នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​ថ្នាំ​១២​កញ្ចប់​

ខេត្តកណ្តាល​៖​ស្ត្រី​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាន​ស្រុក​កោះធំ ខេត្តកណ្តាល​ចាប់ខ្លួន និង​ដកហូត​ថ្នាំ​ចំនួន​១២​កញ្ចប់ ព្រមទាំង​វត្ថុតាង​មួយទៀត​។ ការឃាត់ខ្លួន​មេ​ជួញដូរ​នេះ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ភូមិ​ព្រែក​តា​ដុល ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​អធិការ​។​

​អធិការនគរបាល​ស្រុក​កោះធំ លោក ឈឿន ប៊ុន​ឆន បាន​ប្រាប់ថា ជនសង្ស័យ​មានឈ្មោះ គឹម នឿន អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ផ្អាវ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។​

​លោក​អធិការ បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ពោធិ៍ បាន​ក្រោយ​ទទួល​ព័ត៌មាន ពី​កម្លាំង​មូលដ្ឋាន​សម្ងាត់​ថា មានការ​ណាត់ជួប​ដោះដូរ​សារធាតុ​ញៀន​ខុសច្បាប់ ពេលនោះ​កម្លាំង​ចុះ​ពួនស្ទាក់​រហូត​ជួប​ជនសង្ស័យ​ខាងលើ ពេល​ឃើញ​សមត្ថកិច្ច​គេ​ក៏​រត់​តែ​កម្លាំង​ឃាត់ខ្លួន​បាន និង​នាំទៅ​ឆេ​ក​កន្លែង​គេ​លាក់ខ្លួន ឃើញ​សារធាតុ​ញៀន​១២​កញ្ចប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក យកមក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ ដើម្បី​សាកសួរ​តាម​នីតិវិធី​ច្បាប់​៕

នគរបាល​ស្រុក​កោះធំ​ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​ថ្នាំ​១២​កញ្ចប់​