ប៉េតង់​ជើង​ឯក​អាស៊ី៖ កីឡាករ-កីឡា​ការិនី​កម្ពុជា ៥​រូប​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ

ប៉េតង់​ជើង​ឯក​អាស៊ី៖ កីឡាករ-កីឡា​ការិនី​កម្ពុជា ៥​រូប​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ

បន្ទាប់​ពី​ឈ្នះ​ទាំង៦​ក្រុម​លើ​វិញ្ញាសា​វាយ៣​នាក់ ទល់ ៣​នាក់ កីឡាករ-កីឡា​ការិនី​កម្ពុជា​នៅ​តែ​បន្ត​ភាព​ខ្លាំង​យក​ឈ្នះ​ក្នុង​វិញ្ញាសា​វាយ​យក​ពិន្ទុ​បន្ត​បន្ទាប់ រហូត​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ៥​នាក់ លើ ៣​វិញ្ញាសា​ផ្សេង​គ្នា។

 

ប៉េតង់​ជើង​ឯក​អាស៊ី៖ កីឡាករ-កីឡា​ការិនី​កម្ពុជា ៥​រូប​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ

 

វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​បុរស មាន​កីឡាករ​ចូល​រួម​សរុប ១៤​នាក់ មក​ពី ១២​ប្រទេស។ ជា​លទ្ធផល​កីឡាករ​កម្ពុជា សុខ ចាន់មាន បាន​ជាប់​ក្នុង​វគ្គ ៨នាក់​ចុង​ក្រោយ​បន្ទាប់​ពី​មាន​ពិន្ទុ​លើ​គេ​ក្នុង​ចំណោម​កីឡាករ​ទាំង៤ នៃ​ជុំ​ទី១។ ចំណែក​ឯ​កីឡាករ ថោង ឈឿន ជាប់​ក្នុង​ជុំ​ទី២។ កីឡាករ​ទាំង ២​រូប​បាន​បន្ត​ឈ្នះ​ក្នុង​វគ្គ ៨​នាក់ ជាមួយ​កីឡាករ​ពីរ​រូប​ផ្សេង​​ទៀត គឺ​ថៃ និង​សិង្ហបុរី។

 

វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​នារី មាន​កីឡា​ការិនី​ចូល​រួម​សរុប ១១នាក់ មក​ពី ១០​ប្រទេស។ ជា​លទ្ធផល​កីឡា​ការិនី​​កម្ពុជា កែ ឡេង និង អ៊ុំ ចន្ទ្រា បាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ ៨​នាក់​ចុង​ក្រោយ បន្ទាប់​មាន​ពិន្ទុ​លើ​គេ​ក្នុង​ចំណោម​កីឡា​ការិនី​កំពូល​ទាំង ៤​រូប​នៃ​​ជុំ​ទី១។ យ៉ាង​ណា​ក្ដី មាន​តែ​កីឡា​ការិនី កែ ឡេង ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ឯ​កីឡា​ការិនី អ៊ុំ ចន្ទ្រា បាន​ចាញ់​កីឡា​ការិនី​វៀតណាម។

 

វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​យុវជន មាន​កីឡាករ-ការិនី​ចូល​រួម​សរុប ៨​នាក់ មក​ពី ៧​ប្រទេស។ កីឡាករ មួង ទិត្យម៉ាណែត បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ បន្ទាប់​ពី​ជាប់​ចំណាត់​ថ្នាក់​លេខ២ ក្នុង​ជុំ​ទី១។ ចំណែក​កីឡា​ការិនី ​ស្រ៊ាង សុរ៉ាឃីម ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ បន្ទាប់​ពី​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ជុំ​ទី២។ សរុប​កីឡាករ-កីឡាករ-កីឡា​ការិនី​ទាំង ៤​រូប​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ មាន​កម្ពុជា ២​រូប ថៃ ១រូប និង​ចិន​តៃវ៉ាន់ ១​រូប។

 

និយាយ​ជា​រួម ក្រុម​កីឡាករ​ កីឡាការិនី​៦​នាក់​ដែល​ប្រកួត​ក្នុង​វិញ្ញាសា​វាយ​សន្សំ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ អ៊ុំ ចន្ទ្រា ធ្លាក់ ខណៈ​៥​នាក់​​បាន​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

 

លទ្ធផល​នៃ​ការ​ប្រកួត​នេះ Sabay នឹង​ផ្សាយ​ជូន​បន្ត​បន្ទាប់។

 
អត្ថបទ​៖ គង់ វិសាល