អាវុធហត្ថ​ប៉ោយប៉ែត ឃាត់ខ្លួន​មនុស្ស​៦​នាក់ ពីបទ​ប្លន់​និង​ប៉ុនប៉ង​រំលោភ​នារី​ម្នាក់​

​ប៉ោយប៉ែត​: កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ប្រុស​ស្រី​៦​នាក់  ក្នុងករណី​ដោះយក​គ្រឿងអលង្ការ និង​ប៉ុនប៉ង​រំលោភ​បុគ្គលិក​កាស៊ីណូ​ម្នាក់ តែ​មិនបាន​សម្រេច ខណៈ​រូបនាង​ចេញពី​ធ្វើការ ត្រឡប់ទៅផ្ទះ កាលពី​វេលា​ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥​។​

​ជនរងគ្រោះ ឈ្មោះ ស៊ីណា ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​នៅ​មុនពេល​កើតហេតុ នាង​បាន​ចេញពី​ធ្វើការ នៅវេលា​ម៉ោង ៣ ទៀបភ្លឺ សំដៅ​មក​ផ្ទះ ដោយ​ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​លិច​មក​កើត​។ មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ក្មេងស្ទាវ​មួយក្រុម បាន​ស្ទាក់ផ្លូវ​នាង រួច​អូស​នាង ចូល​អគារ​បាក់បែក ស្ថានីយ​រថភ្លើង​ចាស់ រួច​ក៏បាន​ដោះ​គ្រឿង​អលង្ការ​របស់​នាង​អស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​នេះ​បង្ខំ​ឲ្យ​នាង​ប្រើប្រាស់​គ្រឿងញៀន ហើយ​មាន​បុរស​២​នាក់ ក៏បាន​ចាប់​ហែក​សម្លៀកបំពាក់​នាង ប៉ុនប៉ង​រំលោភ និង​គំរាម​សម្លាប់​ទៀតផង​។ តែ​សំណាងល្អ ពេលនោះ​នាង​រត់​រួច ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង ពី​ជនរងគ្រោះ​ភ្លាម កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ប៉ោយប៉ែត ក៏បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ញៀន​ថ្នាំ បែកគំនិត​ប្លន់ និង​ប៉ុនប៉ង​រំលោភ នារី​រងគ្រោះ​ខាងលើ​បាន​ចំនួន ៦​នាក់ ក្នុងនោះ​ប្រុស​៥​នាក់ និង​ស្រី​ម្នាក់ យកទៅ​សាកសួរ នៅ​មូលដ្ឋាន​
​កងរាជអាវុធហត្ថ ក្រុង​ប៉ោយប៉ែត ដើម្បី​ចាត់ការ​តាមច្បាប់​៕V​/S

អាវុធហត្ថ​ប៉ោយប៉ែត ឃាត់ខ្លួន​មនុស្ស​៦​នាក់ ពីបទ​ប្លន់​និង​ប៉ុនប៉ង​រំលោភ​នារី​ម្នាក់​