មន្ទីរ​សាធារណការ​ខេត្ត​ចេញ​លិខិត​ជូនដំណឹងឱ្យ​ពលរដ្ឋ​រុះ​រើ​សម្ភារ​ដែល​តាំង​លក់​តាម​ចិញ្ចើម​ផ្លូវ​​

ខេត្តកំពង់ឆ្នាំង ​៖ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ឆ្នាំង បាន​ចេញ​លិខិត​ជូនដំណឹងមួយ​ច្បាប់ជូន​ដល់​ម្ចាស់គេហដ្ឋាន​ដែល​នៅ​ជាប់​ផ្លូវ​គម្រោង​ចៃ​កា​ជប៉ុនទាំងអស់​ត្រូវ​រុះរើ​ចេញ​ជា​បន្ទាន់នូវការ​តាំង​លក់សំភារលើ​ចិញ្ចើម​ផ្លូវឱ្យអស់ មុន​ថ្ងៃ​ទី​២៥ ​ធ្នូ ​​២០១៥ ។​

ទាំងនេះ​ដោយសារ​តែកន្លង​មក បាន​ពិនិត្យ​ឃើញ​មាន​ភាព​អនាធិបតេយ្យក្នុង​ការ​យក​ចិញ្ចើម​ផ្លូវ​ជា​គំរោង​ចៃ​កា​ជប៉ុន​ដែល​បានជួយ​សាងសង់​រួចទៅ​តាំង​លក់ដូរ​របស់របរ​ផ្សេង​ៗ​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​សោភ័ណ​ភាព​។

​នៅ​ក្នុង​លិខិត​ជូនដំណឹង​របស់​លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត ចុះ​ថ្ងៃ​ទី១៦ ខែធ្នូ ឆ្នាំ​២០១៥ បាន​ចែង​ថា  យោង​មតិ​ណែនាំ​របស់លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មន្ទីរ​សាធារណការ​ខេត្ត កំពង់ឆ្នាំង សូម​ជំរាប​ជូន​ឯកឧត្តម លោក​ជំទាវ លោក លោកស្រី មន្ទីរ​អង្គភាព និង​ប្រជាពលរដ្ឋ​ដែល​មានអគារ និង​លំនៅ​ឋាន​តាម​ដងផ្លូវ​ជា​គម្រោង​ចៃ​កា​ទាំងអស់​ជ្រាប​ថា​ ដើម្បី​រក្សា​បាន​នូវ​សោភ័​ណ​ភាព ផ្លូវឱ្យ​បាន​ស្អាត​ជា​ប្រចាំ ម្យ៉ាង​ជា​សំណូមពរ​របស់​ម្ចាស់​ជំនួយ​ផង​នោះ មន្ទីរ​សាធារណការ​ខេត្ត ស្នើ​សុំ​ឱ្យឯកឧត្តម លោក​ជំទាវ លោក លោកស្រី មន្ទីរ​អង្គភាព និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ស្ថិត​នៅ​តាម​ដងផ្លូវ​ដូច​បាន​ជម្រាប​ជូន​ខាងលើ ត្រូវ​រុះរើ​ចេញ​ជា​បន្ទាន់​នូវ​សម្ភារទាំងឡាយ​ដែល​មាននៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ​នៃ​គម្រោង​ចៃ​កា​ជប៉ុន​ដូច​ជា កំណល់​កល់​រថយន្ត សម្ភារសំណង់ និង​សម្ភារលក់ដូរ​ផ្សេង​ៗ​ទៀត​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ​ធ្នូ ​២០១៥ ដើម្បី​ត្រៀម​ធ្វើ​ពិ​ធិ​សម្ភោ​ធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវ​ការ​​។​

បើ​មិន​រុះរើ​តាម​កាលកំណត់​នៃ​លិខិត​ជូនដំណឹង​នេះ​ទេ​ មន្ទីរនឹង​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​សម្ភារ​នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ខេត្ត​ចុះ​រុះរើ​នោះ​ឡើយ​។ កន្លង​មក​ក្រោយ​ពី​ភ្នា​ក់​ក្រុមហ៊ុន​ចៃ​កា​ជប៉ុន បាន​សាងសង់​ប្រព័ន្ធ​លូ​ទឹក ផ្លូវ​កៅស៊ូ និង​ការ​រៀបការ៉ូឡា​លើ​ចិញ្ចើម​ផ្លូវ​ខ្វាត់ខ្វែង​បាន​យ៉ាង​ស្អាត សំរាប់​ការ​ធ្វើ​ចរាចរណ៍​បាន​ងាយស្រួល និង​កសាង​ប្រ​ព​ន្ធ័មេ​លូ​ទឹក​ដើម្បី​បញ្ចៀស​ទឹកជំនន់ និង​បាន​កែ​លំអសោភ័ណ​ភាព​ក្រុង​រួច​មក​ហើយ​នោះ ​​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តាម​ដងផ្លូវ បាន​រំលោភ​យក​ចិញ្ចើម​ផ្លូវ​ចៃ​កា មក​ដាក់​តាំង​សម្ភារលក់ដូរ​យ៉ាង​អ​នាធិ​ប​តេ​យ្យធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ សោភ័ណ​ភាព នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ទៅ​វិញ​។

ចាប់ពី​ថ្ងៃជូនដំណឹង​នេះ​តទៅ​មន្ទីរ​សាធារណការ​ខេត្ត សង្ឃឹមថា​ ប្រជាពលរដ្ឋពិតជា​ចូលរួម​សហការ​ជាមួយមន្ទីរ​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណបរិស្ថាន​ និង​សោភ័ណ​ភាព​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្នុង​ក្រុង​ឱ្យ
បាន​ល្អ​ប្រសើរ​ឡើង​វិញ​៕   ​