ពី​មិត្ត​ក្លាយ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ពី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ក្លាយ​ជា​…

ពី​មិត្ត​ក្លាយ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ពី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ក្លាយ​ជា​…

វា​មិន​ងាយ​ស្រួល​ទេ​ដែល​ហ៊ាន​ដាក់​ចិត្ត​ស្រលាញ់​ទៅ​លើ​មនុស្ស​ស្រី​ម្នាក់​ដែល​ជា​មិត្ត​នឹង​គ្នា និង​ដឹង​ទៀត​​ថា ​វា​មិន​អាច​ទៅ​រួច​ តែ​ខ្ញុំ​នៅ​តែ​គិត​ថា​​​​វា​អាច​ទៅ​រួច​ ពេល​ដែល​យើង​មាន​ចំណុច​ពិសេស​អ្វី​មួយ​នៅ​ក្នុង​ចិត្ត​គេ។

 

ខ្ញុំ​ និង​នាង​(លីន​ដា) ជា​អតីត​សិស្ស​រួម​វិទ្យាល័យ។ សម្រាប់​ខ្ញុំ នាង​ជា​មនុស្ស​ស្រី​ដែល​គួរ​ឲ្យ​ស្រលាញ់ នាង​ជា​មនុស្ស​ម៉ឺង​ម៉ាត់​ ហ្មត់​ចត់ ​យក​អសារ​មិត្ត​ ចិត្ត​គំនិត​ល្អ អត់​ធ្មត់​លំបាក​គ្រប់​យ៉ាង ចូល​ចិត្ត​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​ដល់​មិត្តភ័ក្ដិ បារម្ភ​ពី​មិត្តភ័ក្ដិ​ តែ​ពេល​ខ្លួន​ឯង​មាន​រឿង​វិញ សុខ​ចិត្ត​សម្ងំ​បៀម​ទុក្ខ​ម្នាក់​​ឯង យ៉ាប់​ណាស់!

 

រឿង​មួយ​ដ៏​គួរ​ឲ្យ​អស់​សំណើច​នោះ គឺ​ថា ​ពេល​ខ្ញុំ​បបួល​ដើរ​លេង​ នាង​​មិន​ចង់​ទេ ​តែ​បើ​បបួល​ទៅ​ញាំ​អី​វិញ​ មិន​ដែល​បាត់​មុខ ញ៉ាំ​ដូច​ជ្រូក​តែ​មិន​ធាត់ ឆ្ងល់​ដែរ! តែ​ចម្លែក​អី ​នាង​ជា​មនុស្ស​ស្រី​ខុស​គេ​ត្រង់​ថា​ ចូល​ចិត្ត​វិភាគ​រឿង​នយោបាយ​ (ស្ថាន​ភាព​សង្គម) ខុស​គេ​ត្រង់​ថា ហ៊ាន​និយាយ​នៅ​មុខ​គេ​មុខ​ឯង ដែល​មនុស្ស​ស្រី​ភាគ​ច្រើន​ក្នុង​សង្គម​ខ្មែរ​​មិន​សូវ​​ហ៊ាន​និយាយ​ពី​រឿង​នេះ​បើក​ចំហ​ទេ។

 

