ស៊ុត​សតវត្ស អាហារ​ល្បី​នៅ​​ហុង​កុង និង​ប្រទេស​មួយ​ចំនួន​​នៅ​អាស៊ី​អាគ្នេយ៍​

ស៊ុត​សតវត្ស អាហារ​ល្បី​នៅ​​ហុង​កុង និង​ប្រទេស​មួយ​ចំនួន​​នៅ​អាស៊ី​អាគ្នេយ៍​

ស៊ុត​សតវត្ស​ បាន​ក្លាយ​​ជា​អាហារ​ពេញ​និយម​មួយ​​ នៅ​ក្នុង​​ទីក្រុង​ហុងកុង នៅ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍។ ស្រប​ពេល​ដែល​អ្នក​ទេស​ចរ​​​​​ពី​បណ្ដា​ប្រទេស​​មួយ​ចំនួន​មិន​ទាន់​បាន​ដឹង ​និង​ស្គាល់​អំពី​អាហារ​មួយ​ប្រភេទ​នេះ សារព័ត៌មាន​ BBC ក៏​បាន​​រៀប​រាប់​​ និង​បង្ហាញ​ពី​អាហារ​ប្រចាំ​ត្រកូល​របស់​អ្នក​ក្រុង​ហុង​កុង​​មួយ​នេះ។ ​​

 

ស៊ុត​សតវត្ស អាហារ​ល្បី​នៅ​​ហុង​កុង និង​ប្រទេស​មួយ​ចំនួន​​នៅ​អាស៊ី​អាគ្នេយ៍​
 

 
​ទោះ​ជា​មាន​ឈ្មោះ​ថា​ស៊ុត​សតវត្ស ប៉ុន្តែ​​​ស៊ុត​ទាំង​នោះ​មិន​មែន​​​គេ​ទុក​ជា​ច្រើន​រាប់​សតវត្ស​នោះ​ទេ។ ស៊ុត​សតវត្ស ឬ​​​ស៊ុត​ខ្មៅ​​ប្រៃ​ ដែល​គេ​​​ធ្វើ​ឡើង​ដោយ​កប់​​វា​ក្នុង​​តែ​ខ្មៅ ផេះ អំបិល ម្សៅ​កាល់ស្យូម​អុកស៊ីត​ ឬ​កន្ទក់​ក្នុង​រយៈ​ពេល​ ៧​សប្ដាហ៍ ទៅ​ ៥​ខែ ដែល​នឹង​ក្លាយ​ជា​ស៊ុត​ ដែល​គេ​អាច​រក្សា​វា​ទុក​បាន​យូរ និង​បង្កើត​ជា​រស​ជាតិ​​ឆ្ងាញ់​សម្រាប់​​អ្នក​ក្រុង​ហុងកុង។ ​​
 

មាន​ដំណើរ​រឿង​​ដែល​គេ​និយាយ​ត​ៗ​គ្នា​​ពី​ ស៊ុត​សតវត្ស​នោះ​​ថា គឺ​​មាន​បុរស​កសិករ​ម្នាក់ បាន​រក​ឃើញ​ថា​ស៊ុត​ទា​របស់​គាត់​ដែល​បាន​​កប់​ក្នុង​ទឹក​ភក់​​ ក្រោយ​ពេល​ដែល​​ទា​របស់​គាត់​បាន​ពង​ដាក់​នៅ​ទី​នោះ មាន​​រសជាតិ​ប្លែក​ពី​ធម្មតា។ តាមអ្នក​វិទ្យាសាស្ត្រ​​ជា​ច្រើន បាន​​សន្និដ្ឋាន​ឲ្យ​ដឹង​ថា ស៊ុត​សតវត្ស​​​​​ គឺ​បាន​កើត​ឡើង​​ជាង​៥០០​ឆ្នាំ​មក​ហើយ នៅ​ប្រទេស​ចិន ក្នុង​រជ្ជកាលរាជ​វង្ស មីង (Ming) ដែល​គេ​​​បាន​ធ្វើ​វា​ឡើង ជា​អាហារ​ទុក​ញ៉ាំ​បាន​យូរ ហើយ​វិធី​នោះ​បាន​រក្សា​​ទុក​ជាប់​រហូត​មិន​មាន​ប្រែ​ប្រួល​អ្វី​ឡើយ។
 

ស៊ុត​សតវត្ស អាហារ​ល្បី​នៅ​​ហុង​កុង និង​ប្រទេស​មួយ​ចំនួន​​នៅ​អាស៊ី​អាគ្នេយ៍​
 
 

