យោធា​ខ្មែរ​ការពារ​ព្រំដែន​តំបន់​ប្រាសាទព្រះវិហារ គួរ​បង្កើត​ការប្រុងប្រយ័ត្ន​

កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​នៃ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ ទាហាន​សៀម​កង​សូ​រៈណា​រី​មួយក្រុម​បាន​ជិះ​រថយន្ត​ម៉ាក​ហាំ​ម័​រ និង​រថយន្ត​ហ្ស៊ី​ប​ជាច្រើន​គ្រឿង ចូលមក​កាត់​សោ​ច្រវាក់​ច្រកចូល​ប្រាសាទព្រះវិហារ​យ៉ាង​គឃ្លើន​។ សកម្មភាព​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា ទាហាន​សៀម​កំពុងតែ​បង្កបញ្ហា​ជាថ្មីទៀត​នៅ​តំបន់​ប្រាសាទព្រះវិហារ​ក្រោយពេល​មាន​ភាពស្ងប់ស្ងាត់​មួយរយៈ​។ ក្រុមអ្នកតាមដាន​បញ្ហា​ព្រំដែន​កម្ពុជា​-​សៀម​បាន​លើកឡើងថា រហូតមកដល់​ពេលនេះ​សៀម​នៅតែមាន​មហិច្ឆតា​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទព្រះវិហារ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹ​ក នាយរង​សេនាធិការ​ចម្រុះ​និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បានដាក់​បទបញ្ជា​ឲ្យ​ទាហាន​នៅតាម​ព្រំដែន ជាពិសេស​នៅ​ប្រាសាទព្រះវិហារ​បាញ់ប្រហា​រ​ទាហាន​សៀម​ឬ​កង​ឈុតខ្មៅ ព្រមទាំង​ប៉ូលិស​សៀម​ទាំងឡាយណា​ដែល​ហ៊ាន​ចូលមក​កាត់​សោ​ច្រវាក់​ខ្លោងទ្វារ​ព្រំដែន​ប្រាសាទព្រះវិហារ​ជាថ្មីទៀត​នៅ​ថ្ងៃ​ណាមួយ​។ បទបញ្ជា​របស់លោក ស្រី ឌឹ​ក បាន​កើតឡើង​ក្រោយពេល​ទាហាន​សៀម​មួយក្រុម​បានធ្វើ​សកម្មភាព​រួចទៅហើយ ដូច្នេះ​មជ្ឈដ្ឋាន​នានា​សង្ឃឹមថា យោធា​ខ្មែរ​ការពារ​ព្រំដែន​តំបន់​ប្រាសាទព្រះវិហារ នឹង​បង្កើន​ការប្រុងប្រយ័ត្ន​មិន​បណ្ដោយ​ឲ្យ​ទាហាន​សៀម​រំលោភ​លើ​អធិបតេយ្យភាព​ទឹកដី​ខ្មែរ​យ៉ាង​គឃ្លើន​តទៅទៀត​ឡើយ​។

សូមបញ្ជាក់ថា ទ្វារ​ដែក​ដែល​ត្រូវ​ទាហាន​សៀម​ចូលមក​កាត់​សោ​ច្រវាក់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​នោះ គឺ​ស្ថិតនៅ​ប៉ែក​ខាងជើង​ជណ្ដើរ​ប្រាសាទព្រះវិហារ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ ហើយ​ទ្វារ​ដែក​នោះ​ស្ថិតនៅលើ​អូរ​មាន​ស្ពានឈើ​មួយ​ផងដែរ​។ ទោះជា​យ៉ាងណា​មន្ត្រី​យោធា​កងពលធំ​អន្តរាគមន៍​លេខ​៣​ប្រចាំ​ទិស​ប្រាសាទព្រះវិហារ​បាន​ឲ្យ​ដឹងថា មាន​ទាហាន​សៀម​ឈុតខ្មៅ​២​នាក់​បាន​យក​សោ​មកចាក់​ខ្លោងទ្វារ​ដែក​វិញ​ហើយ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​។ យ៉ាងណាក៏ដោយ​មជ្ឈដ្ឋាន​នានា​បាន​ចាត់ទុកថា ភាគី​សៀម​កំពុង​បង្ហាញ​ចេតនា​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​ងងើល ដូច្នេះ​យោធា​ខ្មែរ​ការពារ​ព្រំដែន​តំបន់​ប្រាសាទព្រះវិហារ គួរ​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង​កុំ​ឲ្យ​បន​សៀម​ឈ្លានពាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​៕

Pic33 Pic34