រថយន្ត​បុក​ម៉ូតូ​បណ្តាលឱ្យ​អ្នកជិះម៉ូតូរង​របួសធ្ងន់​ម្នាក់​

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​​រង​របួសធ្ងន់​បាក់ដៃ​ខាងឆ្វេង​ និង​បាក់ជើង​ខាងស្តាំ​ ត្រូវ​បាន​រថយន្ត​​សង្គ្រោះ​ដឹក​យក​​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បន្ទាប់​ពី​រថយន្ត​​មួយគ្រឿង​បុក ​កាលពី​​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ​ធ្នូ ​​២០១៥ នៅ​ទល់មុខ​កន្លែង​លក់​បោះ​ដុំ​និង​រាយ​ខោអាវស្បែកជើង​កីឡា​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​១១៣​​កែង​ផ្លូវ​លេខ​២៧៨ ស្ថិត​នៅ​ក្នុងសង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បានឱ្យ​​ដឹង​ថា ​មុន​ពេល​​កើត​ហេតុ ​គេ​​ឃើញ​​​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​ពី​កើត​ទៅ​លិច​ តាម​បណ្តោយ​ផ្លូវ​លេខ​២៧៨ ចំណែក​ម៉ូតូ​​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1S-8459 បើកបរ​ពី​ជើង​ទៅ​ត្បូង ​តាម​បណ្តោយ​ផ្លូវ​លេខ​១១៣ ។

សាក្សី​​​បាន​បន្ត​​ថា ​​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​លឿន ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ផ្លូវកែង​​ក៏​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​​អ្នក​ជិះ​ម៉ូតូ​ផ្លោង​ចេញពីម៉ូតូ​បាក់ជើង​ខាងស្តាំ និង​បាក់ដៃ​ឆ្វេង រីឯ​រថយន្ត​បង្ក​​បាន​​បន្ថែមល្បឿន​​បើក​រត់គេច​បាត់​ស្រមោល ​។

ក្រោយ​​​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត រីឯ​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ៕