ការ​វះ​កាត់​ច្រមុះ​គួរ​ធ្វើ​ពេល​វ័យ​ចាប់​ពី ​២០​ ឆ្នាំ​ទ្បើង​

ការ​វះ​កាត់​កែ​សម្ឆស្ស​ជា​រឿយ​ៗនៅ​កម្ពុជា​ ធ្វើ​ទ្បើង​ដោយ​គ្រូពេទ្យ​គ្មាន​ជំនាញ​ ដែល​បាន​បណ្តាល​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព ​និង​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ជា​រឿយ​ៗ។ ការ​វះ​កាត់​កែ​សម្ឆស្ស​ផ្ទៃ​មុខ​ មាន​ច្រើ​ន​បែប​សណ្ឋាន ​ដូច​ជា ​ការ​វះ​កាត់​ច្រមុះ ​ចង្កា​ ត្របក​ភ្នែក ​ប៉ុន្តែ​នៅ​ក្នុង​អត្ថបទ​លេខ​នេះ​ Cool ​News​ បាន​លើក​យក​ការ​វះ​កាត់​ច្រមុះ​មក​បកស្រាយ ​ដើម្បី​ឲ្យ​អ្នក​មាន​បំណង​កែ​ខ្ទង់​ច្រមុះ​ដឹង​ពី​ផល​វិបាក ​និង​ភាព​វិជ្ជមាន​ទទួល​បាន​ពី​ការ​វះ​កាត់​កែ​ច្រមុះ។​
ការ​វះ​កាត់​ច្រមុះ​គួរ​ធ្វើ​ពេល​វ័យ​ចាប់​ពី ​២០​ ឆ្នាំ​ទ្បើង​

លោក​វេជ្ជ​បណ្ឌិត​Woojin Kim​អ្នកឯកទេស​កែសម្ឆស្ស​ជនជាតិ​កូរ៉េ​ដែល​បាន​មក​បើក​គ្លីនិក​ឈ្មោះ​សាម​សុង ​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ថា ​កា​រ​វះ​កាត់​កែ​ខ្ទង់​ច្រមុះ​​គួរ​ធ្វើ​ទ្បើង​សម្រាប់​មនុស្ស ​ដែល​មាន​វ័យ​ចាប់​ពី​២០​ឆ្នាំ​ទ្បើង​ទៅ ​ព្រោះ​ការ​ប្រើ​អ៊ីន​ព្លែន​ចូល​ក្នុង​សាច់ ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​មាន​បញ្ហា​អាលែក​ហ្ស៊ី​ និង​អ្នក​ខ្លះ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​។លោក​បន្ត​ថា ​ទោះ​ជា​យ៉ាងណា​រហូត​មក​ទល់​ពេល​នេះ​ការ​អាលែក​ហ្ស៊ី​ បណ្តាល​មក​ពី​ការ​បញ្ចូល​អ៊ីន​ព្លែន​ចូល​ក្នុង​សាច់​មិន​ បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ។​
លោក​បាន​លើក​យក​បទ​ពិសោធន៍​នៅ​ប្រទេស​កូរ៉េ​យក​មក​បញ្ជាក់​ថា​ មាន​សិស្ស​អនុ​វិទ្យាល័យ​ និង​វិទ្យាល័យ​នៅ​ប្រទេស​កូរ៉េ​ជាច្រើន​ បាន​រក​សេវា​កែ​ខ្ទង់​ច្រមុះ ​នៅ​ពេល​ពួក​គេ​មាន​វ័យ​នៅ​ក្មេង​ខ្ចី​នៅ​ទ្បើយ​។ អាយុ​ក្រោម​២០​ឆ្នាំ​គឺ​ជា​វ័​យ​ដែល​ច្រមុះ​ មិនទាន់មានការប្រែប្រួលពិតប្រាកដនៅទ្បើយ តែវ័យចាប់ពី២០ឆ្នាំទ្បើងទៅ ទើបទម្រង់ច្រមុះមិនមានការប្រែប្រួល។លោកបន្តថា មានអ្នកខ្លះពេលវ័យនៅក្មេងខ្ចី ច្រមុះរបស់ពួកគេមានរូបរាងកំប៉ិត តែនៅពេលពួកគេពេញវ័យបែរជាច្រមុះរបស់ពួកគេមានទម្រង់ស្អាតទៅវិញ។​
លោកបញ្ជាក់ថា “ការកែសម្ឆស្សវាមិនស្រស់ស្អាតនោះទេ ទុកសម្រស់ធម្មជាតិគឺវាស្អាតជាង ហើយការកែសម្ឆស្សបានបង្កផលវិបាកជាច្រើន ប្រសិនជាអ្នកកែសម្ឆស្សធ្វើការកែសម្ឆស្ស ជាមួយគ្រូពេទ្យគ្មានជំនាញ និងធ្វើការកែសម្ឆស្សដោយឧបករណ៍វះកាត់មិនបានធ្វើការសំលាប់មេរោគឲ្យបានត្រឹមត្រូវ”។
លោកវេជ្ជបណ្ឌិតWooJing Kimបានបន្តថា ប្រសិនជាលោកអ្នកចង់ស្អាត គួរតែធ្វើបន្តិចបន្តួចបានហើយ តែបើចង់បានច្រមុះតូច និងមានខ្ទង់ខ្ពស់គឺមិនស្រស់ស្អាតនោះទ្បើយ ព្រោះវាអាចមិនសមនឹងទម្រង់មុខ(ជួនកាលមុខធំច្រមុះតូច)ដូចនេះអ្នកមានបំណងកែច្រមុះ ត្រូវតែគិតឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តកែច្រមុះ និងត្រូវទទួលយកនូវលទ្ឋផលក្រោយពេលកែរួច។ លោកបន្តថា ម្យ៉ាងទៀតក្រោយពេលកែរួច អ្នកកែច្រមុះត្រូវការពារច្រមុះ មិនឲ្យប៉ះពារអ្វីរយៈពេល៤៨ម៉ោងដើម្បីការពារការប៉ះពារណាមួយ ដែលធ្វើមិនឲ្យមានលទ្ឋផលល្អក្រោយពេលកែរួច៕ 

អត្ថបទ៖ ដេវីដ