បទល្មើស​ប្លន់​ប្រដាប់អាវុធ​កើតឡើង​យ៉ាង​រាលដាល​ដោយសារ​សមត្ថកិច្ច​ទន់​ខ្សោយ​

ថ្មីៗ​នេះ​អំពើ​ប្លន់​ប្រដាប់អាវុធ​បានកើត​ឡើង​យ៉ាង​រាលដាល​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកណ្ដាល ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និង​ខេត្ត​ត្បូងឃ្មុំ​ជាដើម ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នគរបាល​និង​កម្លាំង​កងរាជអាវុធហត្ថ​ទទួលបាន​លទ្ធផល​តិចតួច​បំផុត​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ព្រោះ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ហាក់ដូចជា​មិន​ខ្លាច​សមត្ថកិច្ច​ទាល់តែសោះ​។ នៅពេលដែល​បទល្មើស​ប្លន់​ប្រដាប់អាវុធ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​សមត្ថកិច្ច​តែម្តង ហើយ​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ​ជាបន្ទាន់​។

ប៉ុន្មាន​ថ្ងៃមុន​នេះ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ឲ្យ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្តកណ្ដាល ចុះ​ចេញពី​តំណែង​ដោយ​ខ្លួនឯង​ប្រសិនបើ​មិនអាច​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​បានទេ​នោះ​។ ការព្រមាន​របស់​សម្ដេច​ក្រឡាហោម ស ខេង ត្រូវបាន​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ព្រោះ​មកដល់ពេលនេះ​មានតែ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ទេ ដែល​វែកមុខ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​បាន​មួយចំនួន ចំណែក​លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្តពោធិ៍សាត់ និង​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល មិនទាន់​អាច​បំបែកសំណុំរឿង​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ដែល​ធើ្វ​សកម្មភាព​កាលពី​យប់​ថ្ងៃទី​១២ ខែធ្នូ នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា​គេ​គ្មាន​ជំនឿ​ថា លោក អ៊ា​វ ចំរើន និង​លោក សារុន ចាន់​ធី ចុះ​ចេញពី​តំណែង​ដោយ​ខ្លួនឯង​ឡើយ បើទោះបី​ពួកគាត់​គ្មាន​សមត្ថភាព​ក្នុងការ​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ក៏ដោយ​។

ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​មន្ត្រី​សង្គម​ស៊ីវិល​បាន​លើកឡើងថា មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​កើតមាន​អំពើ​ប្លន់​ប្រដាប់អាវុធ​យ៉ាង​រាលដាល​ក្នុងនោះ​ដូចជា បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​ជាដើម ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិនសូវ​គិតគូរ​បង្ក្រាប​បទល្មើស​ទាំង​នោះ​ប្រកបដោយ​ប្រសិទ្ធភាព​ទេ​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​នោះ គឺ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃុំ​-​សង្កាត់ ក៏ដូចជា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​និង​អធិការដ្ឋាន​នគរបាល​ស្រុក​មួយចំនួន មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះឡើយ​។ សូម្បីតែ​បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏​មិន​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​គ្រប់លំដាប់​ថ្នាក់​តាម​មូលដ្ឋាន មិន​យកចិត្តទុកដាក់​អនុវត្តន៍​ដែរ ហេតុនេះហើយ​ទើប​អំពើ​ប្លន់​ប្រដាប់អាវុធ ចោរឆក់ ចោរ​គាស់​ផ្ទះ ល្បែងស៊ីសង និង​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ឡើងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​៕

95លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល
96លោក សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់​