ទីផ្សារ​ឡើង​កម្តៅ Toyota បង្កើន​ការ​នាំ​រថយន្ត​ថ្មី​ប្រជែង​លើ​ទីផ្សារ


ទីផ្សារ​ឡើង​កម្តៅ Toyota បង្កើន​ការ​នាំ​រថយន្ត​ថ្មី​ប្រជែង​លើ​ទីផ្សារ

ស្ថានភាព​ទីផ្សារ​ចេះ​តែ​ឡើង​កម្ដៅធ្វើ​​ឲ្យ​ក្រុមហ៊ុន Toyota Cambodia បាន​បង្កើន​ការ​នាំ​ចូល​​រថយន្ត​ថ្មីៗ​បម្រើ​ទីផ្សារ​អ្នក​ប្រើប្រាស់​។ គិត​មក​ទល់​ពេល​នេះ Toyota បាន​នាំ​​រថយន្ត​ចំនួន ១០ ម៉ូដែល​សម្រាប់​លក់​លើ​ទីផ្សារ​កម្ពុជា ហើយ​ស៊េរី​ថ្មី​ចុងក្រោយ​គឺ Avanza និង VIOS។

 

ទីផ្សារ​ឡើង​កម្តៅ Toyota បង្កើន​ការ​នាំ​រថយន្ត​ថ្មី​ប្រជែង​លើ​ទីផ្សារ

 

លោក លី ប៊ុនហៃ នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន Toyota Cambodia បាន​ឲ្យ​ដឹង​ថា ការ​នាំ​រថយន្ត​ថ្មី​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​ក្រុមហ៊ុន​មើល​ឃើញ​នឹង​ជួយ​បង្កើន​ការ​គាំទ្រ​ពី​អតិថិជន​និង​រក្សា​ការ​នាំ​មុខ​លើ​គូ​ប្រកួតប្រជែង។

 

Toyota ជា​យីហោ​រថយន្ត​ដ៏​ពេញ​និយម​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​យីហោ​រថយន្ត​ថ្មី​ៗ​កំពុង​ប្រជ្រៀត​ចូល​ទីផ្សារ​ប្រជែង​ម៉ាក​រថយន្ត​ដ៏​ល្បី​របស់​របស់​ជប៉ុន​នេះ​ដូចជា​ក្រុមហ៊ុន Mazda, MG ជា​ដើម​ដែល​ធ្វើ​ឲ្យ​អតិថិជន​មួយ​ចំនួន​អាច​ងាក​ទៅ​រថយន្ត​ថ្មី​ក្នុង​ការ​ទិញ​យក​ទៅ​ប្រើប្រាស់។

 

លោក​ថា ស្ថានភាព​ទីផ្សារ​បច្ចុប្បន្ន​នេះ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង ការ​នាំ​រថយន្ត​ថ្មី​នឹង​ធ្វើ​ឲ្យ​អតិថិជន​មាន​ជម្រើស​កាន់​តែ​ច្រើន ដើម្បី​អាច​ស្វែង​រក​រថយន្ត​ដ៏​ល្អ​ដែល​សមស្រប​តាម​តម្រូវការ​និង​លទ្ធភាព​ទិញ​ប្រើប្រាស់​របស់​ពួកគេ។

 

លោក​លី ប៊ុនហៃ​ទទួល​ស្គាល់​ថា នៅ​ពេល​ទីផ្សារ​ជោរជន់​ដោយ​ម៉ាក​រថយន្ត​ថ្មី​តិច​ឬ​ច្រើន​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​លក់​របស់​ក្រុមហ៊ុន។

 

ទោះ​បី​បច្ចុប្បន្ន​ទីផ្សារ​មាន​ការ​ប្រជែង​ខ្លាំង ប៉ុន្តែ​ការ​លក់​រថយន្ត Toyota នៅ​តែ​មាន​កំណើន។ លោក​លី ប៊ុនហៃ បញ្ជាក់​ថា ការ​លក់​រថយន្ត Toyota នៅ​ទីផ្សារ​កម្ពុជា​មិន​មាន​ការ​ធ្លាក់​ចុះ​នោះ​ទេ។ យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​ពី​ទិន្នន័យ​សម្រាប់​ការ​លក់​រថយន្ត​នៅ​ទីផ្សារ​កម្ពុជា​នោះ​ទេ៕

 

ចុច​អាន៖ យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មី តូយ៉ូតា​អនុញ្ញាតិ​អតិថិជន​ទិញ​រថយន្ត​បង់​រំលស់

ចុច​អាន៖ Audi Q7 ស៊េរី ០១៦ ​តម្លៃ​ ១៤ ម៉ឺន​ដុល្លារប្រើ​សាំង​លក់​ប្រជែង​ហាង​នាំ​ចូល​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា