គ្រូ​បឹង​កេតថា ក្រុម​ Buriram របស់​ថៃ ខ្លាំង​សុទ្ធ​តែ​គ្មាន​ចន្លោះ

​ក្រុម​​បឹង​កេតអង្គរ​​របស់​កម្ពុជា ​បាន​ធ្វើ​ដំណើរ​ទៅ​​ដល់​ទី​​ក្រុង​បាង​កក ប្រទេស​ថៃ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ ដើម្បី​​ត្រៀម​​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ​​ក្លិបកំពូល​របស់​ថៃ Buriram United FC ​ក្នុង​ពាន​រង្វាន់ Toyota Mekong Club Championship 2015 នៅ​ពហុកីឡដ្ឋាន Suphachalasai នា​​យប់​ម៉ោង ៧:០០ ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ។

kh-soccer-005សម្រាប់​ការ​ប្រកួត​ជា​ប្រវត្តិសាស្រ្ត ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​កញ្ចក់ទូរទស្សន៍ BTV នោះ វា​បាន​ក្លាយ​ជា​ក្តី​កង្វល់​របស់​លោក ​ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​របស់ក្លិប​បឹង​កេត ក្នុង​ការ​ពោល​ពាក្យ​ថា«ឈ្នះ» ខណៈ​លោក​មើល​ឃើញ​ពី​ចន្លោះ​ប្រហោង​របស់​គូ​ប្រកួត Buriram United នោះ។
លោក​ ​ប្រាក់ សុវណ្ណារ៉ា បាន​និយាយ​ថា៖​«យើង​គ្មាន​ជម្រើស​ក្រៅ​ពី​ការ​លេង​ទប់​ជាមួយ​ក្រុម Buriram នោះ​ទេ ព្រោះក្រុម​លីក​កំពូល​របស់​ថៃមួយ​នេះ មានកម្រិត​លេង​ខ្លាំង គឺ​ខ្លាំង​គ្រប់​តំបន់​តែ​ម្តង។ ទាំង​តំបន់​ការពារ បម្រើ និង​ប្រយុទ្ធ គឺពួក​គេ​លេង​បាន​ល្អ​ស្មើ​គ្នា ដែល​មិន​ងាយ​ឲ្យ​គូ​ប្រកួត​ស៊ុត​បាល់​បញ្ចូល​ទី​ពួក​គេ​នោះ​ឡើយ ប៉ុន្តែ Buriram អាច​មាន​​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​លើ​គូ​ប្រកួត​បាន​ច្រើន»។

kh-soccer-004
សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍ Toyota Mekong Club Championship 2015 នេះ ក្រុម​បឹង​កេតអង្គរ​របស់​កម្ពុជា បាន​​​យក​ឈ្នះលីក​កំពូល​របស់​ឡាវ Lao Toyota FC ២-០ ​បំបាក់​ក្រុម​ Yangon United ​លីក​កំពូល​មីយ៉ាន់​ម៉ា ៣-០ និង​​​​​យក​ឈ្នះ​​​ក្រុមម្ចាស់​ជើង​ឯក​របស់​វៀតណាម Becamex Binh Doung ៣-២ ទើប​ទទួល​បាន​ឱកាស​ឡើង​មក​ជួប​ក្រុមលីក​កំពូល​របស់​ថៃ Buriram United នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ។
ចំណែក​ក្រុម Buriram United ត្រូវ​បាន​គេ​ដាក់​ឲ្យ​ឈរ​នៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ​តែម្តង ដោយ​សារ​កក្រប​ខ័ណ្ឌ​លីក​កំពូល​របស់​ថៃ មាន​កម្រិត​ខ្ពស់​ជាង​ក្របខ័ណ្ឌ​លីក​របស់​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់​អាស៊ាន​ ហើយ​អ្វីដែលគួរ​ឲ្យ​កត់​សម្គាល់​នោះ Buriram United គឺ​​ក្លិប​អាជីព ដែល​បាន​ឈ្នះពាន​ច្រើន​ជាង​គេ​ប្រចាំ​នៅ​ប្រទេស​ថៃ។

kh-soccer-002
ក្លិប Burirum United ត្រូវ​បាន​​បង្កើត​ឡើង​​នៅ​ឆ្នាំ​១៩៧០ ​ហើយ​ក្លិប​​នេះ​ធ្លាប់​​ឈ្នះ​ជើង​ឯក Thai Premier League ចំនួន​៥​សម័យ​កាល​ ​ឈ្នះ​ពាន Thai FA Cup បាន​៣​សម័យ​ធ្លាប់​បាន​ឈ្នះ​ពាន Thai League Cup ចំនួន​៤​សម័យ​កាល​ និង​ឈ្នះ​ពាន Kor Royal Cup បាន​ចំនួន​៣​​ដង ហើយ​ពួក​គេ ក៏​​ធ្លាប់​បាន​លេង​ពាន​​លំដាប់​ទី​១​របស់​អាស៊ី​​បាន​​​៥​​ដង​ផង​ដែរ។
យ៉ាង​ណា​ក៏​ដោយ លោក ​​ប្រាក់ សុវណ្ណារ៉ា បាន​បង្ហើប​ថា៖​«​មៅ​ពេល Buriram ធ្វើ​ការ​​វាយ​សម្រុក​មក​លើ​យើង​ខ្លាំងពេក​​នោះ​ ពួក​គេ​ក៏​​អាច​​មាន​​ចន្លោះ​​ប្រហោង​សម្រាប់​យើង​វាយ​បក​ផង​ដែរ ហើយ​បើ​យើង​មាន​ឱកាស​ស្មើ ហើយ​អាចឈាន​ដល់​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​នោះ វា​ជា​រឿង​អស្ចារ្យ​បំផុតសម្រាប់​យើង​​ហើយ»។

kh-soccer-003

kh-soccer-001

គួរ​បញ្ជាក់​ថា សម្រាប់​​ការ​ប្រកួត​ Toyota Mekong Club Championship នេះ​មានការ​ផ្តល់​ប្រាក់​រង្វាន់ដល់​គ្រាប់​​​ប្រទេស​ទាំង​៥ ដែល​បាន​ចូល​រួមតែ​ម្តង ដោយ​ក្នុង​នោះ​ក្រុម​ម្ចាស់​ជើង​ឯក​ នឹង​​បានប្រាក់​​៧៥០០០​ដុល្លារ ក្រុម​លេខ​២​​បាន​៥​ម៉ឺន​ដុល្លារ ក្រុម​លេខ​៣​បាន៣ម៉ឺន​ដុល្លារ ក្រុម​លេខ​៤​បាន​១ម៉ឺន​ដុល្លារ និង​​ក្រុម​លេខ​៥​បាន​៥ពាន់​ដុល្លារ៕