សហព័ន្ធ​មិត្តភាព​សភា​តំបន់​ទន្លេមេគង្គ​-​ជប៉ុន ស្វែងរក​លទ្ធភាព​ពង្រឹង ចំណងមិត្តភាព​ជាមួយ រដ្ឋសភា​កម្ពុជា​

ភ្នំពេញ: ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាត​ឲ្យ​ឯកឧត្តម មិ​គិ វ៉ា​តា​ណា​បេ សមាជិក​ព្រឹទ្ធសភា​ជប៉ុន និង​ប្រធាន លេខាធិការដ្ឋាន​សហព័ន្ធ​មិត្តភាព​សភា តំបន់​ទន្លេមេគង្គ​-​ជប៉ុន ចូលជួប​សម្តែង​ការគួរសម នា​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា ។​

​នៅក្នុង​ជំនួប​នោះ លោក មិ​គិ វ៉ា​តា​ណា​បេ បាន​ជម្រាប សម្តេច​ប្រធាន ពី​បេសកកម្ម​របស់ សហព័ន្ធ​មិត្តភាព​សភា​តំបន់​ទន្លេមេគង្គ​-​ជប៉ុន ដោយបាន គូសបញ្ជាក់ថា​សហព័ន្ធ​នេះ ជា​ក្រុម​មិត្តភាព​ធំ​មួយ​របស់​សភា​ជប៉ុន ដែលមាន​បេសកកម្ម ធ្វើការ​រឹតចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការ​ជាមួយ ប្រទេស​ជា​មិត្ត នៅតាម​ដង​ទន្លេមេគង្គ​។​

​លោក មិ​គិ វ៉ា​តា​ណា​បេ បានលើកឡើង​ទៀតថា ក្រៅពី​មាន​ចំណងមិត្តភាព ជាមួយ​បណ្តា​ប្រទេស តាម​ដង​ទន្លេមេគង្គ សហព័ន្ធ​មិត្តភាព​សភា តំបន់​ទន្លេមេគង្គ​-​ជប៉ុន មាន​កិច្ចសហប្រតិបត្តិការ ជាមួយ​សភា បណ្តា​ប្រទេស​ទន្លេមេគង្គ ជា​ទ្វេភាគី​ទៀតផង ដែល​បច្ចុប្បន្ននេះ ក្រុម​មិត្តភាព​នេះ បាន​កំពុង​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​សភា​ប្រទេស​កម្ពុជា ឡាវ វៀតណាម និង​មី​យ៉ាន់​ម៉ា ជាដើម​។​

​លោក ប្រធាន​គណៈប្រតិភូ បាន​មានប្រសាសន៍​បន្តថា ជាក់ស្តែង ដូចជា​នៅក្នុង​ដំណើរ​ទស្សនកិច្ច របស់ លោក និង​ក្រុមការងារ មកកាន់ ប្រទេស​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ពង្រឹងពង្រីក ចំណងមិត្តភាព សហព័ន្ធ​មិត្តភាព​សភា​ទន្លេមេគង្គ​-​ជប៉ុន និង​រដ្ឋសភា​កម្ពុជា ឲ្យ​រឹងមាំ និង​មាន​កិច្ច សហប្រតិបត្តិការ លើ​វិស័យ​ជាច្រើន​ទៀត ក្នុង​គោលបំណង​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក៏ដូចជា​រឹតចំណង​មិត្តភាព រវាង​ប្រទេស និង​ប្រជាជន កម្ពុជា ជប៉ុន​ឲ្យ​រឹងមាំ​ខ្លាំងក្លា​មួយកម្រិត​ថែមទៀត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ស្វាគមន៍​គោលបំណង​របស់​គណៈប្រតិភូ និង​បានលើកឡើង​ពី​ចំណងមិត្តភាព​ដ៏​ល្អ​រវាង​កម្ពុជា​-​ជប៉ុន​។ នៅពេល​មានប្រសាសន៍​ដល់​ប្រទេស​ជប៉ុន សម្តេច​មិន​ភ្លេច​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​បាន​ជួយ ដល់​កម្ពុជា​ឡើយ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់ថា ជប៉ុន​ជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​។ ជប៉ុន​បាន​ចូលរួមចំណែក​ស្វែងរក សុខសន្តិភាព​ជូន​កម្ពុជា រហូត​មាន កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​។ បន្ទាប់មក​ជប៉ុន​បាន​ក្លាយជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​រហូតមកដល់ ពេលបច្ចុប្បន្ន នេះ​។ និយាយ​ជារួម ជប៉ុន​បាន​ជួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស និង​ដំណើរការ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា នៅពេល​បច្ចុប្បន្ននេះ ចំណងមិត្តភាព​កម្ពុជា ជប៉ុន បាន​ឈានដល់​កម្រិត​ជា​ដៃគូ សហប្រតិបត្តិការ​។ សម្តេច​ប្រធាន​រដ្ឋ សភា បាន​លើកឡើងថា ក្នុង​ចំណងមិត្តភាព​ដ៏​រឹងមាំ​កន្លងមក ថ្នាក់ដឹកនាំ​កំពូលៗ របស់​ប្រទេស​ទាំងពីរ បាន​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នឹង​គ្នា​ទៅវិញទៅមក ជាច្រើនលើក ក្នុងនោះ សម្តេច ផ្ទាល់​ក៏​ធ្លាប់បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។​

