អគ្គិភ័យ​ត្របាក់​ផ្ទះ​លក់​ពូក​ខ្នើយ កូន​ម្ចាស់ផ្ទះ​សរសៃប្រសាទ​ស្លាប់​ក្នុង​អណ្តាតភ្លើង

អគ្គិភ័យ​ត្របាក់​ផ្ទះ​លក់​ពូក​ខ្នើយ កូន​ម្ចាស់ផ្ទះ​សរសៃប្រសាទ​ស្លាប់​ក្នុង​អណ្តាតភ្លើង

ខេត្ត​ត្បូងឃ្មុំ ៖ លំនៅ​ឋាន​មួយ​កន្លែង​ធ្វើ​ពី​ថ្ម​ក្រោម លើ​ឈើ មាន​ទំហំ​៥​ម៉ែត្រ​គុណ​៩​ម៉ែត្រ ដែល​ប្រកប​របរ​លក់​ពូក​ខ្នើយ និង​របស់របរ​ផ្សេង​ៗ​ជា​ច្រើន​ទៀត នៅ​ភូមិ​លេខ​៤​កើត ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ បាន​ត្រូវ​អគ្គិភ័យ
លេប​ត្របាក់ កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ធ្នូ និង​បាន​ឆក់​យក​ជីវិត​កូនស្រី​ម្ចាស់ផ្ទះ​ម្នាក់​យ៉ាង​អាណោចអាធ័ម​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ថា នៅ​វេលា​រំលង​អធ្រាត្រ​នោះ ខណៈ​ម្ចាស់ផ្ទះ​កំពុង​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​មាន​ភ្លើង​ឆេះ​ទ្បើ​ង​ក្រហមរន្ទាល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច និង​អ្នកស្រុក​នាំ​គ្នា​ជួយ​អន្តរាគមន៍​ពន្លត់ ។

លោកស្នងការ​មាន​ប្រសាសន៍​បន្ត​ថា ផ្ទះ​ខាងលើ​នេះ​មាន​ម្ចាស់​ឈ្មោះ ហេង សុខ​ផល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទៅ​រត់​ម៉ូតូឌុប​នៅ​ឯ​រាជធានី​ភ្នំពេញ ប្រពន្ធ​ឈ្មោះ គី​ម សុខ​នី អាយុ​៥២​ឆ្នាំ​ដែរ និង​មានកូន​ស្រី​ឈ្មោះ ហេង ម៉ា​ឡែ​ន អាយុ​៣២​ឆ្នាំ មាន​ជំងឺសរសៃប្រសាទ និង​កូនប្រសា​ប្រុស​ឈ្មោះ លន់ ស៊ា​ង​ហាក់ អាយុ​៣៧​ឆ្នាំ ។ បន្ទាប់​ពី​មាន​អគ្គិភ័យ​កើតឡើង រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​មិន​បាន​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ផ្សេង​ទៀត​ទ្បើ​យ ។

តាម​អ្នក​ជិតខាង​និយាយ​ថា ពេល​មាន​អគ្គិភ័យ​កើត​ទ្បើ​ង​នោះ កូនប្រសា​ឈ្មោះ ស៊ា​ង ហាក់ មិន​បាន​នៅផ្ទះ​ទេ ហើយ​រហូត​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ភ្លើង​ក៏​បាន​រលត់​ទាំងស្រុង ក្រោម​កិច្ច​អន្តរាគមន៍​របស់​សមត្ថកិច្ច​និង​អ្នកស្រុក​រាប់រយ​នាក់ ។ បន្ទាប់​មក​ទើប​គេ​ដឹង​ថា កូនស្រី​ម្ចាស់ផ្ទះ​ដែល​កើត​ជំងឺសរសៃប្រសាទ​បាន​ស្លាប់​នៅ​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម​បំផុត ។ គេ​បាន​កត់​សម្គាល់ថា នា​ពេល​កន្លង​មក កូនស្រី​ដែល​មាន​ជំងឺសរសៃប្រសាទ​នេះ បាន​ព្យាយាម​ដុត​ផ្ទះ​ប៉ុន្មាន​ដង​ហើយ ប៉ុន្តែ​បាន​ប្តី​រួម​និង​ឪពុក​ម្តាយ​ឃាត់​ទាន់​ពេលវេលា ។

ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​លើ​កូនស្រី​ម្ចាស់ផ្ទះ​ជា​អ្នក​ដុត ។ លោក​វរសេនីយ៍ទោ លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ ប្រាប់​ឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​បុរស​ឈ្មោះ ស៊ា​ង​ហាក់ ជា​ប្តី​និង​ជា​កូនប្រសា បាន​ទៅ​ចូលរួម​ពិធី​ទ្បើ​ង​គេហដ្ឋាន​ថ្មី​របស់​អ្នក​ភូមិ នៅ​តែ​ប្រពន្ធ​និង​ម្តាយក្មេក​ប៉ុណ្ណោះ លុះ​វេលា​រំលង​អធ្រាត្រ​ស្រាប់តែ​មាន​គ្រោះ​អគ្គិភ័យ​កើត​ទ្បើ​ង​តែ​ម្តង ដោយ​លេប​ត្របាក់​ផ្ទះ​ហ្មត់ និង​ស្លាប់​ស្ត្រី​ជា​កូន ។ ស្ត្រី​ដែល​ស្លាប់​ក្នុង​ភ្លើង​នេះ​មិន​មានកូន​ទេ​៕