នគរបាល​ខេត្តមណ្ឌលគិរី​ចាប់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីលួច​រថយន្ត​បាន​៤​ថ្ងៃ​

ដោយ​៖​សំណាង​

​ខេត្តមណ្ឌលគិរី​៖​កំលាំង​នគរ​នាល​ខេត្តមណ្ឌលគិរី​ធ្វើការ​ឃាត់ខ្លួន​ជន​សង​សង្ស័យ​២​នាក់​ក្នុងករណី​លួច​រថយន្ត​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ក្រុង​សែន​មនោ​រម្យ ហើយ​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២១០៥ ត្រូវបាន​នគរបាល​ខេត្ត​ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ​។​

​លោក តូច យ៉ុ​ន ស្នងការ​ខេត្តមណ្ឌលគិរី​បាន​ប្រាប់ថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត​ថា​មាន​ករណី​មាន​ក្រុមចោរ​ចូល​លួច​រថយន្ត​បាត់​មួយគ្រឿង​ម៉ាក​កាមរី​គូថ​ស្វិត​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២១០៥ ភ្លាមនោះ​លោក​បាន​ចាត់ចែង​កងកំលាំង​នគរបាល​ខេត្ត ក្រុង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​វែកមុខ​រកមុខ​សញ្ញា​រហូត​ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២១០៥ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​នៅក្នុង​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី និង​ធ្វើការ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅកាន់​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​ខេត្ត​ដើម្បី​ធ្វើការ​សាល​សួរ​។​

​លោក​វរសេនីយ៍ឯក ស៊ុម សោភ័ណ្ណ នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់ថា ជនសង្ស័យ​ចំនួន​២​នាក់​ក្នុងករណី​ចូល​លួច​រថយន្ត​នៅ​មន្ទីរ​បរិស្ថាន​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ទី​១​ឈ្មោះ​កែវ សុ​វណ្ណា​រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី និង​ទី​២​ឈ្មោះ យន់ សុធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ លោក​បញ្ជាក់ថា បើតាម​ចំលើយ​ជនសង្ស័យ​ទីមួយ​ឈ្មោះ កែវ សុវណ្ណ​រា នៅ​ចំពោះមុខ​សមត្ថកិច្ច​បាន​សារភាពថា បានជា​ខ្លួន​ចូល​លួច​រថយន្ត​នេះ​ព្រោះ​ឈ្មោះ យន់ សុធា ជា​ជនសង្ស័យ​ទី​ពីរបាន​សន្យា​ឱ្យប្រាក់​គេ​ចំនួន​៥០០​ដុល្លារ ។ ចំណែក​ជនសង្ស័យ​ទី​ពីរ​ឈ្មោះ យន់ សុធា នៅ​ចំពោះមុខ​សមត្ថកិច្ច​ខ្លួន​បាន​ឆ្លើយថា អត់​បាន​ស្គាល់​ជនសង្ស័យ​ទី​ពីរ​ទេ ហើយក៏​ពុំបាន​ស្គាល់គ្នា​ដែរ​។ តែ​ទោះបីយ៉ាងណា​លោកនាយ​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​សាកសួរ​បន្ត​តាម​នីតិវិធី​និង​រៀបចំ​បញ្ជូន​ទៅកាន់​សាលាដំបូង​ចាត់ការ​តាមច្បាប់​៕

នគរបាល​ខេត្តមណ្ឌលគិរី​ចាប់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីលួច​រថយន្ត​បាន​៤​ថ្ងៃ​