ស្ពាន​ទ័ព​ជា​ស្ពាន​បុរាណ​វែង និង​ធំ​ជាង​គេ​បង្អស់​បន្សល់​ទុក តាំង​ពី​សម័យ​ចក្រភព​អង្គរ

ស្ពាន​ទ័ព​ជា​ស្ពាន​បុរាណ​វែង និង​ធំ​ជាង​គេ​បង្អស់​បន្សល់​ទុក តាំង​ពី​សម័យ​ចក្រភព​អង្គរ

ស្ថានទ័ព ឬ​ស្ពានអូរជីក ជា​ស្ពាន​បុរាណ​វែង​ជាង​គេ និង​ធំ​ជាង​គេ​បង្អស់​នៅ​ស្រុក​ខ្មែរ ដែល​បាន​បន្សល់​ទុកតាំង​ពី​សម័យ​ចក្រភព​អង្គរ  ប៉ុន្តែ​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដូច​ស្ពាន​កំពង់ក្តី​នោះទេ។ ស្ពានទ័ព ឬ ស្ពាន​អូរជីក​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជើង​ទៀន ឃុំជើង ទៀន ស្រុក​ចុង​កាល់​ខេត្ត​ឧត្តរ​មាន​ជ័យ​ ដែល​មាន​ទី​តាំង​ជាប់​នឹង​ព្រំ​ប្រទល់​នៃ​ខេត្តសៀមរាប។

 

ស្ពាន​នេះ​ជា​ស្ពាន​ចាស់​បុរាណ​មួយ​ដែល​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​ស្ទើរតែ​ទាំង​អស់​លើកលែង​តែ​បង្កាន់​ដៃ​នាគ និង​ជើង​ទម្រ ដែល​ធ្វើ​ពី​ថ្មភក់។ សព្វថ្ងៃនេះ បង្កាន់​ដៃ​នាគ និង​ជើង​ទម្រ​នៅ​សល់តែ​ផ្នែក​ខ្លះៗ​តែ​ប៉ុណ្ណោះ​ ចំណែក​ឯ​សសរ​ជើង​ស្ពាន​ខ្លះ​ទទួល​ការ​សឹក​រេច​រឹល​ផងដែរ។

 

ស្ពាន​ទ័ព​ជា​ស្ពាន​បុរាណ​វែង និង​ធំ​ជាង​គេ​បង្អស់​បន្សល់​ទុក តាំង​ពី​សម័យ​ចក្រភព​អង្គរ

 

ស្ពាន​នេះ​មាន​បណ្ដោយ​ប្រវែង​ប្រមាណ​ជា ១៤៩ ម៉ែត្រ​ទទឹង​ប្រមាណជា ១៥,៥០ ម៉ែត្រ កម្ពស់​ប្រហែល ១០ ម៉ែត្រ ពី​ផ្ទៃដី​ និង​រន្ធ​បង្ហូរ​ទឹក​ចំនួន ៣៥ ដែល​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទជ័យវរ័ន្មទី ៧ ក្នុងចន្លោះ​សតវត្សរ៍ទី ១២ និងទី ១៣ នៃគ.ស។ ស្ពាននេះ​ត្រូវ​បានចាត់ទុកថា មាន​ប្រវែង​វែង​ជាង​គេ​បង្អស់​នៅ​ក្នុង​ចំណោម ស្ពាន​បុរាណ​នានា​ជាង ១០០ ដែល​គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

កាល​ពី​សម័យ ដែល​រាជធានី​អង្គរ​ជា​មណ្ឌល នៃ​ចក្រភព​អង្គរ​ដ៏​ធំមួយ​នេះ​ទីតាំង​សំខាន់ៗ​ជិត ឬ​ឆ្ងាយ​តែងតែ​ភ្ជាប់​ខ្លួន​មក​មណ្ឌល​នេះ​តាម​បណ្តាញ​គមនាគមន៍​ស្អេកស្កះ។ ក្នុងនោះ​មាន​ផ្លូវ​ថ្នល់​តូចធំ ស្ពាន។ល។ ឧទាហរណ៍​ផ្លូវ​ចេញ​ពី​អង្គរ​ទៅ​សម្បូរណ៍​ព្រៃគុក (ឦសាន្ត​បុរ:) ដោយ​កាត់​តាម​រលួស (ហរិហរាល័យ) និង កំពង់ក្តី (ដូចជា​ស្ពាន​កំពង់ក្តី)។

 

ឧទាហរណ៍​មួយ​ទៀត​ គឺផ្លូវ​ដែល​ចេញ​ពី​អង្គរ​ទៅ​វាល​ទំនាប​មេណាម ជាពិសេស កាត់​តាម​ចំណុច​ប្រាសាទ​ស្តុក​កក់ធំ (ខេត្ត ស្រះកែវ ប្រទេស​ថៃ​សព្វថ្ងៃ)។ ស្ពានទ័ព ឬ​ស្ពាន​អូរជីក​នេះ​ឆ្លងកាត់​មកពី​ខាង​លើ​ភូមិ​រមៀត ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរ​មានជ័យ​រហូតមកទល់​ស្ទឹង​ក្រឡាញ់​ខេត្តសៀមរាប។

 

ស្ពាន​នេះ​មិនមែន​ជាស្ពាន​កាត់​តាមផ្លូវ​បុរាណ​តែមួយ​នៅតំបន់​នោះទេ។ បើ​សិន​យើង​ធ្វើដំណើរ​តាម​តម្រាយ​នៃ​ផ្លូវ​បុរាណ​ចេញ​ពី​អង្គរ​កាត់​ឃុំ​អង្គរ​ភាស​ស្រុក​ពួកបន្ត មក​ភូមិ​គោគ​ខ្ជាយ​ខាងជើង កាត់​ខាងជើង​ភូមិ​គោគជ្រៃ ឃុំ​សសរ​ស្តម្ភ ខេត្ត​សៀមរាប យើង​នឹង​ឃើញ​មាន​ផ្លូវ​បែក​ជាពីរ។ ផ្លូវ បុរាណ​ខ្សែ​ទី ១​ បែក​ទៅ​ឃុំ​ជន្លាស់ដៃអន្លង់ ស្វាយ ស្រុក​ក្រឡាញ់​តភ្ជាប់​ទៅ​ឃុំ​ស្ពាន​ស្រែង (មានស្ពាន​ថ្ម​បុរាណ មួយ​វែង) កាត់​ស្ទឹង​ស្រែង​ឃុំ​ស្រះជីក ភ្ជាប់​ទៅ​ឃុំ ប៉ោយចារ (មាន​ស្ពាន​ថ្ម​បុរាណ​មួយ​វែង​នៅ​ជិត​ទំនប់​អាង​ត្រពាំងថ្ម) នៃ​ស្រុក​ភ្នំ​ស្រុក​បន្ត​ទៅ​ស្រុក​ថ្មពួក ស្រុក​ស្វាយចេក និង​បន្ត​រហូត​ដល់​ប្រាសាទ​បន្ទាយឆ្មារ​ខេត្តបន្ទាយ​មានជ័យ ហើយ​ចុង​ក្រោយ​ភ្ជាប់​ទៅ​ប្រាសាទ​ភីម៉ៃ (បច្ចុប្បន្ន​ប្រទេសថៃ) ឬ​អាច​ទៅ សុខោទ័យ។

 

ចំណែក​ឯ​ផ្លូវ​បុរាណ​ខ្សែទី ២ ដែល​គេ​អះអាង​ថា សំដៅ​ទៅ​ភ្នំ​ដង​រ៉ែក​តទៅ​ប្រាសាទ​ភ្នំរូង (ខេត្តបូរីរាំ ប្រទេស ថៃ) ឬ​តភ្ជាប់​បន្ត​ទៅ​ប្រាសាទ​ភីម៉ៃ​ ឬ​បន្ត​ទៅ​សុខោទ័យ។ ផ្លូវ​នេះ​កាត់​តាម​ភូមិ​ខ្នារ​រ៉ឹល ឃុំសែនសុខ​ឆ្ពោះ​ទៅ​កាន់​ខាងកើត ស្រុក​ស្រីស្នំ កាត់​តាម​ឃុំស្ពាន​ស្រែង ឬ​ភូមិ​ចំការចេក ហើយ​សំដៅ​ទៅ​ខាង​កើត​ឈៀង​ខាង​ជើង​ភូមិត្រុំ (ដែល​មាន​អាង​បុរាណ​មួយ​នៅក្បែរ​អូរជីក​អ្នក​ភូមិ​ហៅថា​ស្ទឹង​អូរ​ជីក) ស្រុក​ស្រី​ស្នំ​ខេត្ត​សៀមរាប ឈម​នឹង​ភូមិ​ជើង​ទៀន ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរមានជ័យ។   បច្ចុប្បន្ន​ទីតាំង​នៃ​ស្ពានទ័ព ឬ​ស្ពាន​អូរជីក​នេះ​គ្រប​ដណ្ដប់​ទៅ​ដោយ​តំបន់​ព្រៃ​ឫស្សី និង​មានព្រៃឈើ ធំ តូច​ដុះ​ក្បែរ​មាត់​ផ្លូវ​ដែល​មាន​ម្លប់​ត្រឈឹង​ធ្វើ​ឲ្យ​ស្ពាន​មាន​ភាព​ស្ងប់ស្ងាត់។

 

នៅ​ពេល​រដូវ​ប្រាំង​ស្លឹក​ឈើ​រុះ​រោយ​ធ្លាក់​ទៅលើ​ដងផ្លូវ ហើយ​មាន​ស្លឹកថ្មី​លាស់​ដ៏ខៀវ​ស្រងាត់​នៅពេល​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​មាន​សត្វរ៉ៃយំកំដរ ដែល​ធ្វើ​ឲ្យ​មាន​សភាពភ័យ​ខ្លាច​នៅពេលដើរ​ម្នាក់​ឯង ហើយ​នៅក្នុង​ប្រឡោះ នៃស្ពាន​សម្រាប់​ទឹក​ហូរ​មាន​ភាពស្ងាត់​ជ្រងំ​មើល​មិន​ឃើញ​អ្វីសោះ ប៉ុន្តែ​នៅ​ពេល​រដូវវស្សា​ទឹក​ឡើង​ពេញ​រន្ធ​ស្ពាន។

 

នៅ​ពេល​រដូវ​ភ្ជុំ​បិណ្ឌ​ប្រជាជន​ប្រុស-ស្រី​នៅ​តំបន់​នោះ​តែង​ធ្វើដំណើរ​ទៅ​ទស្សនា​ទេសភាព​មាត់ស្ពាន​ហើយ​បន្តទៅ​លេង​ស្ទឹង​អូរជីក​យ៉ាង​ច្រើនកុះករ។ អ្នក​ស្រុកភូមិ​នៅតែ​មានជំនឿ​ទៅលើខ្មោច​ព្រាយ​អ្នកតា ដែល​ថែរក្សា​ទីស្ថាន​បុរាណ ហើយ​ស្ពាននេះ​មានសភាពកាន់តែ​ស្ងាត់​ជាងមុន​ដោយសារតែ​គេមាន​ផ្លូវថ្មី​សម្រាប់​វាង​ស្ពានបុរាណនេះ។ នៅខាង ត្បូង​នៃស្ពាន​មានដើមឈើ​ខ្ពស់​ស្រោងៗ​បែកមែក​សាខា​នៅក្រោម​ដើមឈើ​មាន​ខ្ទមខ្មោច​ដែលគ្មាន​ញាតិមិត្ត​យកទៅធ្វើ​បុណ្យ​ឡើយ​ដែលពួក​អ្នកស្រុក​ហៅថា ខ្មោច​តៃហោង ហើយ​នៅ​ខាងជើង​ស្ពានក៏​មាន​ដើមពោធិ៍ ដែល​អ្នកភូមិ​មានជំនឿថា​សម្បូរទៅ​ដោយព្រាយ​បិសាច។ នៅក្បែរ​នោះ​មានអូរមួយ​ប្រជាជន​តែងតែ​ហៅ អូរជីកៗ​ដែល​មានប្រវែង​ប្រមាណជា ២គីឡូម៉ែត្រ។

 

នៅក្បែរ​ដើមពោធិ៍​មាន​សាលា​ឆទាន​មួយ​សម្រាប់​អោយ​អ្នក​ដំណើរ​សម្រាក កាល​ពីសម័យ​សង្គ្រាម​តំបន់នេះ គឺ​ជាបន្ទាយ​ទាហាន៕

អត្ថបទ លោក វិសិទ្ធ
ប្រភព៖ KhmerDaily