​​​​​ស៊ុត​សតវត្ស មាន​ឈ្មោះ​ច្រើន ដែល​គេ​អាច​ហៅ​វា​ថា ស៊ុត​មួយ​រយ​ឆ្នាំ ឬ​ស៊ុត​មួយ​ពាន់​ឆ្នាំ ដែល​គេ​រក​ទិញ​វា​បាន​នៅ​តាម​ហាង​ជា​ច្រើន ជា​ពិសេស​ភោជនីយដ្ឋាន​​ចិន និង​នៅ​តាម​កន្លែង​លក់​ដូរ​​តូច​តាច​ជា​ច្រើន។ ស៊ុត​​ ដែល​មាន​សាច់​ពណ៌​ត្នោត​ និង​ស្នូលខាង​ក្នុង​ពណ៌​​បៃតង​ស្រាល គឺ​មាន​​រស​ជាតិ ខារ​មុត និង​​​មាន​​ក្លិន​​ ដូច​ដែល​អ្នក​ក្រុង​ហុង​កុង​ហៅ​ថា “ស៊ុត​ទឹក​នោម​សេះ” ។
 

គេ​អាច​ចម្អិន​ស៊ុត​សតវត្ស​ ជា​​ម្ហូប​ផ្សេង​ៗ ជា​នំ​ ជា​ពិសេស​គេ​ចូល​ចិត្ត​ញ៉ាំ​វា​​ជា​មួយ​បបរ។ “ខ្ញុំ​ចាំ​​ថា ពេល​នោះ​ឪពុក​របស់​ខ្ញុំ​បាន​យក​ស៊ុត​សតវត្ស​មក​បង្ហាញ​ខ្ញុំ។ ដំបូង​ខ្ញុំ​​ប្រតិកម្ម​នឹង​ក្លិន​អាក្រក់​​របស់​វា​មែន​ទែន តែ​ក្រោយ​មក​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ចូល​ចិត្ត​វា។ ម្ដាយ​ខ្ញុំ​ បាន​ចម្អិន​ស៊ុត​សតវត្ស​ដាក់​ក្នុង​បបរ លាយ​ជា​មួយ​ស្បែក​ និង​​សាច់​ជ្រូក​​មិន​ជាប់​ខ្លាញ់។ ពេល​នោះ​ខ្ញុំ​ងាយ​ស្រួល​ញ៉ាំ​មែន​ទែន”។ នេះ​ជា​សម្ដី​​អ្នក​ក្រុង​ហុង​កុង​ វ័យ​៥៥​ឆ្នាំ​ម្នាក់ ឈ្មោះ CL Chan ។
 

ស៊ុត​សតវត្ស អាហារ​ល្បី​នៅ​​ហុង​កុង និង​ប្រទេស​មួយ​ចំនួន​​នៅ​អាស៊ី​អាគ្នេយ៍​
 
 

​​គេ​អាច​​រក​ឃើញ​​ ស៊ុត​សតវត្ស នៅ​ក្នុង​បញ្ជី​មុខ​ម្ហូប​ជា​ច្រើន​ក្នុង​ភោជនីយដ្ឋាន​ នៅ​ហុងកុង ចំណែក​នៅ​អាស៊ី​អាគ្នេយ៍​វិញ គេ​អាច​រក​ស៊ុត​សតវត្ស​​មាន​នៅ​ផ្សារ​​ប្រទេស​មួយ​ចំនួន ជា​ពិសេស​​​​ប្រទេស​ថៃ​៕
 

ស៊ុត​សតវត្ស អាហារ​ល្បី​នៅ​​ហុង​កុង និង​ប្រទេស​មួយ​ចំនួន​​នៅ​អាស៊ី​អាគ្នេយ៍​

 
ស៊ុត​សតវត្ស អាហារ​ល្បី​នៅ​​ហុង​កុង និង​ប្រទេស​មួយ​ចំនួន​​នៅ​អាស៊ី​អាគ្នេយ៍​

 
ស៊ុត​សតវត្ស អាហារ​ល្បី​នៅ​​ហុង​កុង និង​ប្រទេស​មួយ​ចំនួន​​នៅ​អាស៊ី​អាគ្នេយ៍​

 
ចុចអាន៖ មើល​ពន្លឺ​ព្រះ​អាទិត្យ​ជំនួស​ការ​​ញ៉ាំ​អាហារ​ ជា​វិធី​សម្រក​ទម្ងន់​ថ្មី​របស់​នារី​ហុងកុង​
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC