រថយន្ត​ស្ទូច​បុកគូទ​រថយន្ត​ឡិច​ស៊ី​ស​

រាជ​ធានីភ្នំពេញ ៖ ស្រី​ស្អាត​៥​នាក់​បើករថយន្ត​ចេញពី​ហូប​ការ​ឈប់​ចាំ​ភ្លើងស្តុប ​ត្រូវ​រថយន្តស្ទួ​ច​បើក​មក​​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ខ្ទេច​គូទ​ខាងក្រោយ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៧ ​ធ្នូ ​២០១៥ នៅ​ចំណុច​​ស្តុ​ប​លូ​ទឹក​ស្អុយ មហាវិថី​ម៉ៅ​សេង​ទុង​កែង​នឹង​ផ្លូវ​លេខ​​១០៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​​ឃើញ​រថយន្ត​រង​គ្រោះ​ម៉ាក​ឡិច​ស៊ី​ស​RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២U-៤១៤០ មាន​អ្នក​រួម​ដំណើរ​ប្រុស​ស្រី​៥​នាក់​​ទើប​ចេញពី​ហូប​ការ ​​ធ្វើដំណើរ​​តាម​ផ្លូវ​ម៉ៅ​សេង​ទុង ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​​កើតហេតុ បាន​ឈប់​រង់​​ចាំ​ភ្លើងស្តុប ស្រប​ពេល​នោះ ក៍​មាន​បុរស​២​នាក់​បើករថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ​ពាក់​ស្លាក​លេខភ្នំពេញ​៣C-៣៩៩២ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ជាន់​ហ្វ្រាំង​មិន​ទាន់ ​ក៏​ជ្រុល​ទៅ​បុក​​រថយន្ត​ឡិច​ស៊ី​ស​ពីក្រោយ​បណ្តាល​ឲ្យ​ក្រ​ពឹត​ផ្នែក​ខាងក្រោយ ចំណែកមនុស្ស​មិន​មាន​រង​របួស​នោះ​ទេ ។

ក្រោយ​​​កើតហេតុ​ ភាគី​ទាំង​សងខាង​​បាន​ចរចា​គ្នា​ ដោយ​ខាង​រថយន្ត​ឡិច​ស៊ី​សទារ​សំណង​៨០០​ដុល្លារ ​ឯខាង​រថយន្ត​បង្ក​សុំ​សង​ចំនួន​៣៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង៕