​ជាមួយគ្នានេះ លោក មិ​គិ វ៉ា​តា​ណា​បេ ក៏បាន​ជម្រាបជូន​សម្តេច​វិញ​ដែរ​ថា ដំណើរ​ទស្សនកិច្ច របស់​ក្រុមការងារ​ឯកឧត្តម នៅពេលនេះ ក៏​ដើម្បី ត្រួសត្រាយ​ឲ្យ​មានដំណើរ​ទស្សនកិច្ច របស់​ថ្នាក់ដឹកនាំ សហព័ន្ធ​មិត្តភាព​សភា​តំបន់​ទន្លេមេគង្គ​-​ជប៉ុន មកកាន់​ប្រទេស​កម្ពុជា នាពេលខាងមុខ​ឆាប់ៗ នេះដែរ​។ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ បាន​ជម្រាបជូន​សម្តេច​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នោះ គ្រោង​នឹង​ជជែក​លម្អិត​ពី​កិច្ចសហប្រតិបត្តិការ រវាង​សហព័ន្ធ​មិត្តភាព​សភា​ទន្លេមេគង្គ​-​ជប៉ុន និង​រដ្ឋសភា​កម្ពុជា​។​

​នៅ​ទីបញ្ចប់ សម្តេច​ប្រធានរដ្ឋសភា ស្នើ​ដល់​គណៈប្រតិភូ អញ្ជើញ​ជជែក​បញ្ហា​នេះ​លម្អិត ជាមួយ លោក ឈាង វុន ប្រធាន គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និង ព័ត៌មាន នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​មិត្តភាព​សភា​កម្ពុជា -​ជប៉ុន​។​

​សូម​ជម្រាបជូន​ថា នៅក្នុង​ឱកាស​ចូលជួប​សម្តែង​ការគួរសម ជាមួយ​សម្តេច​ប្រធានរដ្ឋសភា លោក មិ​គិ វ៉ា​តា​ណា​បេ បាន​ជម្រាបជូន​សម្តេច​ថា លោក ក៏​ជា​អ្នកវិនិយោគទុន ជនជាតិ ជប៉ុន​ម្នាក់ ដែល​បាន​បណ្តាក់ទុន​នៅ​កម្ពុជា​។ ក្នុងឱកាស​នោះ លោក​បាន​មានប្រសាសន៍ នៅ​ចំពោះ សម្តេច​ថា នឹង​ខិតខំ​ជួយ​ជំរុញ​អ្នកវិនិយោគទុន​ជប៉ុន ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា កាន់តែ​ច្រើនឡើង ផងដែរ​៕​

សហព័ន្ធ​មិត្តភាព​សភា​តំបន់​ទន្លេមេគង្គ​-​ជប៉ុន ស្វែងរក​លទ្ធភាព​ពង្រឹង ចំណងមិត្តភាព​ជាមួយ រដ្ឋសភា​កម្ពុជា​

សហព័ន្ធ​មិត្តភាព​សភា​តំបន់​ទន្លេមេគង្គ​-​ជប៉ុន ស្វែងរក​លទ្ធភាព​ពង្រឹង ចំណងមិត្តភាព​ជាមួយ រដ្ឋសភា​កម្ពុជា​

សហព័ន្ធ​មិត្តភាព​សភា​តំបន់​ទន្លេមេគង្គ​-​ជប៉ុន ស្វែងរក​លទ្ធភាព​ពង្រឹង ចំណងមិត្តភាព​ជាមួយ រដ្ឋសភា​កម្ពុជា​

សហព័ន្ធ​មិត្តភាព​សភា​តំបន់​ទន្លេមេគង្គ​-​ជប៉ុន ស្វែងរក​លទ្ធភាព​ពង្រឹង ចំណងមិត្តភាព​ជាមួយ រដ្ឋសភា​កម្ពុជា​