កូរ៉េ​នឹង​រៀបចំ​ព្រឹត្តិការណ៍ Korea Day for Cambodian Friends ជា​លើក​ទី​ពីរ នៅ​ថ្ងៃទី២០

ភ្នំពេញ៖ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ Korea Day for Cambodian Friends  ជា​លើក​ទី​ពី ចាប់ពី​ម៉ោង 8ព្រឹក​នៅ​ថ្ងៃទី20 ខែធ្នូ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ស្តា​ត​បាល់បោះ និង​ស្តា​ត​បាល់ទាត់ (National Olympic Stadium, Basketball Court and Football Stadium) សម្រាប់​កម្មករ កម្ម​ការ​នី​កម្ពុជា​ដែល​បំរើ​ការងារ​ក្នុង​ក្រុមហ៊ុន​សហគ្រាស​កូរ៉េ​នៅ​កម្ពុជា។

បើយោង​​តាមសេចក្តីប្រកាស​​​ព័ត៌មាន​របស់​​ទូត​កូរ៉េ​ប្រចាំ​​​​កម្ពុជា​ ព្រឹត្តិការណ៍នេះ រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់ក​ម្មករ កម្មការិនី​ខ្មែរ​ដែល​កំពុង​បំរើ​ការងារ​ក្នុង​ក្រុមហ៊ុន​កូរ៉េ​នៅ​ប្រទេស​កម្ពុជា បាន​ស្វែងយល់​បន្ថែម ឲ្យ​កាន់តែច្បាស់ និង​ស៊ីជម្រៅ​អំពី​កូរ៉េ។ ដូច​ឆ្នាំមុន​ដែរ ទូតកូរ៉េបញ្ជាក់ថា កម្មករ​កម្មការិនី​មកពី​ក្រុមហ៊ុន​កូរ៉េ​ចំនួន ៨ ប្រមាណ ១២០០​នាក់ បាន​ចុះឈ្មោះ​ចូលរួម​លេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍ Korea Day for Cambodian Friends ឆ្នាំ​ទី២ នេះ។ ពួកគេ​នឹងត្រូវ​បែង​ចែកជា ៨ក្រុមធំៗ ទៅតាម​ក្រុមហ៊ុន ដើម្បី​លេងល្បែង​អត្តពលកម្ម​នានា ដូចជា ទាញព្រ័ត្រ រត់​បណ្តាក់ បាល់ទះ និងវាយ​បាល់​ឡុង ជាដើម។

ក្រៅពីនេះ អ្នកចូលរួម​ទាំងអស់​ក៏​អាច​រីករាយ​កំសាន្ត​ជាមួយ​កម្មវិធី Korea Fun Fun ដែល​ស្ថានទូត​បានរៀបចំ​ឡើង​ដាច់ដោយឡែក​មួយ​ផ្សេងទៀត​ផងដែរ។ កម្មវិធី Korea Fun Fun ត្រូវបាន​បែង​ចែកជា​កម្មវិធីតូចៗជាច្រើន​ទៀត ដូចជា សួរ​សំណួរ​អំពី​កូរ៉េ ស្លៀក​សំលៀកបំពាក់​ប្រពៃណី​កូរ៉េ ហាន់​បុក រីករាយ​ជាមួយ​រូបភាព​សិ​ល្បះ​កូរ៉េ និង​ភ្លក់​រសជាតិ​ម្ហូប​កូរ៉េ ជាដើម។

កម្មវិធី​បើក​ព្រឹត្តិការណ៍ (Opening Ceremony) ខាងមុខនេះ នឹង​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព លោក គីម វ៉ុ​ន​ជីន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ លោក អ៊ុំ មាន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក ផាក ចង់​គឺ​ន ប្រធាន​សមាគមន៍​វាយ​ន​ភណ្ឌ​កូរ៉េ (Korean Garment Manufacturers Associations in Cambodia) ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ស្តា​ត​បាល់បោះ និង​ស្តា​ត​បាល់ទាត់។

តាមរយៈ​ព្រឹត្តិការណ៍​ខាងលើ ទូត​កូរ៉េ សង្ឃឹមថា កម្មករ កម្មការិនី​កម្ពុជា​ដែល​បំរើ​ការងារ​អោយ​ក្រុមហ៊ុន​រោងចក្រ​កូរ៉េ​ជាច្រើន នឹង​យល់ដឹង​អំពី​កូរ៉េ​បាន​ច្បាស់ និង​មាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​ជាមួយគ្នា​បន្ថែមទៀត។ ហើយក៏​សង្ឃឹមថា ចំណងមិត្តភាព​ដែល​ផ្តើមចេញពី​ពួកគេ​នឹង​ធ្វើអោយ​ទំនាក់ទំនង​កូរ៉េ-កម្ពុជា​កាន់តែ​រឹងមាំ​ឡើង​ថែមទៀត៕