ័ត្ន ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​លំនៅ​ដ្ឋា​ន​តាម​ប្រពៃណី ចំណែកឯ​អ្នក​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត នៅ​ពេល​នេះ​មន្ត្រី​ពេទ្យ​មិន​ទាន់​បាន​ប្រាប់​អោយ​ដឹង​ថា​យ៉ាងណា​នោះ​ទេ ព្រោះ​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់ ។ រីឯ​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង និង​ឈើ​៣​ដុំ យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាច​ណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