កេរដំណែល​កីឡាប៉េតង់​នៅតែពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា

ដោយ​​​មិន​​​អើពើ​​​នឹង​​​ការ​​​មិន​​​យល់​​​ព្រម​​​របស់​​​​ម្តាយ​​​នាង​​​កាល​​​ពី​​​នៅ​​​តូច​​​នៅ​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ​​​២០០០​​​ អ៊ុន ស្រីយ៉ា ធ្លាប់​​​ចំណាយ​​​ពេល​​​ជា​​​ច្រើន​​​ថ្ងៃ​​​នៅ​​​បន្ទាយ​​​ទាហាន​​​ក្នុង​​​ក្រុង​​​តាខ្មៅ​​​​​ភ្នាល់​​​ជាមួយទាហាន​ដែល​​​ត្រូវ​ជា​​​​មិត្ត​​​ភក្តិ​​​​​​របស់​​​ឪពុក​​​​​​នាង​​​អំពីការ​​​លេង​​​កីឡាប៉េតង់​​​។

ស្រី​​​យ៉ា បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​ខ្ញុំ​​​បាន​​​ទៅលេង​​​នៅទី​​​នោះ​​​យ៉ាង​​​ច្រើន ហើយ​​​​លេង​​​ល្អ​​យ៉ាង​ឆាប់​រហ័ស​។ ខ្ញុំ​​​ធ្លាប់​​​លេង​​​ជា​​​មួយ​​​ទាហាន​​​ផ្សេង​​​ៗ​​​ទៀត ប៉ុន្តែ​​​ម្តាយ​​​របស់​​​ខ្ញុំ​​​ត្អូញត្អែរ​​​ ព្រោះ​​​ខ្ញុំ​​​ជា​​​ស្រី ហើយ​​​គាត់​​​គិត​​​ថា ​​ខ្ញុំ​​​មិនគួរ​​​លេង​​​ទេ​​​”។ នាង​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​សូក​​​ប្រាក់​ម្តាយ​​​របស់​​​ខ្ញុំ​​​ចំនួន​១០.០០០រៀល​​​ដើម្បី​​កុំឱ្យ​គាត់​និយាយ​​​ ហើយ​​​បន្ទាប់​​​មក​​​ខ្ញុំ​​​ក៏​​​​​ទៅ​​​លេង​​​ឈ្នះ​​​”។

នៅ​​​ពេល​​​ ស្រីយ៉ា ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ឲ្យ​​​ចូល​​​ក្នុង​​​ក្រុម​​​ជម្រើស​​​ជាតិ​​​ក្នុង​​​ឆ្នាំ​​​២០០៤ ​ហើយ​​​​​​ត្រឡប់​​​មក​​​ប្រទេស​​​វិញ​​​ដោយ​​​នាំ​​​មក​​ជាមួយ​​​​នូវ​​​មេដាយ និង​​​ប្រាក់​​​រង្វាន់ផង​​​​​​ ភាព​​​អល់​អែក​​​​ដំបូង​​​របស់​​​ម្តាយ​​​នាង​​​បាន​​​រសាយ​​​។

នាង​​​បាន​​​និយាយ​​​ថា “គាត់​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​ដែល​​​ខ្ញុំ​​​ទទួល​​​បាន​​​កេរ្តិ៍​​​ឈ្មោះ​​​តាម​​​រយៈ​​​កីឡា។ យើង​​​មាន​ការ​​​លំបាក​​​ណាស់​​​ពី​​​មុន​​​មក​​​ ហើយ​​​ឥឡូវ​​​នេះ​​​វា​​​ប្រសើរ​​​ជាង​​​មុន​​​ដោយ​​​សារ​​​កីឡា​​​នេះ​​​ឯង”។

ស្រីយ៉ា បាន​​​និយាយ​​​នៅ​​​ក្រៅ​​​ការ​ប្រកួត​​​ជើង​​​ឯក​​​បេ៉តង់​​​អាស៊ី លើក​​​ទី​​​១៩​​​នៅ​​​ពហុ​កីឡ​​​​ដ្ឋាន​ជាតិ​​​អូរឡាំពិក​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ បន្ទាប់​​​ពី​​​​​​កីឡា​​​ការិនី​កម្ពុជាមួយ​ក្រុម មានគ្នាបីនាក់​​​​​​​ដែល​​​​​​សុទ្ធ​​​តែ​​​ក្នុង​ជួរ​ទាហាន​​​ ទើប​​​តែ​​​បាន​​​យក​​​ឈ្នះ​​​ក្រុម​​​សិង្ហបុរី​​​១៣​​​-១ ​​​ក្នុង​​​ការ​​​ប្រកួត​​​បើក​​​ឆាក​​​។

