ព្រឹកនេះ សម្តេច​តេ​ជោ​ហ៊ុន សែន អញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ថៃ​

រាជធានី​ភ្នំពេញ ៖ ​តាម​​ការ​អញ្ជើញ​របស់​ឯកឧត្តម​​ឧត្តមសេនីយ៍ ប្រា​យុ​ទ្ធឋ ច័ន្ទ​អូ​ចា នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​ថៃ កាលពី​​វេលា​ម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​១៨ ធ្នូ ២០១៥ សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​​នៅ​ប្រទេស​ថៃ ដើម្បី​ចូលរួម​ខួប​ឆ្នាំ​ទី​៦៥ នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ក៍បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ទស្សនកិច្ច​ផ្លូវការ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៩ ធ្នូ ២០១៥ ដើម្បី​ពិនិត្យ​បញ្ហា​នយោ​បាយ​សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច វប្ប​ធ៌​ម​និង​អប់រំ និង​ធ្វើ​ជា​អធិបតី​ផង​ដែរ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ដូច​ខាង​ក្រោម ៖

០១-​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​កម្ពុជា​-​ថៃ​លើក​ទី​២​។

០២-​អនុស្សា​រណៈ​នៃ​ការ​យោគយល់​ស្តី​ពី​ការ​អភិវឌ្ឍ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​-​ណ​ង​អៀន ។

០៣-​អនុស្សា​រណៈ​នៃ​ការ​យោគយល់​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការងារ ។

០៤-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ប្រើប្រាស់​កម្លាំង​ពលករ ។

០៥-​កិច្ចព្រមព្រៀង​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមប្រឹក្សា​ធុរៈកិច្ច​កម្ពុជា​-​ថៃ​និង​ក្រុមប្រឹក្សា​ធុរៈកិច្ច​ថៃ​-​កម្ពុជា ។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​នឹង​ត្រូវ​ចេញផ្សាយ​បន្ទាប់​ពី​ពិធី​ចុះហត្ថលេខា ។ ជាមួយ​គ្នា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៍​នឹង​ជួប​ជាមួយ​សហគមន៍​ធុរៈកិច្ច​ថៃ​ផង​ដែរ ៕