ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ពាក់ព័ន្ធ​ករណី​លួច​ឡាន​ ក្នុង​មន្ទីរ​បរិស្ថាន​ ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​២​នាក់​ ក្នុង​ករណី​លួច​រថយន្ត​ នៅ​ក្នុង​មន្ទីរ​បរិស្ថាន​ ខេត្តមណ្ឌលគិរី​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី ធ្វើការ​ឃាត់ខ្លួនបាន​ហើយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ ក្នុង​ក្រុង​សែន​មនោ​រម្យ ។

លោក តូច យ៉ុ​ន ស្នងការ​នគរបាល ខេត្តមណ្ឌលគិរី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ ពី​ខាង​មន្ទីរ​បរិស្ថាន​ខេត្ត ​ថា​មាន​ករណី​ ក្រុម​ចោរ​ចូល​លួច​រថយន្ត​១​គ្រឿង ម៉ាក​កាមរ​រី គូទ​ស្វិត កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១៥​ ភ្លាម​នោះលោក​បាន​ ចាត់ចែង​កម្លាំង​នគរបាល​ខេត្ត​-​ក្រុង​ធ្វើការ​ស្រាវជ្រាវ ​ដើម្បី​វែក​មុខ​រកមុខ​សញ្ញា​ភ្លាមៗ រហូត​ដល់​ថ្ងៃ​ទី​១៦​ធ្នូ​ម្សិលមិញ​នេះ​ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី និង​ធ្វើការ​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ ​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល​ខេត្ត ​ដើម្បី​ធ្វើការ​សាក​សួរ ។

លោក​វរសេនីយ៍ឯក ស៊ុម សោភ័ណ នាយការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ ក្នុង​ករណី​ចូល​លួច​រថយន្ត​ នៅ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ កែវ សុ​វ​ណ្ណា​រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី និង​ម្នាក់​ទៀត​ឈ្មោះ យន់ សុធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ ភូមិ​ឃុំ​ជាមួយ​គ្នា ។

តាម​ចំលើយ​ជនសង្ស័យ​ឈ្មោះ កែវ សុវណ្ណា​រា បាន​សារភាព​ថា បានជា​ខ្លួន​ចូល​លួច​រថយន្ត​នេះ ព្រោះ​ឈ្មោះ យន់ សុធា បាន​សន្យា​ឱ្យប្រាក់​គេ​ ចំនួន​៥០០​ដុល្លារ ចំណែក​ជនសង្ស័យ​ឈ្មោះ យន់ សុធា បាន​ឆ្លើយ​ថា​អត់​បាន​ស្គាល់​ជនសង្ស័យ​ឈ្មោះ កែវ សុ​វ​ណ្ណា​រា ទេ ។

តែ​ទោះបីជា​យ៉ាងណា លោកនាយ​ការិយាល័យ ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​និង​កំពុង​សាកសួរ​បន្ត ព្រមទាំង​បាន​រៀបចំ​សំណុំរឿង ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ ដើម្បី​ចាត់ការ​តាម​ និ​តិ​វិធី​ច្បាប់ ៕

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ពាក់ព័ន្ធ​ករណី​លួច​ឡាន​ ក្នុង​មន្ទីរ​បរិស្ថាន​ ខេត្តមណ្ឌលគិរី

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត