​ទាហាន​ថៃ​បាន​យក​សោ​មកចាក់​នៅ​ទ្វារ​ដែក​ច្រកចេញចូល​ប្រាសាទព្រះវិហារ​វិញ​ហើយ​

​ខេត្តព្រះវិហារ​៖​យោងតាម​សេចក្តីរាយការណ៍​នៅមុននេះ​បន្តិច​បាន​ឲ្យ​ដឹងថា  នាទី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ​នេះ កម្លាំង​ទាហាន​ឈុតខ្មៅ​, និង​បា​រ៉ា​ចំនួន​៥​នាក់ បាន​ត្រឡប់​យក​ច្រវាក់​ដដែល តែ​មេសោ​ថ្មី​មកចាក់​នៅ​ទ្វារ​ដែក​ច្រកចេញចូល​ប្រាសាទព្រះវិហារ​វិញ​។​

​សេចក្តីរាយការណ៍​បញ្ជា​ក់ថា ការយក​សោ​មកចាក់​វិញ​នេះ​គឺ​បន្ទាប់ពី​មានប្រតិកម្ម​ពី​ខាង​កម្ពុជា​លោក​ឧត្ដមសេនីយ៍​ស្រី ឌឹ​ក នាយរង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​កងពលធំ អន្តរាគមន៍​លេខ​៣ បានដាក់​បទបញ្ជា​ឱ្យ​ទាហាន​នៅតាម​ព្រំដែន ជាពិសេស​នៅ​ប្រាសាទព្រះវិហារ បាញ់ប្រហារ ទាហាន​ថៃ ឬ​កង​ឈុតខ្មៅ ព្រមទាំង​ប៉ូលិស​ថៃ ទាំងឡាយណា ដែល​ហ៊ាន​ចូលមក​កាត់​ច្រ​វ៉ា​ក់​ខ្លោងទ្វារ​ព្រំដែន​ប្រាសាទព្រះវិហារ ជាថ្មី​ម្ដងទៀត​នៅ​ថ្ងៃ​ណាមួយ​។ 

​គួរ​បញ្ជាក់ថា នៅវេលា​ម៉ោង​ប្រមាណ ១២ និង​៣០​នាទី​ថ្ងៃទី​១៧ ខែធ្នូ​នេះ កម្លាំង​ទាហាន​ឈុតខ្មៅ​, នគរបាល និង​ជន​ស៊ីវិល​របស់​ថៃ ចំនួន​១៩​នាក់ បាន​ចូលមក​ថត និង​កាត់​សោ​ទ្វារ​ដែក​ច្រកចេញចូល​ប្រាសាទព្រះវិហារ ហើយ​គេច​ចូលទៅ​ទឹកដី​ថៃ​បាត់ ទោះបី​មានការ​តវ៉ា​ពី​កម្លាំងយោធា​របស់​កម្ពុជា ដែល​ប្រចាំការ​នៅ​ទីនោះ​ក៏ដោយ​៕

​ទាហាន​ថៃ​បាន​យក​សោ​មកចាក់​នៅ​ទ្វារ​ដែក​ច្រកចេញចូល​ប្រាសាទព្រះវិហារ​វិញ​ហើយ​