នាង​ជា​សិស្ស​អាហារូបករណ៍ និង​ជា​និស្សិត​ពូកែ​នៅ​ឯ​សកលវិទ្យាល័យ​រដ្ឋ​មួយ។ នាង​មាន​ចំណុច​ល្អ​ច្រើន​ណាស់​សម្រាប់​ខ្ញុំ​ នាង​ជា​កូន​ស្រី​ច្បង​ក្នុង​គ្រួសារ​ថ្លៃ​ថ្នូរ​ ​ ប៉ា​គេ​ជា​គ្រូ​បង្រៀន​ រី​ឯ​ម្ដាយ​គេ​ជា​អាជីវករ​ម្នាក់។ នាង​ឆ្លាត រហ័ស​រហួន រាក់​ទាក់ សម្បុរ​ស ចូល​ចិត្ត​រៀន​សូត្រ មិន​ចូល​ចិត្ត​ដើរ​លេង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​មិន​វាយ​ឫក និង ចេះ​គោរព​ចាស់​ទុំ។
មនុស្ស​ល្អ​បែប​នេះ​តើ​មាន​នរណា​ម្នាក់​ដែល​មិន​ចង់​នៅ​ក្បែរ? ខ្ញុំ​តែង​តែ​គិត​ថា​ ​រូប​ខ្ញុំ​គឺ​មិន​សក្ដិសម​ជា​មួយ​នាង​ ព្រោះ​រូប​ខ្ញុំ​មិន​សង្ហា សម្បុរ​ក៏​មិន​ស ហើយ​ចរិត​របស់​ខ្ញុំ​ដូច​កូន​ក្មេង​ ចេះ​តែ​សួរ​ខ្លួន​ឯង បើ​ចរិត​អញ្ចឹង ចេះ​តែ​ហ៊ាន​ស្រលាញ់​គេ​ដែរ?
ខ្ញុំ​ចាប់​អារម្មណ៍​នាង​ តាំង​ពី​រៀន​វិទ្យាល័យ​ម្ល៉េះ​ តែ​កាល​នោះ​មិន​ដែល​គិត​រឿង​ស្នេហា​អី​នោះ​ទេ​ គ្រាន់​តែ​គិត​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​ តែ​ប៉ុណ្ណោះ។ តែ​ពេល​រៀន​នៅ​មហាវិទ្យាល័យ​ ខ្ញុំ​តែង​តែ​ឆាត​ទៅ​រក​នាង​រហូត​តែ​ក៏​មិន​ហ៊ាន​សួរ​នាង​ច្រើន​ដែរ​ គ្រាន់​តែ​សួរ​ពី​ការ​សិក្សា ការ​រស់​នៅ​របស់​នាង​ម៉េច​ដែរ​ ល្អ​ឫ​អត់ តែ​ថ្ងៃ​មួយ​ខ្ញុំ​ក៏​បាន​សួរ​គេ​ថា ចូល​ចិត្ត​ខ្ញុំ​អត់ (​តាម​ពិត​ចិត្ត​ខ្ញុំ​ចង់​សួរ​គេ​ថា​ស្រលាញ់​ខ្ញុំ​អត់​ ​បើ​ខ្ញុំ​សូម​អ្នក​ធ្វើ​ជា​សង្សារ​ខ្ញុំ ​តើ​អ្នក​យល់​ព្រម​អត់​?) ចម្លើយ​គឺ​ថា ចូល​ចិត្ត​តើ​ ម៉េច​ក៏​សួរ​អញ្ចឹង។

 

ប៉ុន្តែ​ខ្ញុំ​នៅ​មាន​ចំណុច​ពិសេស​មួយ ក្រៅ​ពី​ការ​រៀន​សូត្រ គឺ​ ខ្ញុំ​ចូល​ចិត្ត​បារម្ភ​ពី​គេ ចង់​ដឹង​ពី​គេ​ ពេល​នរណា​ម្នាក់​មាន​ទុក្ខ​អ្វី​មួយ។ ដោយ​សារ​តែ​ចំណុច​ពិសេស​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​គេ​ចូលចិត្ត​ខ្ញុំ​ ព្រោះ​ថា​ពេល​គេ​មាន​បញ្ហា​ ខ្ញុំ​តែង​តែ​ឆាត​ទៅ​លួង​លោម​រហូត។

 

 

ពី​មិត្ត​ក្លាយ​ជា​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់ ពី​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​ក្លាយ​ជា​…

(រូបតំណាង)

តើ​មាន​បង​ស្រី​ឯ​ណា ដូច​បង​ស្រី​ខ្ញុំ?

