ក្រុមហ៊ុន សិង្ហបុរីមួយ ត្រូវបានជាប់ចោទ ពីបទផ្តល់ប្រាក់ ដល់ប្រទេស កូរ៉េខាងជើង

តូក្យូ៖ រដ្ឋាភិបាល សិង្ហបុរី កាលពីថ្ងៃចន្ទ កន្លងទៅនេះ បានធ្វើការព្រមាន ដល់ក្រុមហ៊ុនមួយ ចំនួនដែលកំពុង ធ្វើទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេស កូរ៉េខាងជើង ខណៈដែលថ្មីៗនេះ តុលាការបានសម្រេច ចោទប្រកាន់ទៅ លើក្រុមហ៊ុនភ្នាក់ងារដឹកជញ្ជូន ក្នុងស្រុកមួយ ដែលបានផ្តល់ប្រាក់ជួយ ដល់រដ្ឋាភិបាលក្រុង ព្យុងយ៉ាងក្នុងការទិញអាវុធ។

ការចោទប្រកាន់ទៅលើក្រុមហ៊ុន Chinpo Shipping ដែលបានបញ្ជូនប្រាក់រាប់លានដុល្លារ ដល់ប្រទេស កូរ៉េខាងជើង ជាការរកឃើញព័ត៌មាន ដ៏សំខាន់ ពីរបៀប ប្រើប្រាស់ភ្នាក់ងារផ្ទេរប្រាក់តាមរយៈប្រព័ន្ធ ធនាគារអន្តរជាតិ ដោយសម្ងាត់ ដោយមិនបាច់ឆ្លង កាត់ការត្រួតពិនិត្យ។

លោកស្រី Andrea Berger អ្នកជំនាញផ្នែកអាវុធនុយក្លេអ៊ែរប្រចាំវិទ្យាស្ថាន Royal United Services Institute ក្នុងទីក្រុង ឡុងន៍ បានលើកឡើងថា នេះជាករណីដ៏ពិសេសមួយ ក្នុងការកាត់ទោសទៅលើឈ្មួញ កណ្តាលជនជាតិកូរ៉េខាងជើងមួយចំនួន។ លោកស្រីបានបង្ហាញការកត់សម្គាល់ថា នេះជាករណីទីមួយហើយសម្រាប់ប្រទេស សិង្ហបុរីដែលចេញមុខហាមឃាត់ក្រុមហ៊ុនក្នុងស្រុក មិនឲ្យជួយដល់កម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ប្រទេស កូរ៉េខាងជើង។

លោកស្រីបន្តថា«បច្ចុប្បន្ន យើងអាចប្រើប្រាស់ករណីនេះ ដើម្បីឈានទៅចាត់ជាវិធានការ ប្រឆាំងនឹងឈ្មួញកណ្តាលដទៃទៀតក្នុងប្រទេស សិង្ហបុរី ក៏ដូចជានៅក្រៅប្រទេស ដែលជួយដល់សកម្មភាពជួញដូរ អាវុធរបស់ប្រទេស កូរ៉េខាងជើង នៅក្រៅប្រទេស ក៏ដូចជាការពង្រីកកម្មវិធី នុយក្លេអ៊ែររបស់ខ្លួន។

កន្លងមកសហរដ្ឋអាម៉េរិក ព្យាយាមកាត់ផ្តាច់មិនឲ្យប្រទេស កូរ៉េខាងជើងអាចប្រើប្រាស់ប្រព័ន្ធធនាគារអន្តរជាតិ ដើម្បីជាមធ្យោបាយក្នុងការបញ្ឈប់មិនឲ្យអន្តរជាតិឧបត្ថម្ភដល់កម្មវិធីនុយក្លេអ៊ែរររបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ហើយជាការពិតណាស់វាក៏ជាផ្នែកមួយដែល សហរដ្ឋអាម៉េរិកចង់ឲ្យបណ្តាប្រទេសដទៃទៀតចូលរួមប្រឆាំងនឹងប្រទេស កុម្មុយនីសផ្តាច់ ខ្លួនពីពិភពលោកមួយនេះផងដែរ។