ក្រុម​​​មក​​​ពី១២​​​ប្រទេស​​​រួម​​​មាន​​​ ឥណ្ឌា និង​​​ជប៉ុន​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​រយៈ​​​ពេល​​​​​បី​​​ថ្ងៃ​​ ដោយ​​ក្រុម​​មួយ​​​ចំនួន​​​មាន​​​ការ​​​ប្រកួត​​​ស្វិត​​​ស្វាញ​​​ មក​ពី​​​អតីត​​​អាណានិគម​​​បារាំង​​​នៅ​​​​អាស៊ី​អាគ្នេយ៍។ ប្រទេស​​​ទាំង​​នោះ​នឹង​​​ត្រូវ​​​ប្រកួត​​​តាម​ប្រភេទ​ រួម​​​មាន​​​ការ​​​ប្រកួត​​​បី​​​នាក់​​​និង​​​ការ​​​ប្រកួតលក្ខណៈ​​​ទោល​​​។

កីឡាប៉េតង់​​​ជា​​​ទម្រង់​​​នៃ​​​ប៊ូលលើ​​​វាល​​​ស្មៅ​ដែល​​​ក​​​្នុង​​​នោះ​​​អ្នក​​​លេង​​​ទាំង​​​អស់​​​បោះ​​គ្រាប់​ប៉េតង់​​​​ធ្វើ​​​ពី​​​ដែក​​​ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​បាន​​​ទៅ​​​ជិត​​​កូនប៊ី ដែល​​​ជា​​​គ្រាប់​​​តូច​​​ជាង​​​គេ​​​ដាក់​នៅពេល​​​​​ចាប់​​​ផ្តើម​​​ការ​​​ប្រកួត​​​នីមួយ​​​ៗ​​​ ដែល​​​ជា​​​ប្រភេទ​​​កីឡា​​​មួយ​​​ក្នុង​​​ចំណោម​​​កីឡា​​​មួយ​ចំនួន​ដែល​​​​កម្ពុជា​​​យក​​​ឈ្នះ​​​លើ​​​ឆាក​​​អន្តរ​​​ជាតិ ក្នុង​​​រយៈ ​ពេល​​​ប៉ុន្មាន​​ឆ្នាំ​​​ថ្មីៗ​​​នេះ។

មិត្ត​​​រួម​​​ក្រុម​របស់​​​ ស្រីយ៉ា​​​ និង​​​អ្នកស្រី ​កែ ​ឡេង ជា​​​អ្នក​​​ផ្តល់​​​យោបល់​​​បាន​​​ជួយ​​​ឲ្យ​​​នាង​​​ឈ្នះ​​​ជើង​​​ឯក​​​ពិភព​​​លោក​​​លើក​​​ទី​​​២​​​នៅ​​​​​​ក្នុង​​​ក្រុង​​​បាង​​​កក​​​កាល​​​ពី​​​ខែ​​​មុន​​​។

លោក វ៉ាត់​​​ ចំរើន អគ្គលេខាធិការ​​​គណៈ​កម្មាធិការ​​​ជាត​​​ិ​​​អូរឡាំពិក​​​កម្ពុជា​​​​​​មាន​​​ប្រសា​សន៍​ថា កីឡាប៉េតង់​​​ត្រូវ​​​បាន​​​នាំ​​​មក​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ពេលប្រទេស​ស្ថិត​នៅ​ក្រោម​​​​អាណា​និគម​​​​បារាំងនៅឡើយ​​​​ ហើយ​ថា វា​​ជា​​​កីឡា​​​មួួ​​​យ​​ដែល​​​គេនិយមលេង​កម្សាន្ត​​​​​​​​​​ បើ​​​ទោះ​​​ជា​​​ក្រុម​​​ទាំង​​​នេះ​​​មិន​​​បាន​​​ចូល​​​រួម​​​ការ​​​ប្រកួត​​​អន្តរជាតិ​​​រហូត​​​ដល់​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​ក៏​​​ដោយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “បារាំង​​​បាន​​​លេង​​​កីឡា​​​នេះ​​​នៅ​​​ទី​​​នេះ ហើយ​​​បាន​​​ហៅ​​​មនុស្ស​​​ម្នា​​​ឲ្យ​​​លេង​​​ជាមួយ​​​ពួក​​​គេ​​​ ហើយ​​​នៅ​​​ពេល​​​នោះ​​​ប្រជា​​​ជន​​​ខ្មែរ​​របស់​​​យើង​​​កាន់​​​តែ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​ខ្លាំង​​​ឡើង”។

នៅ​​​ក្នុង​​​បរិវេណ​​​​​​នាយក​​​ដ្ឋាន​​​ផ្លូវ​​​ដែក​​​​​​ដ៏​​​ចាស់​​​ទ្រុឌ​​​ទ្រោម​​​ស្ថិត​​​នៅ​​​​​​មហាវិថី​​​សហ​ព័ន្ធ​រុស្សី​​​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ ​បុគ្គលិក​មួយ​ក្រុម​​​​ ទាហាន​​​ និង​​​មិត្ត​​​ភក្តិ​​​របស់​​​គេ​​​​​​បាន​​ប្រមូល​ផ្តុំគ្នា​ជុំវិញ​គ្រាប់​​​​ប៉េតង់ពណ៌ប្រាក់​​​​ដោយ​​​មាន​​​ការ​​​យក​​​ខ្សែ​​​ទៅ​​​វាស់​​​ដើម្បី​​​ឲ្យ​​​ច្បាស់​​​ថា តើ​​​គ្រាប់​​ប៉េតង​​​​ណា​​​នៅ​​​ជិត​​​កូន​​​ប៊ី​​​ជាង​​​គេ​​​។