 

 

តែ​ថ្ងៃ​មួយ​ខ្ញុំ​ដាច់​ចិត្ត​ឆាត​សួរ​នាង​ថា​ តើ​អ្នក​ស្រលាញ់​ខ្ញុំ​ដែរ​ឬ​ទេ? ១ថ្ងៃ​ក្រោយ​មក​ បាន​ឆ្លើយ​តប​មក​ខ្ញុំ​ស្រលាញ់​ តែ​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​កំណត់​ បើ​មាន​វាសនា​គង់​តែ​ជួប។

 

ពេល​វេលា​ជា​អ្នក​កំណត់​មែន ស្រាប់​តែ​ខ្ញុំ​រៀន​មិន​ទាន់​ចប់​ឆ្នាំ​ទី​៥​ផង​ ​ក៏​ស្រាប់​តែ​​លឺ​ដំណឹង​ភ្ជាប់​ពាក្យ​រវាង​នាង​ និង​បុរស​កូន​អ្នក​ធូរធារ​ម្នាក់​ក្នុង​ខេត្ត។ ខ្ញុំ​ក៏​បាន​តេ​សួរ​នាង​ចង់​ដឹង​ពី​ការ​ពិត​ នាង​ក៏​បាន​ប្រាប់​តាម​ដំណើរ​រឿង​ ក៏​ព្រោះ​តែ​ប៉ា​ម៉ាក់​គេ​ជា​អ្នក​រៀប​ចំ​ទុក​ដាក់​ឲ្យ​ ហើយ​គេ​ក៏​សុំ​ឲ្យ​ខ្ញុំ​ឈប់​ខ្វល់​ពី​រឿង​ហ្នឹង​ទៀត​ទៅ សុំ​ត្រឹម​រាប់​អាន​ជា​មិត្ត​ដ៏​ល្អ​។

 

គ្មាន​ពាក្យ​នឹង​ថ្លែង​ ព្រោះ​យើង​គ្មាន​លទ្ធភាព​សម្រាប់​ចូល​ដណ្ដឹង​គេ​ ​ហើយ​គេ​ជា​កូន​គោរព​តាម​ប៉ា​ម៉ាក់​ដែរ​ជា​អ្នក​រៀប​ចំ​ឲ្យ​។​ ខ្ញុំ​នៅ​តែ​ស្រលាញ់​នាង តែ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​ដ៏​ល្អ​ម្នាក់។ ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​អ្នក​ទាំង​ពីរ​ជួប​តែ​សេចក្ដី​សុខ​ រស់​នៅ​ឲ្យ​មាន​សុភមង្គល​ជា​រៀង​រហូត។

 

ខ្ញុំ​រីករាយ​ ដែល​បាន​អ្នក​ជា​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ ដែល​តែង​តែ​ជួយ​រំលែក​ទុក្ខ​ខ្ញុំ​ពេល​មាន​បញ្ហា ជា​ពិសេស​ពេល​អត់​មាន​អី​ហូប។ ធ្វើ​ម៉េច​បើ​ពួក​យើង​មិន​មែន​ជា​គូ​នឹង​គ្នា?

 

តែ​ពេល​នេះ​ដូច​ជា​ហួស​ពេល​បន្តិច​ហើយ​សម្រាប់​ថ្ងៃ​ខួប​កំណើត​អ្នក​ រីករាយ​ខួប​កំណើត​ក្មេង​តូច! ​សូម​ជូនពរ​ពី​ចម្ងាយ​ផ្សង​នូវ​អ្វី​ឲ្យ​បាន​សម្រេច​ចេះ​មើល​ថែ​ខ្លួន​ឯង​ផង។ ​រីករាយ​ថ្ងៃ​ខួប​កំណើត​១៤​ ធ្នូ​ពី​មនុស្ស​ដែល​ធ្លាប់​ស្រលាញ់​អ្នក​ ឥឡូវ​ក្លាយ​ជា​មិត្ត​របស់​អ្នក​ដូច​ដើម៕

 

 

ចុចអាន៖ Manager ​សង្ហា​ផ្ដល់​ឱកាស​ការងារ​លួច​​ភ្ជាប់​នឹង​ក្ដី​ស្រលាញ់

 

អត្ថបទ៖ ដារ៉ា
មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖
អ៊ីមែល៖ [email protected]
ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូមចុចត្រង់នេះ