ករណីពាក់ព័ន្ធនឹងក្រុមហ៊ុន Chinpo ដែលមានលក្ខណៈជាក្រុមហ៊ុនបែបគ្រួសារប្រចាំប្រទេស សិង្ហបុរី ដែលបានសហការជាមួយក្រុមហ៊ុនកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ១៩៧២មក។ ក្នុងរយៈពេលជាច្រើនឆ្នាំក្រោយមក ក្រុមគ្រួសារTan ដែលជាម្ចាស់ក្រុមហ៊ុននេះ បានបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយប្រទេស កូរ៉េខាងជើងកាន់តែខ្លាំង។
ក្រុមហ៊ុន Chinpo មួយនេះ ក៏ធ្លាប់មានទំនាក់ទំនងពិសេសជាមួយក្រុមហ៊ុន Ocean Maritime Management ហៅកាត់ថា OMM ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេស កូរ៉េខាងជើង និងធ្លាប់ទទួលរងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក កាលពីខែកក្កដា ឆ្នាំ២០១៤កន្លងទៅនេះ បន្ទាប់ពីគេរកឃើញថា បានបង្កប់តួយន្តហោះMiC ដែលមិនទាន់តម្លើងចំនួន២គ្រឿង ម៉ាស៊ីនយន្តហោះMiG ចំនួន១៥គ្រឿង សមាសធាតុនៃគ្រាប់មីស៊ីលសម្រាប់បាញ់ទម្លាក់យន្តហោះ រួមទាំងគ្រាប់រ៉ុកែតសម្រាប់បាញ់ប្រហាររថក្រោះ និងអាវុធជាច្រើនប្រភេទផ្សេងៗទៀត លាក់នៅក្រោមស្កសចំនួន១០ពាន់តោន។

លោកស្រីជាអ្នកជំនាញរូបនេះ លើកឡើងថា នេះជាការដឹកជញ្ជូនអាវុធទ្រង់ទ្រាយធំមួយ ចាប់តាំងពីអង្គការសហប្រជាជាតិ ចេញសេចក្តីសម្រេចលេខ១៧១៨ ដើម្បីប្រឆាំងនឹងប្រទេស កូរ៉េខាងជើង បន្ទាប់ពីប្រទេសមួយនេះ បានបាញ់សាកល្បងនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងកាលពីឆ្នាំ២០០៦កន្លងទៅនេះ។

ជាមួយគ្នានេះដែរ ក៏មានលេចលឺនូវព័ត៌មានថា ក្រុមហ៊ុន Chinpo នេះ ធ្លាប់បានផ្តល់ប្រាក់ចំនួន៧២.០១៦ដុល្លារទៅភ្នាក់ងារដឹកជញ្ជូន ដើម្បីជាសំណូក និងធានាឲ្យបានថា នាវា Chong Chon Gang ពិតជាអាចដឹកជញ្ជូនទំនិញពីប្រទេស គុយបា ទៅកាន់ប្រទេស កូរ៉េខាងជើងដោយជោគជ័យ។ ហើយនេះគ្រាន់តែជាការផ្តល់ប្រាក់មួយលើកក្នុងចំណោម ៦០៥លើក នៃការធ្វើទំនាក់ទំនងពាណិជ្ចកម្មរវាងក្រុមហ៊ុនChinpo ជាមួយកូរ៉េខាងជើង ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣កន្លងទៅនេះដែលមានតម្លៃជាទឹកប្រាក់៤០លានដុល្លារ។

ដោយសារក្រុមហ៊ុនChinpo ដឹងច្បាស់ថា ក្រុមហ៊ុន OMM មិនអាចប្រើប្រាស់គណនីធនាគារអន្តរជាតិ ហើយមិនអាចទទួលបា្រក់បញ្ញើរបាន ព្រោះវាជាក្រុមហ៊ុនរបស់ប្រទេស កូរ៉េខាងជើង ហេតុនេះ ក្រុមហ៊ុនChinpo ត្រូវព្រមព្រៀងក្នុងការបញ្ជូនប្រាក់តាមមធ្យោបាយផ្សេងទៀត នេះបើយោងតាមការលើកឡើងរបស់ព្រះរាជអាជ្ញាក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្នុងតុលាការ។

ព្រះរាជអាជ្ញាប្រចាំប្រទេស សិង្ហបុរី បានចោទប្រកាន់ក្រុមហ៊ុនChinpo ចំនួនពីរករណី។ ករណីទីមួយ ពីបទបំពានទៅលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយបានផ្ទេរប្រាក់ជួយដល់កម្មវិធីនុយក្លេអ៊ែរ និងអាវុធរបស់ប្រទេស កូរ៉េខាងជើង ដែលកន្លងមក អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្ម ដើម្បីឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង បោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ដោយឡែកករណីទីពីរ ព្រះរាជអាជ្ញាបានចោទប្រកាន់ក្រុមហ៊ុន ពីបទផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតច្បាស់លាស់។

ពាក់ព័ន្ធនឹងករណីក្រុមហ៊ុនChinpo ដែលគ្រប់គ្រងដោយលោក Tan Cheng Hoe ដែលមានវ័យ៨៣ឆ្នាំរួមជាមួយកូនស្រីពីរនាក់របស់លោក ត្រូវបានលោកស្រី Kaur លើកឡើងពីរបៀបដែលពួកគេបញ្ជូនប្រាក់តាមរយៈគណនីរបស់ក្រុមហ៊ុន ដោយមិនឆ្លងកាត់ការត្រួតពិនិត្យ ហើយព្យាយាមលាក់បាំងទៅលើបញ្ហានេះ។

សូមជម្រាបថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១០មក ក្រុមហ៊ុនដឹកជញ្ចូនមួយនេះ មិនបានបង្ហាញឈ្មោះនាវាដែលខ្លួនផ្ញើប្រាក់នោះទេ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ បានអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េខាងជើង OMM ប្រើប្រាស់គណនីធនាគាររបស់ខ្លួនដើម្បីអាចកាន់កាប់ និងបញ្ជូនប្រាក់ បើទោះបីសកម្មភាពនៃការដឹកជញ្ជូនរបស់ខ្លួនមានការធ្លាក់ចុះត្រឹមតែបួនលើកប៉ុណ្ណោះក្នុងឆ្នាំ២០១៣។ ភាពខុសប្លែកពីធម្មតាបែបនេះ បានបង្ហាញយ៉ាងច្បាស់ថា វាជាសកម្មភាពជួយសម្រួលដល់ក្រុមហ៊ុន កូរ៉េខាងជើង ដោយសារក្រុមហ៊ុននោះមិនអាចប្រើប្រាស់ប្រព័ន្ធធនាគារអន្តរជាតិ បន្ទាប់ពីទទួលទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ និងសហរដ្ឋអាម៉េរិក។ បន្ទាប់ពីការចោទប្រកាន់ពីតុលាការ លោក Edomond Pereira មេធាវីការពារក្តីទៅលើករណីនេះ បានបញ្ជាក់ថា រឿងនេះជាបញ្ហាដ៏គួរឲ្យខកចិត្តជាខ្លាំង។

សូមជម្រាបថា ការកាត់ទោសទៅលើករណីនេះ នឹងធ្វើឡើងនៅចុងខែមករាខាងមុខ។ ដោយសារនេះជាការចោទប្រកាន់ទៅលើក្រុមហ៊ុន មិនមែនទៅលើបុគ្គល ហេតុនេះ ក្រុមហ៊ុននឹងត្រូវផាកពិន័យជាទឹកប្រាក់ប្រមាណ ៧១.០០០ដុល្លារអាម៉េរិក សម្រាប់ករណីនីមួយៗ តែគ្មានការដាក់ទោសក្នុងពន្ធធនាគារនោះទេ៕

ក្រុមហ៊ុន សិង្ហបុរីមួយ ត្រូវបានជាប់ចោទ ពីបទផ្តល់ប្រាក់ ដល់ប្រទេស កូរ៉េខាងជើង