រដ្ឋាភិបាលសិង្ហបុរី ផ្តើមបិទច្រកជំនួញអាវុធ របស់កូរ៉េខាងជើង

សិង្ហបុរី៖ ប្រទេស កូរ៉េខាងជើង ត្រូវបានគេរំពឹងថា កំពុងជួបបញ្ហាលំបាកក្នុងការជួញដូរអាវុធ បន្ទាប់ពីក្រុមហ៊ុនសិង្ហបុរីមួយ ត្រូវបានតុលាការចោទប្រកាន់ពីបទបញ្ជូនអាវុធ ដល់ក្រុមហ៊ុនដឹកជញ្ជូនមួយ របស់ប្រទេស កូរ៉េខាងជើង ដែលកំពុងស្ថិតក្នុងបញ្ជីខ្មៅ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន The Korea Time ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ។

នេះជាករណីដំបូងបំផុត ដែលក្រុមហ៊ុនប្រចាំប្រទេស សិង្ហបុរី ត្រូវបានផ្តន្ទាទោស ពីបទគាំទ្រដល់ការធ្វើជំនួញអាវុធ របស់ប្រទេស កូរ៉េខាងជើង។ គួរបញ្ជាក់ថា ប្រទេស សិង្ហបុរីជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង ។

កាលពីថ្ងៃចន្ទកន្លងទៅនេះ តុលាការក្នុងស្រុករបស់ប្រទេស សិង្ហបុរី បានរកឃើញថា ក្រុមហ៊ុនដឹកជញ្ជូនChinpo ជាប់ចោទពីបទគាំទ្រដល់ការដឹកជញ្ជូនទំនិញគ្រឿងសព្វាវុធ ទៅប្រទេស កូរ៉េខាងជើង ដែលជាផ្នែកមួយ ជួយជំរុញដល់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសមួយនេះ។ កន្លងមកការធ្វើជំនួញអាវុធ ជាមួយប្រទេស កូរ៉េខាងជើង ត្រូវបានអង្គការសហប្រជាជាតិ រឹតបន្តឹងជាខ្លាំង ឆ្លើយតបនឹងកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសកុំម្មុយនីស មួយនេះ។

ក្រុមហ៊ុន ត្រូវបានចោទប្រកាន់ ពីបទផ្ទេរប្រាក់ចំនួន ៧២.០១៦ដុល្លារអាម៉េរិក ដល់ក្រុមហ៊ុនដឹកជញ្ជូន Panama Shipping agent C.B Fenton កាលពីខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ ជំនួសឲ្យក្រុមហ៊ុនOMM របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង សម្រាប់ការដឹកជញ្ជូនអាវុធពីប្រទេស គុយបា ទៅកាន់ប្រទេស កូរ៉េខាងជើង ដោយសារប្រទេសផ្តាច់ខ្លួនមួយនេះ មិនអាចប្រើប្រាស់គណនីធនាគារអន្តរជាតិបាន។

គួររំលឹកផងដែរថា ទំនិញខុសច្បាប់ដែលត្រូវបានគេដឹកជញ្ជូននោះ រួមមាន យន្តហោះចម្បាំងMiG-21 ដែលមិនទាន់តម្លើងចំនួន២គ្រឿង គ្រាប់រ៉ុក្កែតសម្រាប់បាញ់ប្រហាររថក្រោះ ប្រព័ន្ធចាប់គ្រាប់មីស៊ីល និងអាវុធផ្សេងទៀត ដែលត្រូវបានគេបង្កប់ ក្រោមស្ករចំនួន ១០.៥០០តោន។

ក្រុមហ៊ុន Chinpo ត្រូវបានចោទប្រកាន់ពីបទផ្ទេរប្រាក់សរុបចំនួនជាង៤០លានដុល្លារអាម៉េរិក គិតចាប់ពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០០៩ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ ដើម្បីជួយសម្រួលដល់ជំនួញអាវុធរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា តុលាការនឹងសម្រេចការផ្តន្ទាទោស ទៅលើក្រុមហ៊ុននេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ខាងមុខ ដោយក្រុមហ៊ុន នឹងទទួលការផាកពិន័យ ជាប្រាក់៧១.០០០ដុល្លារ ពីបទបំពានទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ និង ៧១.០០០ដុល្លារទៀត ពីបទធ្វើការផ្ទេរប្រាក់ដោយ គ្មានការអនុញ្ញាតត្រឹមត្រូវ។

ប្រភពស្និទនឹងបញ្ហានេះ បានលើកឡើងថា«ករណីនេះ នឹងកាន់តែបង្ហាញថា ប្រទេស កូរ៉េខាងជើងជាប្រទេសផ្តាច់ការ ហើយជំរុញឲ្យការធ្វើទំនាក់ទំនងពាណិជ្ជកម្ម និងសកម្មភាពដឹកជញ្ជូន ទៅកាន់ប្រទេសកូរ៉េខាងជើង កាន់តែមានការថយចុះជាលំដាប់»។

