ជិត​១​ស​ប្តា​ហ៍​ រដ្ឋសភា​ចំណាយ​២​លាន​ដុល្លារ​លើ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨​នៅ​កម្ពុជា​

​កាលពី​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ដល់​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​នេះ​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​រៀបចំ​មហាសន្និបាត​សភា​តំបន់​អាស៊ី​ (Asian​ Parliamentary​ Assembly-APA)​ លើក​ទី​៨​ ដែល​មាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​ និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​ជា​ប្រធាន​ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​មួយ​គត់​នៅ​កម្ពុជា​ មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​មេដឹកនាំ​របស់​ខ្លួន​ គឺ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​កម្ពុជា​ចេញ​ដីកា​បង្គាប់​ចាប់ខ្លួន​ ព្រោះ​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​មិន​ទាន់​បាន​អនុវត្តន៍​ទោស​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​ចុះហត្ថលេខា​នៅ​លើ​អនុក្រឹត្យ​មួយ​ អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៨.០៥៣.៧០០.០០០​រៀល​ (​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦០(​ការ​ទិញ​)​ចំនួន​៦៤១.៤៦០.០០០​រៀល​ និង​ជំពូក​៦១(​សេវាកម្ម​)​ចំនួន​៧.៤១២.២៤០.០០០​រៀល​ ជូន​រដ្ឋសភា​សម្រាប់​ចំណាយ​លើ​ការ​រៀបចំ​មហាសន្និបាត​សភា​តំបន់​អាស៊ី​(APA)​ លើក​ទី​៨​ នៅ​លើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​០៧​ ខែធ្នូ​ ដល់​ថ្ងៃ​ទី​១២​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​សរុបសេចក្តី​មក​ រយៈពេល​ជិត​១​ស​ប្តា​ហ៍​ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ចំណាយ​ថវិកាជាតិ​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក​ លើ​ការ​រៀបចំ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨​ ៕​

ជិត​១​ស​ប្តា​ហ៍​ រដ្ឋសភា​ចំណាយ​២​លាន​ដុល្លារ​លើ​មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៨​នៅ​កម្ពុជា​