អង្គុយ​​​នៅ​​​លើ​​​បង់​​​មើល​​​ការ​​​ប្រកួត​​​លោក​​​ស្តើង​​​ វិញ អាយុ​​​៥២​​​ឆ្នាំ ជា​​​សមាជិក​​​ក្រុម​​​ជម្រើស​​​ជាតិ​​​ក្នុង​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០ និង​​​២០០០​​​បាន​​​និយាយ​​​ថា បើ​​​ទោះ​​​លោក​​​កើត​​​ក្រោយ​បារាំង​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ឆ្នាំ​​​១៩៥៣​​​ក៏​​​ដោយ​​​ ក៏​​​សមាជិក​​​គ្រួសារ​​​របស់​​​លោក​​​បាន​​​ប្រាប់​​​លោក​​​ថា កីឡា​​​ប៉េតង់​​​គឺជា​​​វិធី​​​ដែល​​​មន្ត្រី​​​សម័យ​​​អាណា​​​និគម និង​​​បុគ្គលិក​​​ខ្មែរ​​​យើង​​​បង្កើត​​​ទំនាក់​​​ទំនង​​​នឹង​​​គ្នា​​​។

លោក ស្តើង វិញ បាន​​​និយាយ​​​ថា “កីឡា​​​នេះ​​​គឺ​​​ជា​​​កេរ្តិ៍​​​តំណែល​​​ជំនាន់​​​ដើម​​​។ ប្រជា​​​ជន​​​​​កម្ពុជា និង​​​ប្រជា​​​ជន​​​បារាំង​​​លេង​​​កីឡា​​​នេះ​​​ជា​​​មួយ​​​គ្នា​​​បន្ទាប់​​​ពី​​​ការ​​​ងារ​​​។ កន្លែង​​​នេះ​​​គឺជា​​​កន្លែង​​​ តែមួយ​គត់​ដែល​​​ពួក​​​គេ​​​មក​​​ជួប​​​ជុំ​​​គ្នា​​។​​​មិត្តភាព​​​នោះ​បាន​​​បន្ត​​​។ លោក ស្តើង វិញ ​បាន​​​និយាយ​​​ថា នៅពេល​​​​លោក​​​ស្ថិត​​​នៅ​​​ក្នុង​​​ក្រុម​​​​​ជម្រើស​​​ជាតិ លោក​​​បាន​​​ចូល​​​រួម​​​ការ​​​ប្រកួត​​​មិត្ត​​​ភាព​​​ជា​​​ច្រើន​​​លើក​​​រវាង​​​កម្ពុជា និង​​​ក្រុម​​​ភ្ញៀវ​​​មក​​​ពី​​​ ​​​បារាំង​​​នៅ​​​ពហុកីឡដ្ឋាន​​​ជាតិ​​​អូរឡាំពិក។

ស្រីយ៉ា បាន​​​និយាយ​​​ថា បើ​​​ទោះ​​​ជា​​​កេរ្តិ៍​ឈ្មោះ​​​របស់​​​កីឡា​​​នេះមិន​​​សូវ​​​ល្បី​​​ក៏​​​ដោយ​​​​​​ ក៏​កីឡា​​​ប៉េតង់​​​នៅ​​​តែ​​​ទាក់​​​ទាញ​​​យុវជន​​​ខ្មែរ​​​ដែរ។

ស្រី​​​យ៉ា បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​មាន​​​ទំនុក​​​ចិត្ត​​ថា ការ​លេង​នៅ​​​ក្នុង​​​ទឹក​​​ដី​​​​​​​មាន​​​អ្នក​​​គាំទ្រ​​​ក្នុង​​​នាម​​​ជា​​​​​ម្ចាស់​​​ផ្ទះ​​​ស្រែក​​​ហ៊ោ​​​អប​​​អរ​​​។ នៅ​​​បរទេស​​វិញ​​​ វា​​​លំបាក​​​ណាស់​​​ពី​​​ព្រោះ​​​ពួក​​​គេ​​​ស្រែក​​​បំបាក់​​​ពួក​​​យើង​​​ ហើយ​​​នេះ​​​អាច​​​ធ្វើ​​​ឲ្យ​​​យើង​​​ខឹង ហើយ​​​ប៉ះពាល់​​​ដល់​​​ការ​​​ប្រមូល​​​​អារម្មណ៍​​​របស់​​​យើង​​​​​​ផងដែរ​​​”៕សារុន​

The post កេរដំណែល​កីឡាប៉េតង់​នៅតែពេញ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា appeared first on ខេមបូឌា ដេលី.