យ៉ាងនេះក្តី អ្នកជំនាញបានលើកឡើងថា ករណីនេះមិនអាចទប់ស្កាត់ សកម្មភាពរបស់ប្រទេស កូរ៉េខាងជើង បានទាំងស្រុងនោះឡើយ ព្រោះថារដ្ឋាភិបាលក្រុង ព្យុងយ៉ាង នៅតែអាចរកមធ្យោបាយ ជាច្រើនទៀត ដែលបំពានដល់ការដាក់ទណ្ឌកម្ម ពីសំណាក់អង្គការសហប្រជាជាតិ ដោយធ្វើទំនាក់ទំនងជាមួយ ប្រទេសដទៃទៀត។

លោក Richard C.Bush ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សា គោលនយោបាយ តំបន់អាស៊ីបូព៌ា បានលើកឡើងថា ប្រទេស កូរ៉េខាងជើង នឹងនៅតែបន្តស្វែងរកច្រកចេញ ដើម្បីគេចពីការដាក់ទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ។ សម្រាប់ក្រុមហ៊ុនChinpo ដែលជាដៃគូពាណិជ្ជកម្មរបស់កូរ៉េខាងជើង គ្រាន់តែផ្នែកមួយ ក្នុងចំណោមច្រកចេញ ជាច្រើនទៀតប៉ុណ្ណោះ។

លោក Richard បានសង្កត់ធ្ងន់ថា « ហេតុនេះ បើទោះបីជាករណីនេះ ហើយឆ្លុះបញ្ចាំង ពីវិធានការ ដ៏ប្រសើររបស់រដ្ឋាភិបាលសិង្ហបុរី ប៉ុន្តែវានឹងកាន់តែសំខាន់ថែមទៀត ប្រសិនបើបណ្តាប្រទេសដទៃទៀត ចូលរួមអនុវត្តន៍ ដូចសិង្ហបុរី ដើម្បីបិទច្រកដើររបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង»។

ដោយឡែកលោក Steven Weber អ្នកជំនាញប្រទេសកូរ៉េខាងជើង បានលើកឡើងថា« ការបិទឈ្មួញកណ្តាលម្នាក់ ពិតបានជាបង្កភាពលំបាកមួយ ដល់ប្រទេស កូរ៉េខាងជើង ប៉ុន្តែមិនច្រើនលើសលុបនោះទេ ព្រោះកូរ៉េខាងជើង នៅតែមានដៃគូពាណិជ្ជកម្មជាច្រើនទៀត ដើម្បីបន្តសកម្មភាពរបស់ខ្លួន។ ហេតុនេះ វិធានការនេះ ហាក់ដូចជាល្បែងឆ្មាចាប់កណ្តុរដូចច្នោះដែរ»។

ចំពោះលោក ស្រី Kongdan Oh អ្នកស្រាវជ្រាវប្រចាំវិទ្យាស្ថានមួយ បានបង្ហាញការយល់ឃើញថា« ប្រទេស កូរ៉េខាងជើង នឹងនៅតែអាចបន្ត សកម្មភាពពាណិជ្ជកម្មនេះ ជាបន្តទៀត ព្រោះថាប្រទេសផ្តាច់ខ្លួនមួយនេះ នៅតែត្រូវការប្រាក់ពីបរទេស និងបង្កើតទំនាក់ទំនង ប្រកបដោយស្ថិរភាព ជាមួយប្រទេសដែលត្រូវការទំនិញ និង សេវាកម្មរបស់ខ្លួន»។

លោកស្រីបន្តថា «វិធានការនេះអាចនឹងបង្អាក់រារាំងខ្លះៗ ដល់សកម្មភាពជំនួញរបស់គេ ប៉ុន្តែដៃគូពាណិជ្ជកម្មដទៃទៀត នៅតែបន្តសកម្មភាពរបស់ខ្លួន។ យើងអាចនិយាយបានថា វាអាចនឹងកាត់បន្ថយផលចំណេញខ្លះ របស់ប្រទេស កូរ៉េខាងជើង ព្រោះពួកឈ្មួញ អាចនឹងទាមទារប្រាក់បន្ថែម ជាថ្នូរនឹងការប្រឈមមុខនឹងហាមិភ័យខ្ពស់ជាងមុន យ៉ាងនេះក្តី ប្រទេស កូរ៉េខាងជើង នឹងព្យាយាមក្នុងការជម្នះ លើឧបសគ្គ ដោយប្រើប្រាស់មធ្យោបាយ កាន់តែឆ្លាតវ័យ និងបង្កប់កលល្បិចច្រើន ជាងមុន»៕

រដ្ឋាភិបាលសិង្ហបុរី ផ្តើមបិទច្រកជំនួញអាវុធ របស់កូរ៉េខាងជើង

រដ្ឋាភិបាលសិង្ហបុរី ផ្តើមបិទច្រកជំនួញអាវុធ របស់កូរ៉េខាងជើង