វិចារណកថាៈ ភាគីថៃ ចាប់ផ្តើមបង្ហាញ ភាពគឃ្លើន ទៀតហើយ

 កាលពេលវេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ មានទាហានថៃ សូរណារីមួយក្រុម ជិះរថយន្ត ហាំមឺជាច្រើនគ្រឿង ចូលមកកាត់សោច្រវាក់ ច្រកទ្វារចោលប្រាសាទព្រះវិហារ ហើយវិលត្រឡប់ទៅ វិញភ្លាមៗ ។ ប្រការនេះ បានបង្ហាញឲ្យឃើញថា ភាគីថៃកំពុងបង្ហាញភាពគឃ្លើនជាថ្មីទៀតហើយ ដោយមិន បានគោរពទៅតាមអ្វីដែល ជាកិច្ចព្រម ព្រៀង រវាងភាគីកម្ពុជា-ថៃ នាពេលកន្លងមកនោះទេ ។ ដូច្នេះ កងទ័ពកម្ពុជា ការពារតំបន់ព្រំដែនប្រាសាទព្រះវិហារ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីត្រៀមទប់ទលរាល់ការ រំលោភបំពាន ពីសំណាក់ភាគីថៃ។ ជាក់ស្តែងទូរទស្សន៍ ក្នុងប្រទេសថៃ បានផ្សាយយ៉ាងច្បាស់ទាក់ទងទៅនឹង រឿងទាហានរបស់ខ្លួន ចូលមកកាត់សោច្រវាក់ច្រកទ្វារ ចូលប្រាសាទ ព្រះវិហារ ដែលជាបូរណភាពទឹកដីកម្ពុជា ដោយគ្មានញញើតអ្វីទាំងអស់។

 ទាក់ទងនឹងបញ្ហាខាងលើនេះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ កងពលធំ អន្តរាគមន៍លេខ៣ បានដាក់បទបញ្ជាឲ្យយោធានៅតាមព្រំដែន ជាពិសេសនៅប្រាសាទព្រះវិហារ បាញ់ប្រហារទាហានថៃ ឬកងឈុតខ្មៅ ព្រមទាំងប៉ូលិសថៃទាំងឡាយណាដែលហានចូលមក កាត់ច្រវាក់ច្រកទ្វារ ព្រំដែនប្រាសាទព្រះវិហារ ជាថ្មីម្តងទៀតនៅថ្ងៃណាមួយ។ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបញ្ជាក់ទៀតថា “នៅពេលនេះ យើងបានចាត់កម្លាំង របស់យើង ឲ្យទៅសួរខាងភាគីថៃ ហេតុអ្វី? បានជាកាត់សោនោះ? និងឲ្យ ភាគីថៃប្រគល់សោច្រវាក់នោះឲ្យមកយើងវិញ។ ខ្ញុំបានដាក់បទបញ្ជាហើយ បើមកទៀតបាញ់តែម្តង”។ បទបញ្ជា របស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក ដូចខាងលើនេះ មានការគាំទ្រពីគ្រប់មជ្ឈដ្ឋានព្រោះបើពិនិត្យទៅលើ វីឌីអូដែល ទូរទស្សន៍ថៃ បានចាក់ផ្សាយគឺកងទាហានសូរណារីថៃ បានបំពានចូលមកកាត់សោច្រវាក់ ច្រកទ្វារចូល ប្រាសាទព្រះវិហារយ៉ាងគឃ្លើន បំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយគ្មានញញើតអ្វី ទាំងអស់។

