តោ​ខៀវ បញ្ឈប់ «The Special One» ពី​តំណែង​អ្នកចាត់ការ​ទូទៅ​

​ក្រុម​តោ​ខៀវ Chelsea បានបញ្ចប់​តំណែង​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho ហើយ​បន្ទាប់ពី​ដឹកនាំ​មិនបាន​ល្អ​តាំងពី​ចាប់ផ្តើម​រដូវ​កាល់​ថ្មី​នេះ និង​បន្ទាប់ពី​លោក​ដឹកនាំ​ក្រុម​មួយ​នេះ​ឈ្នះ​ពាន Premier League រយៈពេល​ប្រាំពីរ​ខែ​ប៉ុណ្ណោះ​បើ​គិត​មកដល់​ថ្ងៃនេះ ។​

​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៥២ឆ្នាំ​រូបនេះ​បានមក​ដឹកនាំ Chelsea ជា​លើក​ទី​ពីរ​ម្តងទៀត​កាលពី​ឆ្នាំ​២០១៣ បន្ទាប់ពី​ម្ចាស់​ក្លិប Roman Abramovich បាន​បញ្ជ​ប់​តំណែង Mourinho ដូចគ្នានេះដែរ​កាលពី​ឆ្នាំ​២០០៨​។​

​កាលពី​រដូវ​កាល​មុន Mourinho បាន​ដឹកនាំ​តោ​ខៀវឲ្យឈ្នះ​ពាន Premier League ដោយមាន​ពិ​ន្ទ​នាំ​មុខដាច់​ក្រុម​លេខ​ពី​ដល់​ទៅ​៨​ពិន្ទុ​។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​ថ្មី ២០១៥-២០១៦ នេះ​អតីត​អ្នកចាត់ការ Real Madrid រូបនេះ​ដឹកនាំ​ក្រុម​រកបាន​តែ ១៥​ពិ​ន្ទ​ប៉ុណ្ណោះ​ក្នុង​១៦​ប្រកួត ដោយ​ឃ្លាតឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ដល់​ទៅ​២០​ពិន្ទុ និង​នៅលើ​ក្រុម​ក្នុង​តំបន់​កាត់​ចោល​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។​

​សម្រាប់​បេក្ខភាព​គ្រូបង្វឹក​ដែល​ត្រូវ​ជំនួស​តំណែង Jose Mourinho មានដូចជា​លោក Pep Guardiola អ្នកចាត់ការ​ទូទៅ​ក្រុម Bayern Munich បច្ចុប្បន្ន លោក Guus Hiddink, លោក Brendan Rodgers និង Juande Ramos ជាដើម​៕