 គួររំលឹកដែរថា ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១ ទាហានថៃបានបើកការវាយប្រហារទ្រង់ទ្រាយធំ មកលើកង ទ័ពកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ យ៉ាងព្រហើន ដោយបំពានលើសាលដីកាតុលាការ យុត្តិធម៌ អន្តរជាតិក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជារបស់កម្ពុជា ។ នៅក្នុងការវាយប្រហារនោះ ទាហានថៃបានបាញ់ផ្លោងគ្រាប់កាំភ្លើងធុនធ្ងន់ជាង ៤០០គ្រាប់ បណ្តាលឲ្យ ប្រាសាទ ព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌ ពិភពលោក រងការខូចខាតយ៉ាងដំណំ និងបានធ្វើកងទ័ព កម្ពុជា ស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ។ បញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹង ជាថ្មីម្តងទៀត ទៅកាន់តុលាការយុត្តធម៌អន្តរជាតិក្រុងឡាអេ ដើម្បីការពារ ប្រាសាទព្រះវិហារ និងឲ្យភាគីថៃគោរពសាលដីកា តុលាការអន្តរជាតិ។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានចាត់ វិធានការតាមផ្លូវច្បាប់ ដើម្បីការពារអធិបតេយ្យ ភាព និងបូរណភាពទឹកដី នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការបំពាន ឥតឈប់ឈរ។

 ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១១ ទាហានថៃបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ម្តងទៀត នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យបណ្តាល ឲ្យកង ទ័ពកម្ពុជា ស្លាប់ និងរបួស ជាច្រើននាក់ ហើយទាហានថៃក៏ត្រូវស្លាប់ និងរងរបួសជាច្រើននាក់ផងដែរ។ បន្ទាប់ពីនោះ ភាគីទាំងពីរ បានបើកកិច្ចចរចា ជាច្រើនលើកច្រើនសា ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពប្រជាពល រដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែន រវាងប្រទេសទាំងពីរ។ ភាពស្ងប់ស្ងាត់បានកើតឡើង អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ស្រាប់តែឥឡូវនេះ ភាគីថៃ បានរំលោភបំពានចូលមក កាត់សោច្រវាក់ច្រកចូលប្រាសាទព្រះវិហារ ដែលស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា ។ បញ្ហានេះ កងទ័ពកម្ពុជាត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ជាងមុន ហើយ បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក គឺជាបញ្ហាដ៏សំខាន់ ដើម្បីទប់ទល់កុំឲ្យ ភាគីថៃ ចេះតែរំលោភ បំពានមកលើអធិបតេយ្យភាពកម្ពុជាទៀត។

 សូមបញ្ជាក់ថា ទ្វារដែកដែលទាហានថៃចូលមកកាត់សោច្រវាក់នោះ មានចំងាយប្រមាណជាង ២០០ម៉ែត្រ ពីខាងជើង ជណ្តើរប្រាសាទព្រះវិហារ ហើយច្រកទ្វារនេះស្ថិតនៅពីលើអូរ មានស្ពានឈើមួយផងដែរ។ ថ្វីបើសកម្មភាពរបស់ទាហានថៃ មិនបង្កឲ្យមានការផ្ទុះអាវុធយ៉ាងណាក៏ដោយ ប៉ុន្តែ ជាទង្វើរំលោភបំពានមក លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា យ៉ាងគឃ្លើនបំផុត។ ដូច្នេះ បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកង ពលធំអន្តរាគមន៍លេខ៣ គឺជាបទបញ្ជាស្របតាមស្ថាន ភាពជាក់ស្តែង ដើម្បីទប់ស្កាត់រាល់អំពើរំលោភបំពាន ពីសំណាក់ ភាគីថៃ។ ដោយហេតុថា កងទ័ពកម្ពុជា មាន សិទ្ធិការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន មិនឲ្យភាគីថៃរំលោភ បំពាន ស្រេចតែអំពើចិត្ត ឡើយ។ ជាមួយគ្នានេះ ភាគីថៃត្រូវតែគោរពតាមអនុស្សរណៈ និងកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ដើម្បីរក្សា សន្តិសុខ និងសុវត្ថិភាពតាមតំបន់ព្រំដែន ជាពិសេសតំបន់ប្រាសាទព្រះវិហារ ដែលធ្លាប់កើតមានព្រឹត្តិការណ៍ ផ្ទុះអាវុធជាច្រើនលើក នាពេលកន្លងមក៕